ជនស៊ីវិលយ៉ាងតិច១២នាក់បានរងរបួសនៅក្នុងទីក្រុងមូស៊ូល ប្រទេសអុីរ៉ាក់ ខណៈដែលកំពុងតែផ្ទុះសង្គ្រាមយ៉ាងខ្លាំងក្លារវាងកងទ័ពរដ្ឋាភិបាល និងក្រុមភេរវករដ្ឋអិស្លាម IS ហើយដែលទើបត្រូវបានគេរាយការណ៍ថា មានប្រើប្រាស់អាវុធជីវសាស្ត្រនៅក្នុងការវាយប្រហារជាលើកដំបូងនោះ ។
ទីភ្នាក់ងារព័ត៌មានប៊ីប៊ីស៊ីបានផ្សាយកាលពីថ្ងៃទី៤ ខែមីនា ឆ្នាំ២០១៧ ដោយដកស្រង់ប្រភពព័ត៌មានពីគ្រូពេទ្យម្នាក់ នៃក្រុមគ្រូពេទ្យកាកបាទក្រហមអន្តរជាតិ(ICRC) មូលដ្ឋាននៅជិតទីក្រុង Irbil អះអាងអំពីករណីប្រើប្រាស់អាវុធជីវសាស្ត្រខាងលើនេះ ។
ប្រភពបញ្ជាក់ថា ក្មេងប្រុសរងគ្រោះអាយុ១១ឆ្នាំម្នាក់មានអការពិបាកដកដង្ហើមយ៉ាងខ្លាំង និងមានបញ្ហាស្បែក រីឯអាយុ១ខែម្នាក់ទៀត ក៏មានស្ថានភាពដូចគ្នានេះផងដែរ ។ គ្រូពេទ្យ ICRC បានថ្លែងថា ធាតុផ្សំនៃការប្រើប្រាស់នោះ គឺគេមិនទាន់ដឹងច្បាស់នៅឡើយទេ ប៉ុន្តែនោះជាការគំរាមកំហែងអំពីការប្រើប្រាស់អាវុធជីវសាស្ត្រ ។
ជនរងគ្រោះទាំងអស់គឺបានលេចឡើងនៅទីតាំង២ផ្សេងៗគ្នា ក្រោយពេលដែលគ្រាប់កាំភ្លើងត្បាល់បានបាញ់ធ្លាក់ចំទៅលើលំនៅឋានរបស់ពួកគេស្ថិតនៅភាគខាងលិចទីក្រុងមូស៊ូល ហើយជនរងគ្រោះបានធុំក្លិនផ្សែងនៃអាវុធជីវសាស្ត្រទាំងនោះ ។
លោក Robert Mardini អគ្គនាយកក្រុមគ្រូពេទ្យកាកបាទក្រហមអន្តរជាតិ (ICRC) បានថ្លែងថា រោគសញ្ញានៅលើខ្លួនជនរងគ្រោះវិវឌ្ឍន៍ទៅរកពងបែក ។ ក្រៅពីរោគសញ្ញាពងបែកហើយ ភ្នែកមានពណ៌ក្រហម ក្រហលក្រហាយ ក្អួតចង្កោរ និងក្អក ។
ការប្រើប្រាស់អាវុធជីវសាស្ត្រគឺត្រូវបានច្បាប់អន្តរជាតិហាមឃាត់ ។ គេមិនទាន់ដឹងថា តើភាគីខាងណាប្រើប្រាស់អាវុធជីវសាស្ត្រនេះឡើយ ។ ប៉ុន្តែកាំភ្លើងត្បាល់នៅពេលនេះ គឺគេបាញ់ចេញមកពីភាគខាងលិចទីក្រុងមូស៊ូល ដែលស្ថិតក្រោមការគ្រប់គ្រងរបស់ក្រុមរដ្ឋអិស្លាម IS ។
ក្រុមរដ្ឋអិស្លាម IS ត្រូវគេសង្ស័យជាអ្នកផលិតអាវុធជីវសាស្ត្រ និងប្រើប្រាស់វានៅក្នុងទឹកដីស៊ីរី និងអុីរ៉ាក់ ដែលខ្លួនគ្រប់គ្រង ។
អង្គការសុភាពពិភពលោក ខ្លួនបានដឹងអំពីករណីនេះដែរ ប៉ុន្តែខ្លួនកំពុងធ្វើការជាមួយ ICRC ដើម្បីត្រៀមខ្លាចមានករណីផ្សេងបន្ថែមទៀត ៕
