អាមេរិក កូរ៉េខាងត្បូង ជប៉ុន ពិភាក្សាគ្នាដាក់ទណ្ឌកម្មទីក្រុងព្យុងយ៉ាង

0
194

ដើម្បីជំរុញលើកទឹកចិត្តជាអន្តរជាតិក្នុងការដាក់ទណ្ឌកម្មប្រឆាំងកម្មវិធីមីស៊ីល និងអាវុធនុយក្លេអ៊ែររបស់ទីក្រុងព្យុងយ៉ាងនោះ កាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៧ មន្ត្រីជាន់ខ្ពស់របស់អាមេរិក កូរ៉េខាងជើងត្បូង និងជប៉ុនបានចាប់ផ្តើមជួបពិភាក្សាគ្នា ។

រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោនស្វះស្វែងឲ្យមានជំនួបពិភាក្សានេះឡើងភ្លាមៗ បន្ទាប់ពីអង្គការសហប្រជាជាតិបានចេញព្រមានថា កូរ៉េខាងជើងបានបំពារបំពានទៅលើទណ្ឌកម្មដែលមានតាំងពីពេលមុនមកនោះ ហើយនិងក្រោយពេលដែលប្រមុខការទូតចិនបានជួបពិភាក្សាគ្នាជាមួយមន្ត្រីជាន់ខ្ពស់អាមេរិកនៅទីក្រុងវ៉ាស៊ីនតោន ។

តំណាងពិសេសអាមេរិកទទួលបន្ទុកគោលនយោបាយកូរ៉េខាងជើង លោក Joseph Yun បានជួបជាមួយមន្ត្រីការទូតជាន់ខ្ពស់ជប៉ុន Kenji Kanasugi និងតំណាងពិសេសកូរ៉េខាងជើងត្បូង លោក Kim Hong-kyun នៅឯក្រសួងការបរទេស ។

សេចក្តីប្រកាសរួម ប្រទេសទាំងបី​បានថ្កោលទោសកូរ៉េខាងជើង ដែលធ្វើមិនដឹងមិនឮចំពោះសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ហាមប្រាមប្រទេសនេះអភិវឌ្ឍក្បាលគ្រាប់នុយក្លែអ៊ែរ ក៏ដូចបាញ់សាកល្បងកាំជ្រួចមីស៊ីលជាបន្តបន្ទាប់មកនោះ ។

សេចក្តីប្រកាសរួម ប្រទេសទាំងបីបានជំរុញឲ្យមានវិធានការជាអន្តរជាតិដ៏ខ្លាំងក្លាបន្ថែមទៀតចំពោះរបបកូរ៉េខាងជើង និងបានអំពាវនាវឲ្យបណ្តាប្រទេសផ្សេងទៀតចូលរួមអនុវត្តកាតព្វកិច្ចរបស់ខ្លួនឲ្យបានពេញលេញស្របតាមសេចក្តីសម្រេចរបស់អង្គការសហប្រជាជាតិ ។

ប្រទេសចិន ដែលជាដៃគូពាណិជ្ជកម្មដ៏លើសលុបតែមួយគត់ជាមួយទីក្រុងព្យុងយ៉ាង ត្រូវបានគេអំពាវនាវឲ្យបង្កើនសកម្មភាពខ្លាំងក្លាបន្ថែមទៀត ក្រោយពេលអ្នកជំនាញអង្គការសហប្រជាជាតិចេញរបាយការណ៍ថា កូរ៉េខាងជើងបានបំពានលើទណ្ឌកម្មក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ។

ទោះបីយ៉ាងណា ក្រុមប្រឹក្សារដ្ឋចិន លោក Yang Jiechi បានឆ្ពោះទៅកាន់សេតវិមានដើម្បីជួបជាមួយទីប្រឹក្សានយោបាយជាន់ខ្ពស់នៃប្រធានាធិបតីដូណាល់ ត្រាំ ។

