ទីភ្នាក់ងារព័ត៌មានម៉ាឡេស៊ីបានផ្សាយថា កូរ៉េខាងជើង និងម៉ាឡេស៊ី នឹងពិភាក្សាគ្នាជាផ្លូវការនៅប៉ុន្មានថ្ងៃខាងមុខនេះ ដើម្បីរកដំណោះស្រាយ បន្ទាប់ពីស្ថានការតានតឹងកើតឡើងរវាងប្រទេសទាំងពីរ ក្នុងករណីស្លាប់របស់លោក គីម ជុងណាម បងប្រុសលោកគីម ជុងអ៊ុន មេដឹកនាំរបបទីក្រុងព្យុងយ៉ាង ។
រដ្ឋមន្ត្រីក្រសួងការបរទេសម៉ាឡេស៊ី លោក Anifah Aman បានថ្លែងនៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៧ថា ម៉ាឡេស៊ីនឹងពិភាក្សាជាផ្លូវការជាមួយកូរ៉េខាងជើងនាពេលឆាប់ៗខាងមុខនេះ ទាក់ទងការអនុញ្ញាតឲ្យត្រឡប់មកប្រទេសកំណើតវិញពលរដ្ឋម៉ាឡេស៊ី៩នាក់ដែលស្ថិតនៅទីក្រុងព្យុងយ៉ាងនោះ ។
លោកអះអាងថា កូរ៉េខាងជើងបានបញ្ជាក់ថា ពួកគេត្រៀមដើម្បីពិភាក្សាគ្នានេះដែរ ។
លោក Aman បានប្រាប់ថា «ពួកគេចង់ចាប់ផ្តើមចរចា ។ យើងមិនដឹងថា ពួកគេទាមទារចង់បានអ្វីឡើយ ប៉ុន្តែអ្វីដែលយើងអាចធ្វើទៅបាននោះ គឺលទ្ធផលមួយដែលល្អបំផុត» ។
សូមបញ្ជាក់ថា លោក គីម ជុងណាម បងប្រុស(ឪពុកតែមួយ ម្តាយទីទៃ)របស់លោកគីម ជុងអ៊ុន ត្រូវបានឃាតកសម្លាប់កាលពីខែកុម្ភៈ ឆ្នាំ២០១៧ នៅក្នុងទីក្រុងគូឡាំពួរ ប្រទេសម៉ាឡេស៊ី ដោយប្រើប្រាស់អាវុធជីវសាស្ត្រ ។ ការស្លាប់នេះបានធ្វើឲ្យទំនាក់ទំនងការទូតប្រទេសទាំងពីរល្អក់កករ រហូតដល់ហាមពលរដ្ឋមិនឲ្យធ្វើដំណើរទៅវិញ ទៅមករវាងប្រទេសទាំងពីរទៀតផង ៕

