កាលពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៧ ក្រុមជួយសង្គ្រោះបានសង្គ្រោះជនភៀសខ្លួន៩រយនាក់ចេញពីនាវាក្នុងសមុទ្រ មេឌីទែរ៉ាណេ ់ខណៈដែលជនភៀសខ្លួនមួយចំនួនទៀត ត្រូវបាននាំទៅកាន់ដែនកោះ Sicily ។ តួលេខរបស់អុីតាលីបង្ហាញថា ជនភៀសខ្លួនមានការឆ្លងកាត់កាន់តែច្រើនឡើងដែលមកពីតំបន់អាហ្វ្រិកភាគខាងជើងនៅក្នុងឆ្នាំនេះជាងបណ្តាឆ្នាំមុនៗ ។
សេចក្តីថ្លែងការណ៍របស់ឆ្នាំការពារដែនសមុទ្រប្រទេសអុីតាលីបានបញ្ជាក់ថា កាលពីថ្ងៃទី៣ ខែមីនា នាវាប្រទេសន័រវេស១គ្រឿង ដែលក្នុងប្រតិបត្តិការជាFrontex នៃភ្នាក់ងារព្រំដែនសហភាពអឺរ៉ុប និងនាវាមួយគ្រឿងទៀតរបស់ក្រុម SOS Mediterranee បានប្រតិបត្តិការជួយសង្គ្រោះជនភៀសខ្លួនចេញពីទូកឈើតូចៗ៦គ្រឿង និងទូកកៅស៊ូធុនធំ៤គ្រឿងដែលស្ថិតនៅលើសមុទ្រមេឌីទែរ៉ាណេ ។
ខណៈនោះដែរ មនុស្សជាង៨០០នាក់ផ្សេងទៀត ដែលមកពីប្រទេសជាច្រើនក្នុងតំបន់អាហ្វ្រិក ក្នុងនោះដូចជាប្រទេសអេរីទ្រា (Eritrea) និងស៊ូម៉ាលី ដែលត្រូវសង្គ្រោះកាលពីថ្ងៃព្រហស្បតិ៍កន្លងមកនោះ ត្រូវបញ្ជូនទៅកាន់កំពង់ផែ Augusta ភាគអាគ្នេយ៍ដែនកោះ Sicily ប្រទេសអុីតាលីផងដែរ ។
អ្នកនាំពាក្យរបស់អង្គការសង្គ្រោះកុមារ លោក Giovanna Di Benedetto បានថ្លែងនៅក្នុងរបាយការណ៍ថា ប្រជាពលរដ្ឋទាំងអស់នោះបានធ្វើដំណើរយ៉ាងលំបាកលំបិនបំផុត ។ ភាគច្រើនក្នុងចំណោមពួកគេ ជាអនីតិជន គ្មានផ្ទះសម្បែងរស់នៅ ។ ក្នុងចំណោមពួកគេ មានក្មេងតូចៗពេកណាស់ ។
ក្រសួងមហាផ្ទៃរបស់ប្រទេសអុីតាលីបានបញ្ជាក់ថា ចាប់តាំងពីដើមឆ្នាំ២០១៧មកទល់ពេលនេះ ជនភៀសខ្លួនប្រមាណ១៤.៣១៩នាក់ត្រូវបាននាំមកកាន់ប្រទេសអុីតាលី ។ ប្រៀបធៀបអំឡុងពេលដូចគ្នាក្នុងឆ្នាំ២០១៦ មានតែ៩១០១នាក់ ។ ឆ្នាំមួយដែលជនភៀសខ្លួនមកដល់រហូតដល់១៨១.០០០នាក់ ក្នុងប្រវត្តិសាស្ត្រ ៕