លោក Yang Jiechi មានគម្រោងជួបជាមួយរដ្ឋមន្ត្រីការបរទេសអាមេរិក Rex Tillerson នៅថ្ងៃទី១ ខែមីនា ។

កាលពីថ្ងៃទី២៧ ខែកុម្ភៈ កន្លងទៅនេះ សហភាពអឺរ៉ុបបានពិភាក្សាលើវិធានការតឹងរ៉ឹងបន្ថែមទៀតក្នុងជំនួញធ្យូងថ្ម និងរ៉ែដែក ដែលហាមប្រាមទៅកាន់ប្រទេសកូរ៉េខាងជើង ។

សេចក្តីថ្លែងការណ៍រួម អាមេរិក ជប៉ុន និងកូរ៉េខាងត្បូង បញ្ជាក់ថា ភាគីទាំងបីព្រមពៀងកាត់ផ្តាច់ប្រភពចំណូលទាក់ទងកម្មវិធីនុយក្លេអ៊ែរកូរ៉េខាងជើង ជាពិសេសសកម្មភាពខុសច្បាប់ ។

ចិន និងអាមេរិកបានព្រួយបារម្ភចំពោះបញ្ហាអាវុធនុយក្លេអ៊ែររបស់ទីក្រុងព្យុងយ៉ាង ប៉ុន្តែគម្រោងពិភាក្សាឈានដល់ការដាក់ទណ្ឌកម្មបន្ថែមទៀតនោះ ទំនងជាធ្វើឲ្យមានអស្ថិរភាពនៅកូរ៉េខាងជើង ជាពិសេសបញ្ហាស្បៀង និងជនភៀសខ្លួន ។

កាលពីដើមខែកុម្ភៈ ទីក្រុងប៉េកាំងបានសម្រេចផ្អាកនាំចូលធ្យូងថ្មពីកូរ៉េខាងជើង ដែលជាសកម្មភាពមួយត្រូវគេមើលឃើញថា ជាការបញ្ចៀសបានពីការរិះគន់ និងជំរុញឲ្យកូរ៉េខាងជើង និងសហរដ្ឋអាមេរិកជួបពិភាក្សាគ្នា​។

ចិនបានច្រានចោលការលើកឡើងរបស់អាមេរិកផងដែរថា ខ្លួនមិនបានខិតខំប្រឹងប្រែងនៅក្នុងការអនុវត្តទណ្ឌកម្មទៅលើកូរ៉េខាងជើង ។ ចិនបានបញ្ជាក់ថា ទីក្រុងវ៉ាស៊ីនតោនឯណោះវិញទេ ជាអ្នកដែលមានជម្លោះយ៉ាងស្រួចស្រាវជាមួយទីក្រុងព្យុងយ៉ាង ។

ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ​បានដាក់ទណ្ឌកម្មកូរ៉េខាងជើងចំនួន៦ចំណុច ចាប់តាំងពីប្រទេសនេះសាកល្បងគ្រាប់បែកបរមាណូដំបូងគេបង្អស់នៅក្នុងឆ្នាំ២០០៦ ។

មេដឹកនាំឯកោកូរ៉េខាងជើង គីម ជុងអ៊ុន នៅតែផ្គើននឹងទណ្ឌកម្មទាំងនោះ ហើយបានបាញ់សាកល្បងមីស៊ីលជាបន្តបន្ទាប់ ក្នុងនោះនៅឆ្នាំ២០១៦ កូរ៉េខាងជើងបាញ់សាកល្បងគ្រាប់បែកបរមាណូ២លើក ។

មហាអំណាចបានដាក់បន្ទុកថា របបកូរ៉េខាងជើងជាអ្នកដែលនាំសារធាតុពុល VX nerve agent ដែលហាមឃាត់ទៅកាន់ប្រទេសម៉ាឡេស៊ីសម្លាប់បងប្រុសមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងណាម កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៧ ខណៈកំពុងស្ថិតក្នុងអាកាសយានដ្ឋានទីក្រុងគូឡាឡាំពួរ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here