មេដឹកនាំក្រុម ISIS លោក Abu Bakr al-Baghdadi បានទទួលស្គាល់ការបរាជ័យនៅក្នុងទឹកដីអ៊ីរ៉ាក់ និងបានបញ្ជាឲ្យក្រុមសកម្មប្រយុទ្ធរបស់ខ្លួនបើមិនរត់ភៀសខ្លួនទេ គឺធ្វើអត្តឃាតដោយការបំផ្ទុះគ្រាប់បែកអត្តឃាត ។
មេភេរវកររូបនេះបានអះអាងផងដែរថា នឹងចេញសេចក្តីថ្លែងការណ៍ «សុន្ទរកថាលាគ្នា» ដែលត្រូវចែកជូនដល់សមាជិកក្រោមឱវាទទាំងអស់ក្នុងក្រុម ISIS ដែលស្ថិតនៅផ្នែកខ្លះនៃទឹកដីរបស់អ៊ីរ៉ាក់ ហើយដែលកំពុងស្ថិតក្រោមការគ្រប់គ្រងរបស់ខ្លួននាពេលចុងក្រោយនោះ ។
ប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់ មេដឹកនាំក្រុម ISIS រូបនេះបានជំរុញឲ្យអ្នកគាំទ្រឲ្យរត់គេច ឬលាក់ខ្លួន និងបានប្រាប់ទៅក្រុមសកម្មប្រយុទ្ធដែលមិនមែនជាអារ៉ាប់ថា ត្រូវវិលត្រឡប់មកកាន់ផ្ទះសម្បែងវិញ ឬបំផ្ទុះគ្រាប់បែកអត្តឃាត ដើម្បីបានក្លាយជាស្ត្រី៧២នៅក្នុងឋានសួគ៌ ។
ព័ត៌មានអំពីសេចក្តីប្រកាសនេះ ដែលមិនទាន់មានការបញ្ជាក់ច្បាស់លាស់នៅឡើយផងទេ បានកើតឡើងស្របពេលដែលកងទ័ពអ៊ីរ៉ាក់គាំទ្រដោយសហរដ្ឋអាមេរិកបានដណ្តើមគ្រប់គ្រងផ្លូវយ៉ាងសំខាន់នៅភាគខាងលិចទីក្រុងមូស៊ូល ដែលទីនោះ ធ្លាប់គ្រប់គ្រងដោយក្រុម ISIS នាពេលកន្លងមក ។
កាលពីប៉ុន្មានថ្ងៃកន្លងទៅថ្មីៗនេះ រដ្ឋមន្ត្រីក្រសួងការពារជាតិអង់គ្លេស លោក Michael Fallon បានរំពឹងថា លោកចង់ឃើញក្រុម ISIS ត្រូវបានបណ្តេញចេញពីទីតាំងសំខាន់ៗរបស់ប្រទេសអ៊ីរ៉ាក់មិនហួសពីឆ្នាំ២០១៧ឡើយ ។
ទីភ្នាក់ងារព័ត៌មាន Al Arabiya បណ្តាញទូរទស្សន៍អ៊ីរ៉ាក់បានផ្សព្វផ្សាយថា មេដឹកនាំក្រុម ISIS លោក la -Baghdadi បានទទួលស្គាល់បរាជ័យរបស់ខ្លួននៅក្នុងទឹកដីអ៊ីរ៉ាក់ ។
ប៉ុន្តែទោះបីយ៉ាងណា ព័ត៌មានច្បាស់លាស់ថា តើមេក្រុម ISIS ម្នាក់នេះកំពុងស្ថិតនៅទីណានោះ ពុំមាននរណាម្នាក់ដឹងឡើយ ។ សេចក្តីរាយការណ៍ថ្មីៗនេះ អះអាងថា មេដឹកនាំរូបនេះបានរងរបួសធ្ងន់ ឬបានបាត់បង់ជីវិតក្នុងការវាយប្រហាររួចហើយ ។
កាលពីខែមុន មានសេចក្តីរាយការណ៍ថា លោក Abu Bakr al-Baghdadiបានរងរបួសធ្ងន់ដោយសារការវាយប្រហារពីលើដែនអាកាសនៅភាគខាងជើងទឹកដីអ៊ីរ៉ាក់ ហើយក៏មានសេចក្តីរាយការណ៍ដែរថា លោកបានរងរបួស ក្នុងការវាយឆ្មកមួយ ដោប្រើគ្រាប់បែកនៅតំបន់ Al-Ba’aj ។ ប៉ុន្តែទោះបីយ៉ាងណា មិនមានប្រភពអះអាងច្បាស់លាស់នោះទេ ។ ព័ត៌មាននេះតែងតែលេចឮបន្តបន្ទាប់រហូតមក ។
កាលពីខែធ្នូ ឆ្នាំ២០១៦ មន្ទីរបង់តាហ្គូនបានផ្សព្វផ្សាយថា ខ្លួនមានជំនឿថា មេធំរបស់ក្រុម ISIS ម្នាក់នេះ នៅតែមានជីវិតនៅឡើយទេ ។ បើទោះបីថា អាមេរិកដឹកនាំកម្លាំងសម្ពន្ធមិត្តវាយប្រហារតាមដែនអាកាសកម្ចាត់មេក្រុមភេរវកម្មជាបន្តបន្ទាប់ក៏ដោយ ។
មេភេរវក Baghdadi បានប្រកាសតាំងខ្លួនជាមេដឹកនាំថ្មីរបស់ ក្រុមមូស្លីមកាលីផេត ។ កាលពីឆ្នាំមុន លោកបានផ្សព្វផ្សាយខ្សែអាត់សំឡេងជំរុញឲ្យអ្នកគាំទ្ររបស់ខ្លួនការពារទីក្រុងមូស៊ូល ភាគខាងជើងរបស់អ៊ីរ៉ាក់ ។
កងទ័ពអ៊ីរ៉ាក់វាយដណ្តើមកាន់កាប់បានមកវិញនៅភាគខាងកើតនៃទីក្រុងមូស៊ូល កាលពីខែមករា ឆ្នាំ២០១៧ ក្រោយ១០០ថ្ងៃ និងបានវាយប្រហារពីលើដែនអាកាសទៅកាន់ស្រុកនានាផ្សេងទៀតដែលលាតសន្ធឹងតាមភាគខាងលិចទន្លេ Rigris River កាលពីថ្ងៃទី១៩ ខែកុម្ភៈ ។
ប្រសិនបើកងទ័ពអ៊ីរ៉ាក់ទទួលបានជ័យជំនះគ្រប់ទីក្រុងមូស៊ូលនោះ ការប្រកាសបង្កើតអាណាចក្រកាលីផេតរបស់មេដឹកនាំISIS នៅទីនោះកាលពីឆ្នាំ២០១៤ ប្រាកដជារលាយសាបសូន្យហើយ ។
មេបញ្ជាការកងទ័ពអាមេរិកនៅអ៊ីរ៉ាក់បានថ្លែងថា លោកមានសង្ឃឹមថា កងកម្លាំងគាំទ្រដោយអាមេរិកនឹងដណ្តើមកាន់កាប់ទឹកដីទីក្រុង Mosul និង Raqqa និងទីតាំងក្បែរខាងស៊ីរី ដែលជាកន្លែងគ្រប់គ្រងដ៏សំខាន់របស់ក្រុមរដ្ឋអិស្លាមនោះ តែក្នុងរយៈពេល៦ខែប៉ុណ្ណោះ ៕


