ប្រភពព័ត៌មានបានផ្សព្វផ្សាយកាលពីថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៧ថា ប្រធានាធិបតីអាមេរិក លោកដូណាល់ ត្រាំ បានថ្លែងប្រាប់ក្នុងកិច្ចសន្ទនាតាមទូរស័ព្ទជាមួយនាយករដ្ឋមន្ត្រីស៊ីនហ្សូ អាបេ នាយករដ្ឋមន្ត្រីជប៉ុន បន្ទាប់ពីកូរ៉េខាងជើងបាញ់សាកល្បងមីស៊ីលនោះថា សហរដ្ឋអាមេរិកគឺនៅជាមួយជប៉ុន«១០០ភាគរយ» ។
លោក អាបេ បានថ្លែងប្រាប់អ្នកសារព័ត៌មានថា មេដឹកនាំប្រទេសទាំងពីរបានព្រមព្រៀងថា សកម្មភាពថ្មីបំផុតរបស់កូរ៉េខាងជើងគឺជាតឹកតាងយ៉ាងច្បាស់ក្រឡែតអំពីការរំលោភបំពានលើដំណោះស្រាយក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ និងគំរាមកំហែងសន្តិសុខក្នុងតំបន់និងអន្តរជាតិ ។
លោក អាបេ បន្តថា លោកដូណាល់ ត្រាំបានបញ្ជាក់ថា លោកចង់ឲ្យរូបលោក(ស៊ីនហ្សូ អាបេ) និងប្រជាជនជប៉ុនទាំងអស់ជឿទុកចិត្តទៅលើរូបលោក ក៏ដូចសហរដ្ឋអាមេរិក១០០ភាគរយ ។ លោកត្រាំ បញ្ជាក់ថា អាមេរិកគាំទ្រជប៉ុន១០០ភាគរយ ។
កូរ៉េខាងជើងបានបាញ់មីស៊ីល៤គ្រាប់ទៅសមុទ្រជប៉ុន ភាគពាយព្យកាលពីថ្ងៃទី៦ ខែមីនា ឆ្នាំ២០១៧ ធ្វើឲ្យជប៉ុន កូរ៉េខាងត្បូងខឹងសម្បារយ៉ាងខ្លាំង តែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីកូរ៉េខាងជើងបានព្រមានថា នឹងធ្វើសកម្មភាពតបតចំពោះសមយុទ្ធយោធាកូរ៉េខាងត្បូង និងអាមេរិក ដែលប្រទេសនេះមើលឃើញថា ជាការត្រុមធ្វើសង្គ្រាមនោះ ៕
