អង្គការសហប្រជាជាតិបានអះអាងថា ពិភពលោកបាននិងកំពុងប្រឈមវិបត្តិធ្ងន់ធ្ងរផ្នែកមនុស្សធម៌មិនធ្លាប់មានចាប់តាំងពីអង្គការនេះបានបង្កើតឡើងក្នុងឆ្នាំ១៩៤៥ មកដល់ពេលនេះ ។ អង្គការសហប្រជាជាតិបានអំពាវនាវរកជំនួយដើម្បីចៀសផុតពីមហន្តរាយមួយនេះ ។
លោក Stephen O’Brien ឧត្តមស្នងការទទួលបន្ទុកកិច្ចការមនុស្សធម៌បានថ្លែងថា មនុស្សជាង២០លាននាក់នៅក្នុងប្រទេសយេមែន, ស៊ូម៉ាលី, ស៊ូដង់ខាងត្បូង និងនីហ្សេរីយ៉ាបានប្រឈមទៅនឹងការគំរាមកំហែងអំពីគ្រោះអត់ឃ្លាន និងគ្រោះទុរ្ភិក្ស ។
អង្គការ Unicef បានព្រមានរួចហើយថា កុមារប្រមាណ១.៤លាននាក់អាចរងគ្រោះរហូតដល់ស្លាប់ដោយសារតែគ្រោះអត់ឃ្លាននៅក្នុងឆ្នាំនេះ ។
លោកឧត្តមស្នងការបានថ្លែងថា ទឹកប្រាក់៤.៤ពាន់លានដុល្លារ គឺជាតម្រូវការចាំបាច់រយៈពេលមិនហួសពីខែកក្កដា ឆ្នាំ២០១៧នេះ ដើម្បីបញ្ចៀសបានពីវិបត្តិមួយនេះ ។ លោក O’Brien បានថ្លែងកាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៧ថា «យើងបាននិងកំពុងស្ថិតនៅក្នុងកម្រិតមួយគ្រោះថ្នាក់បំផុតមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រ ។ យើងទទួលបទពិសោធន៍ចាប់តាំងពីដើមឆ្នាំនេះមកម្ល៉េះទាក់ទងវិបត្តិមនុស្សធម៌នេះ ដែលមិនធ្លាប់មានតាំងពីថ្ងៃបង្កើតអង្គការសហប្រជាជាតិរហូតមកទល់ពេលនេះ» ។
លោកឧត្តមស្នងការបន្តថា នៅពេលនេះ មនុស្សជាង២០នាក់នាក់នៅទូទាំងប្រទេសទាំង៤ ប្រឈមមុខនឹងគ្រោះអត់ឃ្លាន និងទុរ្ភិក្ស ។ ពិភពលោកមិនបានរវីរវល់ចំពោះមនុស្សទាំងនេះទេ ពួកគេនឹងអត់ឃ្លានរហូតដល់ស្លាប់ ។ មនុស្សជាច្រើននាក់រួចមកហើយបានទទួលរងការឈឺចាប់ និងស្លាប់ដោយសារតែជំងឺផ្សេងៗ ។ កុមារបោះបង់ចោលសាលារៀន ។ សិទ្ធិរស់រានមានជីវិត ក្តីសង្ឃឹម និងអនាគតរបស់ពួកគេត្រូវបាត់បង់ ។ ពួកគេភាគច្រើនគ្មានទីជម្រក ហើយបន្តភៀសខ្លួនដើម្បីរស់នៅ និងបង្កើតឲ្យមានអស្ថិរភាពនៅក្នុងតំបន់ទាំងមូល ៕


