ប៉ូលិសប្រទេសម៉ាឡេស៊ីអះអាងថា បានដោះលែងបុរសជនជាតិកូរ៉េខាងជើងម្នាក់ដែលសង្ស័យជាប់ពាក់ព័ន្ធការសម្លាប់លោកគីម ជុងណាម ។
មន្ត្រីបាននិយាយថា គ្មានភស្តុតាងជាក់លាក់ក្នុងការដាក់បន្ទុកចោទប្រកានទៅលើឈ្មោះ Ri Jong Chol នោះឡើយ ហើយលោក Ri Jong Chol នឹងត្រូវនិរទេសពីម៉ាឡេស៊ីទៅកាន់កូរ៉េខាងជើងវិញតាមច្បាប់អន្តោប្រវេសន៍ ។
រយៈពេលជិត៣សប្តាហ៍កន្លងមកហើយ បន្ទាប់ពីការសម្លាប់លោកគីម ជុងណាម ហើយដែលម៉ាឡេស៊ីបានថ្កោលទោសយ៉ាងខ្លាំងក្លាដែលការប្រើប្រាស់អាវុធជីវសាស្ត្រ VX nerve agent ក្នុងការវាយប្រហារនោះ ។
រដ្ឋមន្ត្រីក្រសួងការបរទេសម៉ាឡេស៊ីចេញសេចក្តីថ្លែងការដោយព្រួយបារម្ភយ៉ាងខ្លាំងការប្រើប្រាស់អាវុធធុននេះវាយប្រហារ ដែលអាចធ្វើឲ្យប៉ះពាល់ដល់សាធារណជន ។
លោកគីម ជុងណាម បងប្រុសបង្កើត ម្តាយទីទៃ ឪពុកតែមួយ របស់មេដឹកនាំកូរ៉េខាងជើងគីម ជុងអ៊ុន បានបាត់បង់ជីវិតកាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៧ នៅក្នុងអាកាសយានដ្ឋានទីក្រុងគូឡាឡាំពួរ ម៉ាឡេស៊ី ។
ស្ត្រី២នាក់ត្រូវបានចោទប្រកាន់ពាក់ព័ន្ធការសម្លាប់លោកគីម ជុងណាម ដោយបាញ់សារធាតុ VX nere agent ទៅលើមុខរបស់គាត់ ។ សារធាតុអាវុធនេះ គឺជាប្រភេទគីមីដែលត្រូវបានអង្គការសហប្រជាជាតិហាមប្រាមមិនឲ្យប្រើប្រាស់ ។
ជនជាតិវៀតណាមម្នាក់ និងឥណ្ឌូនេស៊ីម្នាក់ ដោយនឹកស្មាន់ថា ជាការថតកម្លែងចាក់ផ្សាយតាមទូរទស្សន៍ប៉ុណ្ណោះ ដោយមិននឹកស្មានថា ជាអាវុធសម្លាប់មនុស្សឡើយ ។
ម៉ាឡេស៊ីបានកំពុងស្វែងរកចាប់ខ្លួនជនជាតិកូរ៉េខាងជើងជាជនសង្ស័យពាក់ព័ន្ធ៧នាក់ទៀត ក្នុងនោះមានមន្ត្រីទូតផងដែរ ។ គេនៅមិនទាន់ចោទប្រកាន់ដោយផ្ទាល់ថា កូរ៉េខាងជើងជាអ្នកសម្លាប់លោកគីម ជុងណាមនៅឡើយ ប៉ុន្តែគេសង្ស័យថា ទីក្រុងព្យុងយ៉ាងជាអ្នកនៅពីក្រោយទង្វើខាងលើនេះ ។ កូរ៉ខាងជើងបានច្រានចោលយ៉ាងដាច់អហង្ការ ។ រហូតមកដល់ពេលនេះ កូរ៉េខាងជើងនៅមិនទាន់ទទួលស្គាល់សាកសពដែលត្រូវសម្លាប់នោះថា ជាគីម ជុងណាម បងប្រុសលោកគីម ជុងអ៊ុននៅឡើយទេ ។ លោកគីម ជុងណាម បានប្រើប្រាស់លិខិតឆ្លងដែនឈ្មោះផ្សេង ។
ជនដែលត្រូវប៉ូលិសម៉ាឡេស៊ីដោះលែងពេលនេះ គឺឈ្មោះ Ri Jong Chol ពលរដ្ឋកូរ៉េខាងជើងដែលបានមករស់នៅម៉ាឡេស៊ី៣ឆ្នាំកន្លងមកហើយ ។ ប៉ូលិសនិយាយថា នឹងនិរទ្ទេសបុរសរូបនេះទៅស្រុកកំណើតវិញ ពីព្រោះទិដ្ឋាការ ស្នាក់នៅ និងធ្វើការនៅក្នុងប្រទេសម៉ាឡេស៊ីហួសសុពលភាពតាំងពីថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៧ ។
ដោយហេតុផលសន្តិសុខ ម៉ាឡេស៊ីបានប្រកាសលុបចោលទិដ្ឋាការដើរហើរឲ្យទៅពលរដ្ឋកូរ៉េខាងជើងចូលមកម៉ាឡេស៊ីកាលពីថ្ងៃព្រហស្បតិ៍កន្លងមកនេះ ៕
