ប្រភពព័ត៌មានពីមន្ត្រីរដ្ឋាភិបាលបានបញ្ជាក់នៅលើបណ្តាញព័ត៌មានស៊ីនហួផ្សព្វផ្សាយកាលពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៧ថា មនុស្សយ៉ាងតិច១០នាក់បានស្លាប់ និង៣៨នាក់ផ្សេងទៀតបានរងរបួសនៅក្នុងហេតុការណ៍រថយន្តដឹកស៊ីម៉ង់ត៍បុកជាមួយរថយន្តក្រុងកាលពីយប់ថ្ងៃព្រហស្បតិ៍ស្ថិតនៅភាគនីរតីខេត្ត Yunnan ប្រទេសចិន ។
សេចក្តីប្រកាសព័ត៌មានបានឲ្យដឹងថា ហេតុការណ៍បានកើតឡើងនៅវេលាម៉ោង១១និង៣៣នាទីយប់ ម៉ោងនៅក្នុងតំបន់ ស្ថិតនៅមហាវិថីមួយកន្លែងក្នុងតំបន់ Yunxian ទីក្រុង Lancang ។
រថយន្តដឹកស៊ីម៉ង់ត៍ធ្វើដំណើរមកពីតំបន់ Sichuan មានអាជ្ញាប័ណ្ណត្រឹមត្រូវ ស្រាប់តែទៅបុករថយន្តក្រុងមួយគ្រឿងដឹកមនុស្ស៤៧នាក់ ក្នុងនោះមានទាំងអ្នកបើកបរ២នាក់ផងដែរ ។ រថយន្តក្រុងកំពុងនៅលើផ្លូវ ចេញពីតំបន់ Gengma ឆ្ពោះទៅកាន់រដ្ឋធានី Kunming បានក្រឡាប់នៅលើកណ្តាលផ្លូវតែម្តង ។
ប្រភពបន្តថា មនុស្ស៩នាក់បានស្លាប់នៅកន្លែងកើតហេតុ និងម្នាក់ទៀតស្លាប់ពេលបញ្ចូនដល់មន្ទីរពេទ្យ ។
រដ្ឋាភិបាលបាននិងកំពុងស៊ើបអង្កេតរកមូលហេតុបណ្តាលឲ្យមានគ្រោះថ្នាក់កើតឡើងខាងលើនេះ ៕
