ទីភ្នាក់ងារព័ត៌មានកូរ៉េខាងត្បូងយុងហាប់ បានរាយការណ៍កាលពីថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៧ ដោយដកស្រង់ប្រភពពីមន្ត្រីយោធាបញ្ជាក់ថា ការដាក់ពង្រាយប្រព័ន្ធមីស៊ីលការពារដ៏ទំនើបរបស់អាមេរិក THAAD នៅក្នុងទឹកដីកូរ៉េខាងត្បូង ត្រូវបញ្ចប់នៅរយៈពេល១ខែ ឬ២ខែទៀត ហើយអាចនឹងប្រតិបត្តិការនៅដើមខែមេសា ឆ្នាំ២០១៧ ខាងមុខ ។
ប្រភពព័ត៌មានពីមន្ត្រីយោធាអាមេរិកបានថ្លែងប្រាប់ប្រភពរ៉យទ័រថា ប្រព័ន្ធមីស៊ីល Terminal High Altitude Area Defense (THAAD) បានបញ្ជូនដល់កូរ៉េខាងត្បូងរួច ដើម្បីដាក់ពង្រាយនៅក្នុងទឹកដីប្រទេសមួយនេះ ។ ប្រភពបន្តថា សកម្មភាពនេះកើតឡើងភ្លាមៗ បន្ទាប់ពីកូរ៉េខាងជើង កាលពីថ្ងៃចន្ទ បានបាញ់សាកល្បងមីស៊ីល៤គ្រាប់ ដែលធ្វើឲ្យជប៉ុន និងកូរ៉េខាងត្បូងមានការព្រួយបារម្ភយ៉ាងខ្លាំង ៕
