ប្រព័ន្ធផ្សព្វផ្សាយរបស់ជប៉ុនបានរាយការណ៍ថា ឧទ្ធម្ភាគចក្រមួយគ្រឿងមានមនុស្ស៩នាក់នៅក្នុងនោះ បានធ្លាក់ ខណៈធ្វើលំហាត់ជួយសង្គ្រោះនៅតំបន់ជើងភ្នំកាលពីថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៧ ។ ប្រភពរាយការណ៍ថា មនុស្ស៣នាក់សង្ស័យថា បាត់បង់ជីវិតក្នុងហេតុការណ៍នេះ ។
ទីភ្នាក់ងារព័ត៌មានជប៉ុន NHK បានផ្សព្វផ្សាយថា ឧទ្ធម្ភាគចក្រនេះបានធ្លាក់នៅជើងភ្នំដែលមានធ្លាប់អ័ព្ទខ្លាំង ស្ថិតនៅតមបន់ Nagano ភាគកណ្តាលរបស់ប្រទេសជប៉ុន ។ មន្ត្រីជួយសង្គ្រោះម្នាក់បានប្រាប់ប្រភព AFP ថា គេបានរកឃើញជនរងគ្រោះ៣នាក់ ប៉ុន្តែ៦នាក់ទៀត មិនទាន់រកឃើញនៅឡើយទេ ។
អាជ្ញាធរជប៉ុនមិនអាចបញ្ជាក់អំពីជនរងគ្រោះបាត់បង់ជីវិតបានឡើយ រហូតទាល់តែមានការពិនិត្យពីក្រុមអាជ្ញាធរសុខាភិបាលជាមុនសិន ។
សារព័ត៌មានក្នុងតំបន់បានផ្សាយថា មនុស្ស៩នាក់នៅលើឧទ្ធម្ភាគចក្រដែលជួបគ្រោះថ្នាក់នោះ គឺមានបុគ្គលិកក្រុមជួយសង្គ្រោះ និងមន្ត្រីរដ្ឋាភិបាលក្នុងតំបន់ដែលចូលរួមក្នុងសកម្មភាពធ្វើសមយុទ្ធ ។
នៅពេលនេះ សមត្ថកិច្ចពាក់ព័ន្ធបាននិងកំពុងស្វែងរកអ្នកបាត់ខ្លួន៦នាក់បន្ថែមទៀត ៕
