បាក់គំនរសំរាមសង្កត់មនុស្សស្លាប់៤៦នាក់ នៅប្រទេស Ethiopia

មនុស្សយ៉ាងតិច៤៦នាក់បានបាត់បង់ជីវិត ដោយសារគំនរសំរាមដ៏ធំបានបាក់សង្កត់ និងរាប់សិបនាក់ផ្សេងទៀត រងរបួសនៅក្នុងប្រទេស Ethiopia ស្ថិតនៅមិនឆ្ងាយប៉ុន្មានពីទីក្រុង Addis Ababa ហើយដែលសោកនាដកម្មនេះ​ត្រូវគេបន្ទោសថា បណ្តាលមកពីការសាងសង់រោងចក្រជីវឧស្ម័ននៅក្បែរនោះ ។

អ្នករាយការណ៍ព័ត៌មាន AFP បានបញ្ជាក់ថា ការបាក់គំនរសំរាមកាលពីថ្ងៃទី១១​ ខែមីនា ឆ្នាំ២០១៧នោះ បណ្តាលឲ្យសង្កត់ពីលើលំនៅឋានច្រើនខ្នងរបស់ប្រជាពលរដ្ឋដែលរស់នៅតំបន់ចាក់សំរាម Koshe ។ គំនរសំរាមនេះមួយភាគធំបានបាក់រលំ ។

លោកស្រី Dagmawit Moges ប្រធានការិយាល័យទំនាក់ទំនងរដ្ឋធានី ថ្លែងថា មនុស្ស៤៦នាក់បានបាត់បង់ជីវិត ក្នុងនោះស្រី៣២នាក់ និងបុរស១៤នាក់ ព្រមជាមួយកុមារផងដែរ ។ មនុស្សជាច្រើនគ្រួសារបានទៅសង់ជាខ្ទម និងរស់នៅទីតាំងចាក់សំរាមលើផ្ទៃដីទំហំ៣០ហិកតា ។

ជនរងគ្រោះម្នាក់ឈ្មោះ Musa Suleiman Abdulah ដែលបាត់បង់ខ្ទមឈើ ដំបូលប្រក់តង់កៅស៊ូនិយាយថា ខណៈដែលហេតុការណ៍បានកើតឡើងនោះ គាត់បានឮសំឡេងយ៉ាងខ្លាំង ។ នៅពេលគាត់រត់ចេញ ក៏ហាក់ដូចជាជួបនឹងខ្យល់ព្យុះមកលើខ្លួនគាត់ ។ ពេលនោះ គាត់បានចាប់ផ្តើមនាំសមាជិកគ្រួសាររត់ភៀសចេញទីនោះ ។ គាត់បន្តថា គ្រួសារគាត់បានចាក់ចេញមុនពេលការបំផ្លិចបំផ្លាញបានកើតឡើង ។

នៅពេលនេះ តាមដងផ្លូវក្បែរកន្លែងកើតហេតុ ពោរពេញដោយសំឡេងទ្រហ៊ោយំពីសំណាក់ស្ត្រីទាំងឡាយ ដែលបាត់បង់សមាជិកគ្រួសារ កូនចៅរបស់ពួកគាត់ ។

អ្នកឈរមើលហេតុការណ៍បាននិយាយថា នៅមានមនុស្សជាប់នៅក្រោមគំនរសំរាមដែលបាក់រំលំសង្កត់នោះ ។ ប៉ុន្តែប៉ូលិសបានរារាំងប្រជាពលរដ្ឋមិនឲ្យចូលទៅជិតទីតាំងកើតហេតុឡើយ ។

កាលពីថ្ងៃទី១២ ខែមីនា មនុស្ស៦នាក់ប៉ុណ្ណោះត្រូវបានគេឃើញជីកកកាយស្វែងរកសមាជិកគ្រួសាររបស់ពួកគេ ។

ជនរងគ្រោះម្នាក់ទៀត ឈ្មោះ Ibrahim Mohammed បាននិយាយថា មហន្តរាយនេះ កើតឡើងរយៈពេល៣នាទីប៉ុណ្ណោះ ។ មនុស្សប្រមាណ៣០០នាក់ ដែលប៉ាន់ប្រមាណថា បានរស់នៅទីតាំងកើតហេតុនោះ ៕

Leave a Reply

Your email address will not be published. Required fields are marked *