រដ្ឋអាជ្ញាកូរ៉េខាងត្បូងកោះហៅលោកស្រីអតីតប្រធានាធិបតីសាកសួរពាក់ព័ន្ធអំពើពុករលួយ

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានផ្សព្វផ្សាយកាលពីថ្ងៃទី១៤ ខែមីនា ថា រដ្ឋអាជ្ញាកូរ៉េខាងត្បូងនឹងកោះហៅអតីតប្រធានាធិបតីកូរ៉េ លោកស្រីផាក់ យ៉ុងហេ ឲ្យចូលខ្លួននៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៧ ដើម្បីសាកសួរ ពាក់ព័ន្ធករណីអំពើពុករលួយ ។ ការកោះហៅនេះ បានកើតឡើងចំពេលដែលកូរ៉េខាងត្បូងបាននិងកំពុងញាំញីដោយវិបត្តិនយោបាយផ្ទៃក្នុង អូសបន្លាយពេលរាប់ខែមកហើយ ។

មន្ត្រីរដ្ឋអាជ្ញាមួយរូបក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះបានប្រាប់រ៉យទ័រថា នៅពេលលោកស្រី ផាក ចូលខ្លួនតាមការកោះហៅនោះ គឺមានការសាកសួរ ពាក់ព័ន្ធសំណុំរឿងពុករលួយ ។ ទាំងមេធាវី និងទាំងលោកស្រី ផាក មិនត្រូវបានស្វែងរកដើម្បីបកស្រាយនោះឡើយ ។

សូមបញ្ជាក់ថា តុលាការធម្មនុញ្ញកូរ៉េខាងត្បូងបានសម្រេចដកហូតតួនាទីលោកស្រីផាក យ៉ុងហេ ពីតំណែងប្រធានាធិបតី តាមការបោះឆ្នោតសម្រេចរបស់សភា កាលពីពេលកន្លងមក ។ លោកស្រី ផាក​យុងហេ ត្រូវគេចោទប្រកាន់ថា ប្រព្រឹត្តអំពើពុករលួយ និងអនុញ្ញាតឲ្យមិត្តភក្តិ ដែលមិនមានតួនាទីក្នុងរដ្ឋាភិបាលនោះជ្រៀតជ្រែកចូលកិច្ចការប្រទេសជាតិ ។ លោកស្រី បានច្រានចោលរាល់ការចោទប្រកាន់ ដោយអះអាងថា លោកស្រីមិនបានធ្វើខុសនោះឡើយ ។

បន្ទាប់ពីសេចក្តីសម្រេចរបស់តុលាការធម្មនុញ្ញភ្លាម កាលពីថ្ងៃទី១២ ខែមីនា លោកស្រីបានរើអីវ៉ែអីវ៉ាន់ចេញពីវិមានពណ៌ខៀវនៃប្រធានាធិបតី ទៅកាន់លំនៅឋានឯកជនរបស់លោកស្រី និងក្លាយខ្លួនជាពលរដ្ឋសាមញ្ញ ហើយត្រូវបានដកហូតអភ័យឯកសិទ្ធិ និងជាគោលដៅរបស់ក្រុមរដ្ឋអាជ្ញាកោះហៅដើម្បីសាកសួរតែម្តង ។

លោកស្រី ផាក ជាអតីតប្រធានាធិបតីស្រីដំបូងគេបំផុត និងជាប្រធានាធិបតីដែលខ្ចាត់ពីអំណាចនៅមុនអាណត្តិរបស់ខ្លួន ។ តាមរយៈអ្នកនាំពាក្យ លោកស្រីបានថ្លែងសុំទោសប្រជាពលរដ្ឋចំពោះការដឹកនាំរបស់លោកស្រីមិនបានចប់ចុងចប់ដើម ហើយលោកស្រីអះអាងថា ការពិត នឹងលាតត្រដាងចេញ នៅពេលដែលការស៊ើបអង្កេតត្រូវបានបញ្ចប់ ៕

Leave a Reply

Your email address will not be published. Required fields are marked *