រុស្ស៊ី ចិនប្រឆាំងការដាក់ទណ្ឌកម្មអង្គការសហប្រជាជាតិទៅលើប្រទេសស៊ីរី

ប្រទេសរុស្ស៊ី និងចិនបានប្រឆាំងជំទាស់សេចក្តីសម្រេចរបស់អង្គការសហប្រជាជាតិដែលដាក់ទណ្ឌកម្មទៅលើរដ្ឋាភិបាលស៊ីរីដោយចោទប្រកាន់ថា បានប្រើប្រាស់អាវុធជីវសាស្ត្រ ។

នេះជាលើកទី៧ហើយដែលរុស្ស៊ីបានប្រឆាំងទៅលើដំណោះស្រាយក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិដើម្បីការពាររដ្ឋាភិបាលស៊ីរី ។

ប្រទេសចិនក៏បានបោះឆ្នោតប្រឆាំង៦លើកទៅលើដំណោះស្រាយក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិពាក់ព័ន្ធប្រទេសស៊ីរី ចាប់តាំងពីប្រទេសនេះផ្ទុះសង្គ្រាមស៊ីវិលក្នុងឆ្នាំ២០១១ ។

រដ្ឋាភិបាលស៊ីរីបានយល់ព្រមបំផ្លាញអាវុធជីវសាស្ត្ររបស់ខ្លួនក្នុងឆ្នាំ២០១៣ ស្ថិតក្រោមកិច្ចពិភាក្សាព្រមព្រៀងរវាងរដ្ឋាភិបាលរុស្ស៊ី នឹងសហរដ្ឋអាមេរិក ។

រដ្ឋាភិបាលស៊ីរីក្រោមការដឹកនាំរបស់ប្រធានាធិបតីបាសា អាល់អាសាដ បានរងការចោទប្រកាន់ថា បានប្រើប្រាស់អាវុធជីវសាស្ត្រវាយប្រហារទៅលើពលរដ្ឋស្លូតត្រង់របស់ខ្លួន ការចោទប្រកាន់នេះ រដ្ឋាភិបាលស៊ីបានច្រានចោលយ៉ាងដាច់អហង្ការ ។

ប៉ុន្តែទោះបីយ៉ាងណាក៏ដោយ ការស៊ើបអង្កេតរបស់អង្គការសហប្រជាជាតិ និងក្រុមឃ្លាំមើលអាវុធជីវសាស្ត្រអន្តរជាតិបានរកឃើញថា កងទ័ពរដ្ឋាភិបាលស៊ីរីបានប្រើអាវុធជីវសាស្ត្រ៣លើកវាយប្រហារក្នុងឆ្នាំ២០១៤ និងឆ្នាំ២០១៥ ។

របាយការណ៍ស្តីអំពីលទ្ធផលស្រាវជ្រាវបញ្ជាក់ថា កងទ័ពជើងអាកាសស៊ីរីបានទម្លាក់អាវុធជីវសាស្ត្រ ឧស្ម័ន Chlorine ទៅលើទីតាំងគ្រប់គ្រងដោយក្រុមប្រឆាំងរដ្ឋាភិបាល ក្នុងខែមីនា ឆ្នាំ២០១៥ មានពីរលើក និងខែមេសា ឆ្នាំ២០១៤ មានមួយលើក ។

ការប្រើប្រាស់អាវុធជីវសាស្ត្រប្រភេទមិនត្រូវបានអនុញ្ញាតឡើយ ស្ថិតក្រោមអនុសញ្ញាអាវុធជីវសាស្ត្រក្នុងឆ្នាំ១៩៩៧ ។

ក្រុមឧទ្ទាមរដ្ឋអិស្លាម IS ក៏បានប្រើប្រាស់ឧស្ម័ន ស្ព័នធរល្អិត (sulphur-mustard)ក្នុងការវាយប្រហារផងដែរ ។ នេះបើតាមក្រុមសង្កេតការអាវុធជីវសាស្ត្របានរកឃើញ ។

សហរដ្ឋអាមេរិក អង់គ្លេស និងបារាំង កាលពីថ្ងៃទី២៨ ខែកុម្ភៈ បានព្រាងដំណោះស្រាយមួយ ដែលក្នុងនោះមានការរារាំងលក់ឧទ្ធម្ភាគចក្រទៅឲ្យប្រទេសស៊ីរី និងដាក់ទណ្ឌកម្មដល់មេបញ្ជាការស៊ីរី១១នាក់ និងអង្គការ១០ផ្សេងទៀត ដែលទាក់ទងការវាយប្រហារអាវុធជីវសាស្ត្រ​។

