មេដឹកនាំក្រុមអាវក្រហមថៃជាប់ពន្ធនាគារពីបទបរិហារកេរ្តិ៍មហាក្សត្រ

មេដឹកនាំក្រុមប្រឆាំងអាវក្រហមថៃមួយរូបត្រូវបានដាក់ទោសជាប់ពន្ធនាគាររយៈពេល២ឆ្នាំកាលពីថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៧ ពីបទបរិហារកេរ្តិ៍ព្រះមហាក្សត្រអំឡុងពេលបាតុកម្មតាមដងផ្លូវឆ្នាំ២០១០ ។

តុលាការកំពូលបានបញ្ជាក់ថា ខ្លួនបានគាំទ្រការកាត់សេចក្តីរបស់តុលាការជាន់ទាបទៅលើទណ្ឌិតឈ្មោះ Yosvaris Chuklom ដែលជាតារាកម្លែងផងនោះ ពីបទបំពាន់ទៅលើព្រះចេស្តា ដែលអាចពិន័យទោសរហូតដល់១៥ឆ្នាំ ក្នុងបទល្មើសនីមួយៗ ។

ចាប់តាំងពីឡើងកាន់អំណាចក្នុងឆ្នាំ២០១៤រហូតមកដល់ពេលនេះ រដ្ឋាភិបាលយោធាថៃបានបង្កើនប្រើប្រាស់ច្បាប់បរហារកេរ្តិ៍រាជវង្សដើម្បីប្រឆាំងទៅលើក្រុមអ្នករិះគន់ ។

លោក Yosvaris ជាមេដឹកនាំមួយរូបដែលស្ម័គ្រស្មោះជាមួយចលនាដ៏ល្បីល្បាញរបស់នាយករដ្ឋមន្ត្រីបណ្តេញចេញពីអំណាច ថាក់ស៊ីន ស៊ីណាវ៉ាត្រា និងប្អូនស្រីរបស់លោក យីងឡាក់ ស៊ីណាវ៉ាត្រា ដែលរដ្ឋាភិបាលរបស់លោកស្រីត្រូវបានធ្វើរដ្ឋប្រហារទម្លាក់ចុងក្រោយគេបំផុតនៅក្នុងប្រទេសថៃនោះ ។

នៅក្នុងសេចក្តីថ្លែងកាលពីឆ្នាំ២០១០នោះ លោក Yosvaris មិនបានបញ្ចេញឈ្មោះព្រះមហាក្សត្រនោះឡើយ ។ អំឡុងពេលនោះ ក្រុមអាវក្រហម ជាក្រុមប្រឆាំងនៅប្រទេសថៃ ។ តុលាការបានកាត់សេចក្តីថា កាយវិការរបស់លោក Yosvaris នាពេលនោះ គឺសម្តៅទៅលើព្រះមហាក្សត្រយ៉ាងច្បាស់ក្រឡែត ។ លោក Yosvaris អះអាងថា លោកមិនមានចេតនាបរិហារកេរ្តិ៍ព្រះមហាក្សត្រឡើយ ។

ក្រោយពីតុលាការសម្រេចសេចក្តីជាផ្លូវការនេះ ទាំងមេធាវី និងទាំងលោក Yosvaris មិនបានធ្វើអត្ថាធិប្បាយអ្វីឡើយជាមួយក្រុមអ្នកកាសែត ។

ព្រះមហាក្សត្រភូមបុល អាប់ឌុលយ៉ាដេត បានចូលព្រះទិវង្គត់កាលពីខែតុលា ឆ្នាំ២០១៦ ហើយព្រះរាជបុត្ររបស់ព្រះអង្គ គឺព្រះអង្គម្ចាស់ មហា វិជ្ជរាឡុងកន បានឡើងស្នងរាជ្យជំនួសព្រះបិតា ។ ក្រុមអ្នកសង្កេតការសភាពការណ៍នយោបាយក្នុងប្រទេសថៃ បានអះអាងថា ចាប់តាំងពីពេលនោះមក ច្បាប់បរិហារកេរ្តិ៍រាជ្យវង្សានុវង្ស ត្រូវបានគេយកមកប្រើប្រាស់ជាញឹកញាប់ផងដែរ ៕

Leave a Reply

Your email address will not be published. Required fields are marked *