អាជ្ញាធរបារាំងបានចាប់ខ្លួនស្ត្រីយុវវ័យ៤នាក់កាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៧ ពីបទសង្ស័យបានផ្ញើសារឆ្លងឆ្លើយតាមរយៈបណ្តាញទំនាក់ទំនងសង្គម តេឡេក្រាម ជាមួយក្រុមជីហាដនិយមនៅក្នុងប្រទេសស៊ីរី ។
ប្រភពពីមន្ត្រីតុលាការបារាំង ដែលស្នើមិនបញ្ចេញឈ្មោះបានប្រាប់ប្រភពរ៉យទ័រថា ក្រុមស្ត្រីសង្ស័យទាំងនោះបានសន្ទនាគ្នាជាមួយក្រុមជីហាដអំពីការរៀបគម្រោងវាយប្រហារហិង្សា ។ ប្រភពមិនបានលាតត្រដាងលម្អិតនោះឡើយ ។
ស្ត្រី៣នាក់ក្នុងចំណោម៤នាក់ ស្ថិតនៅក្នុងវ័យអនីតិជននៅឡើយ អាយុចាប់ពី១៥ឆ្នាំដល់១៧ឆ្នាំ ។ រីឯជនទី៤ អាយុ១៨ឆ្នាំ ។
បណ្តាញទូរទស្សន៍បារាំងប៉ុស្តិ៍លេខ៣ បានផ្សព្វផ្សាយថា នារីសង្ស័យម្នាក់បានទំនាក់ទំនងជាមួយ Rachid Kassim ដែលជាឧទ្ទាមអិស្លាមជ្រុលនិយមមួយរូប ដែលជំរុញឲ្យមានសកម្មភាពវាយប្រហារថ្មីៗនេះនៅក្នុងទឹកដីប្រទេសបារាំង ។
ប្រភពព័ត៌មានពីយោធាអាមេរិក កាលពីពេលថ្មីៗកន្លងមកនេះ ខ្លួនបានគោលដៅវាយប្រហារពីលើដែនអាកាសទៅលើឈ្មោះ Kassim នៅជិតទីក្រុងមូស៊ូល ទឹកដីអ៊ីរ៉ាក់ ៕
