ក្រុមតាលីបង់វាយប្រហារនៅទីក្រុងកាប៊ូលស្លាប់យ៉ាងតិច១៦នាក់

ក្រសួងសុខាភិបាលបានបញ្ជាក់ថា ការវាយប្រហារជាបន្តបន្ទាប់នៅទីក្រុងកាប៊ូល​បណ្តាលឲ្យស្លាប់មនុស្ស១៦នាក់ និង៤៤នាក់ផ្សេងទៀតរងរបួសធ្ងន់ និងស្រាល ។

ប្រភពព័ត៌មានប៊ីប៊ីស៊ីបានផ្សាយថា គ្រាប់បែកអត្តឃាត២គ្រាប់បានផ្ទុះឡើងនៅវេលាម៉ោងរំលងអធ្រាត្រ ម៉ោងនៅក្នុងតំបន់ ថ្ងៃទី១ ខែមីនា ឆ្នាំ២០១៦ ដែលគោលដៅទៅលើស្ថានីយប៉ូលីស និងទីតាំងភ្នាក់ងារស៊ើបការណ៍សម្ងាត់ ។

លោក Zabihullah Mujahid អ្នកនាំពាក្យរបស់ក្រុមឧទ្ទាមតាលីបង់បានប្រកាសទទួលស្គាល់ការវាយប្រហារខាងលើនេះ ។

នេះជាការវាយប្រហារថ្មីបំផុងប្រឆាំងទៅលើក្រុមប៉ូលិសអាហ្វហ្គានីស្ថាន ក្រោយពេលដែលក្រុមឧទ្ទាមនេះបានប្រកាសបើកការវាយប្រហារកាលពីពេលថ្មីៗកន្លងមក ។

ប្រធានាធិបតីអាហ្វហ្គានីស្ថាន លោក Ashraf Ghani បានថ្លែងថ្កោលទោសចំពោះការវាយប្រហារគ្រាប់បែកអត្តឃាតនេះដោយបញ្ជាក់ថា «ក្រោយពីការសម្លាប់(មេបញ្ជាការល្បីឈ្មោះ) Mullah Salam និងក្រុមតាលីបង់ទទួលរងបរាជ័យនៅសមរភូមិដទៃច្រើនទៀត ពួកភេរវកបានវាយប្រហាររបៀបនេះដើម្បីធ្វើឲ្យសកម្មភាពប្រយុទ្ធរបស់ពួកគេមានសភាពនឹងនរឡើងវិញ» ។

Salam ត្រូវអាមេរិកវាយប្រហារពីលើដែនអាកាសស្លាប់កាលពីថ្ងៃអាទិត្យកន្លងមកនេះ ។

ការវាយប្រហារនេះកើតឡើង បន្ទាប់ពីការបំផ្ទុះគ្រាប់បែកក្នុងរថយន្តអត្តឃាតស្ថិតនៅខាងក្រៅស្ថានីយប៉ូលីសមួយកន្លែង នៅក្បែររបងមហាវិទ្យាល័យយោធា ភាគខាងលិចទីក្រុងកាប៊ូល ប្រទេសអាហ្វហ្គានីស្ថានផងដែរ ។ ហេតុការណ៍នេះបានកើតឡើងបន្ទាប់ពីរយៈពេល៥ម៉ោងការផ្ទុះអាវុធដាក់គ្នារវាងប៉ូលិស នឹងក្រុមវាយប្រហារ​។ មនុស្សច្រើននាក់ត្រូវគេរាយការណ៍ថា បានបាត់បង់ជីវិតក្នុងការវាយប្រហារនេះ ។

ក្រោយហេតុការណ៍ខាងលើនេះភ្លាម ក៏មានការបំផ្ទុះគ្រាប់បែកអត្តឃាត់នៅខាងក្រៅទីស្នាក់ងារភ្នាក់ងារសម្ងាត់អាហ្វហ្គានីស្ថាន ស្ថិតនៅភាគខាងកើតទីក្រុងកាប៊ូលផងដែរ ។

មន្ត្រីបានអះអាងថា មនុស្ស៣នាក់ប៉ុណ្ណោះបានស្លាប់ ប៉ុន្តែនៅពេលបន្ទាប់មកបានកែប្រែតួលេខចំនួនជនរងគ្រោះបាត់បង់ជីវិត ៕

Leave a Reply

Your email address will not be published. Required fields are marked *