កូរ៉េខាងជើងបាញ់មីស៊ីល៤គ្រាប់ធ្លាក់ទៅក្នុងសមុទ្រ

ទីភ្នាក់ងារព័ត៌មានប៊ីប៊ីស៊ីបានផ្សាយថ្ងៃទី៦ ខែមីនា ឆ្នាំ២០១៧ថា កូរ៉េខាងជើងបានបាញ់មីស៊ីល៤គ្រាប់ទៅក្នុងសមុទ្រជប៉ុន ។

ការបាញ់មីស៊ីលទាំងនេះ គឺ៣គ្រាប់បានធ្លាក់ទៅក្នុងតំបន់សេដ្ឋកិច្ចពិសេសរបស់ជប៉ុន( EEZ) ក្រោយពីហោះបានរយៈចម្ងាយ១ពាន់គីឡូម៉ែត្រ ។ ​នាយករដ្ឋមន្ត្រីជប៉ុន លោកស៊ីនហ្សូ អាបេ បានហៅសកម្មភាពនេះជាការគំរាមកំហែងថ្មីមួយទៀត ។

ប្រភពព័ត៌មានពីយោធាកូរ៉េខាងត្បួងបានអះអាងថា មីស៊ីលទាំងនោះត្រូវគេបាញ់ចេញពីតំបន់ Tongchang-ri ជិតព្រំដែនកូរ៉េខាងជើង និងប្រទេសចិន ។

គេនៅមិនទាន់ដឹងច្បាស់នៅឡើយថា តើប្រភេទមីស៊ីលណាមួយដែលកូរ៉េខាងជើងបាញ់សាកល្បងនៅពេលនេះឡើយ ។ ប៉ុន្តែកូរ៉េខាងជើងបាននិងកំពុងស្ថិតក្រោមការហាមប្រាមពីអង្គការសហប្រជាជាតិមិនឲ្យបាញ់សាកល្បងមីស៊ីល ឬបាញ់សាកល្បងអាវុធនុយក្លេអ៊ែរណាមួយនោះទេ ។

មន្ត្រីយោធាកូរ៉េខាងត្បូងបញ្ជាក់ថា មីស៊ីលទាំងនោះត្រូវគេបាញ់នៅវេលាម៉ោង៧និង៣៦នាទីព្រឹក ម៉ោងនៅក្នុងតំបន់ ថ្ងៃទី៦ ខែមីនា ឆ្នាំ២០១៧ ។ កូរ៉េខាងត្បូងបាននិងកំពុងស៊ើបអង្កេតទៅលើគោលបំណងនៃការបាញ់សាកល្បងមីស៊ីលនេះដែរ ។

មន្ត្រីយោធាអាមេរិកមួយរូបបានបញ្ជាក់ថា បានដឹងអំពីសកម្មភាពបាញ់សាកល្បងមីស៊ីលខាងលើនេះដែរ ប៉ុន្តែប្រភពបានអះអាងថា ទោះជាការបាញ់សាកល្បងមីស៊ីលបែបនេះពីសំណាក់កូរ៉េខាងជើងក៏ដោយ ក៏វាមិនអាចគំរាមកំហែងដល់អាមេរិកភាគខាងជើងបានឡើយ ។

លោក Mark Toner អ្នកនាំពាក្យក្រសួងការបរទេសអាមេរិកបានថ្លែងថា សហរដ្ឋអាមេរិកថ្កោលទោសដ៏ខ្លាំងក្លាចំពោះសកម្មភាពបាញ់សាកល្បងមីស៊ីលរបស់សាធារណរដ្ឋប្រជាជាតិប្រជាធិបតេយ្យកូរ៉េ(DPRK) នាពេលនេះ ។ សកម្មភាពនេះរំលោភទាំងស្រុងលើសេចក្តីហាមប្រាមរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដែលមិនអនុញ្ញាតឲ្យប្រទេសនេះសាកល្បងបច្ចេកវិទ្យាមីស៊ីលនោះ ។

កាលពីចុងសប្តាហ៍មុន ទីក្រុងព្យុងយ៉ាងបានគំរាមបាញ់មីស៊ីលតបតចំពោះសកម្មភាពធ្វើសមយុទ្ធតន្ទ្រីការពារកូនរបស់កម្លាំងយោធាកូរ៉េខាងត្បូង និងអាមេរិក ។ កូរ៉េខាងជើងមើលឃើញថា ការធ្វើសមយុទ្ធជាប្រចាំរបស់ទាហានទាំងនោះ ជាសកម្មភាពត្រៀមឈ្លានពានចូលទឹកដីរបស់ខ្លួនប៉ុណ្ណោះ ។

ក្រុមអ្នកជំនាញបានមើលឃើញថា ការបាញ់សាកល្បងមីស៊ីលទាំងនេះ គឺជាសកម្មភាពសាកល្បងប្រកបដោយជោគជ័យនៃមីស៊ីលរយៈចម្ងាយឆ្ងាយកូរ៉េខាងជើង ដែលទើបអភិវឌ្ឍន៍បាន ។

កូរ៉េខាងជើងតែងទទូចថា កម្មវិធីអវកាសរបស់ខ្លួនក្នុងគោលដៅសន្តិភាពប៉ុណ្ណោះ ។ ប៉ុន្តែពិភពខាងក្រៅ ពុំមាននរណាគេជឿ ហើយសង្ស័យថា ប្រទេសនេះកំពុងសម្ងំផលិតប្រព័ន្ធមីស៊ីលអន្តរទ្វីបដែលគោលដៅវាយប្រហារដល់ទឹកដីអាមេរិក ។

ទោះបីយ៉ាងណា អ្នកជំនាញបានលើកឡើងថា កូរ៉េខាងជើងនៅចំណាយពេលវេលាយូរឆ្នាំទៀត ទម្រាប់ធ្វើឲ្យក្បាលគ្រាប់បរមាណូអាចបំពាក់បាននៅលើកាំជ្រួចមីស៊ីលនោះ ។

កាលពីខែមុននេះ កូរ៉េខាងជើងបានអួតថា បានសាកល្បីងដោយជោគជ័យមីស៊ីលប្រភេទថ្មីដែលទើបអភិវឌ្ឍន៍ឡើង ក្រោមការត្រួតពិនិត្យរបស់មេដឹកនាំគីម ជុងអ៊ុន ។

វាជាការបាញ់មីស៊ីលដំបូងបំផុតចាប់តាំងពីលោកដូណាល់ ត្រាំឡើងកាន់តំណែងប្រធានាធិបតីអាមេរិក ។ កូរ៉េខាងត្បូង សហរដ្ឋអាមេរិក ជប៉ុន រួមទាំងអង្គការសហប្រជាជាតិិផងដែរថ្កោលទោសកូរ៉េខាងជើងចំពោះសកម្មភាពបាញ់សាកល្បងមីស៊ីលនាពេលនោះ ៕

មីស៊ីលកូរ៉េខាងជើងបាញ់សាកល្បងធ្លាក់នៅតំបន់សមុទ្រជប៉ុន
កម្លាំងយោធាកូរ៉េខាងត្បូង និងអាមេរិកធ្វើសមយុទ្ធ
មេដឹកនាំកូរ៉េខាងជើង លោកគីម ជុងអ៊ុន

Leave a Reply

Your email address will not be published. Required fields are marked *