សមាជិកក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ៩រូបគាំទ្រសេចក្តីព្រាងដំណោះស្រាយនោះ ខណៈសមាជិក៣ផ្សេងទៀត គឺចិន រុស្ស៊ី និងប៊ូលីវៀ ជំទាស់មិនគាំទ្រ ។ ចំណែកសមាជិក៣ទៀត គឺអេហ្ស៊ីប កាហ្សាស្ថាន និងអីត្យូពី អនុប្បវាទ ។

ដំណោះស្រាយក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិមានប្រសិទ្ធភាពទៅបានល្គឹកណាមានសំឡេងគាំទ្រ៩សំឡេង និងគ្មានសំឡេងប្រឆាំងពីសមាជិកអចិន្ត្រៃយ៍ទាំង៥ប្រទេស (អាមេរិក, បារាំង, រុស្ស៊ី, អង់គ្លេស, និងចិន) ។

ហេតុអ្វីបានជារុស្ស៊ី និងចិនប្រឆាំងដំណោះស្រាយក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ?

ប្រធានាធិបតីរុស្ស៊ី លោកវ្ល៉ាឌីមៀ ពូទីន បានថ្លែងថា ទណ្ឌកម្មប្រឆាំងទៅលើរដ្ឋាភិបាលស៊ីរី «សរុបទៅគឺមិនសមរម្យ» វាអាចធ្វើឲ្យប៉ះពាល់ដល់ទំនុកចិត្តនៅក្នុងការចរចាស្វែងរកសន្តិភាព ។

ទីក្រុងមូស្គូ មានទំនាក់ទំនងមិត្តភាពជាមួយស៊ីរីតាំងពីយូរលង់មកហើយ ដែលក្នុងនោះ ទាហានស៊ីរីជាច្រើននាក់បានទៅហ្វឹកហាត់ និងបំពាក់ឧបករណ៍បរិក្ខាសឹកនៅក្នុងប្រទេសរុស្ស៊ី ។ ទីក្រុងមូស្គូបានប្រកាសថា ការគាំទ្រផ្នែកយោធា ក៏ដូចបុគ្គលចំពោះរដ្ឋាភិបាលស៊ីរីនេះគឺគោលដៅប្រយុទ្ធប្រឆាំងក្រុមភេរវកម្មរដ្ឋអិស្លាម IS ។

ប៉ុន្តែលោកខាងលិចចោទប្រកាន់រុស្ស៊ីបានគោលដៅទៅលើក្រុមបះបោរប្រឆាំងរដ្ឋាភិបាលស៊ីរី ដែលគាំទ្រដោយលោកខាងលិច ។

ក្នុងអំឡុងពេលដំណាលគ្នានេះដែរ ឯកអគ្គរដ្ឋទូតចិនប្រចាំនៅអង្គការសហប្រជាជាតិ លោក Liu Jieyi បានថ្លែងថា ទីក្រុងប៉េកាំងប្រឆាំងការប្រើប្រាស់អាវុធជីវសាស្ត្រ ។ ប៉ុន្តែវាឆាប់រហ័សខ្លាំងពេកនៅក្នុងការអនុមតិដាក់ទណ្ឌកម្ម ខណៈដែលដំណើរការស៊ើបអង្កេតកំពុងដំណើរការប្រព្រឹត្តទៅ ។

កាលពីគ្រាកន្លងមក ចិនបានប្រកាសជំហររបស់ខ្លួនថា បានប្រកាន់ជំហរនយោបាយវែងអន្លាយមិនជ្រៀតជ្រែកចូលកិច្ចការប្រទេសណាមួយឡើយ ។

ក្រុមអ្នកវិភាគបានយល់ឃើញថា ចិនទំនងមានការព្រួយបារម្ភចំពោះប្រជាជនមូស្លីមនៅភាគខាងលិចខេត្ត ស៊ីនជាង ចូលរួមជាមួយក្រុមឧទ្ទាមវាយប្រហារនៅក្នុងទឹកដីស៊ីរី ។

ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅអង្គការសហប្រជាជាតិ លោកស្រី Nikki Haley បានថ្លែងថា «វាជាទិវាដ៏ខ្មៅងងឹតសម្រាប់ក្រុមប្រឹក្សាសន្តិសុខ នៅពេលដែលសមាជិករបស់ក្រុមប្រឹក្សាសន្តិសុខផ្តើមលើកលែងសមាជិករបស់ខ្លួនដែលសម្លាប់ពលរដ្ឋខ្លួនឯងនោះ ។ ពួកគេយកមិត្តភាពជាមួយរបបស៊ីរី ជាជាងបញ្ហាសន្តិសុខទូទាំងពិភពលោករបស់យើង… ពិភពលោកនេះ ពិតជាទីដែលកាន់តែគ្រោះថ្នាក់បន្ថែមទៀត» ។

Leave a Reply

Your email address will not be published. Required fields are marked *