កាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៧ រដ្ឋាភិបាលយោធាថៃបានផ្សព្វផ្សាយុទ្ធសាស្ត្ររបស់ខ្លួនរយៈពេល២០ឆ្នាំ ដើម្បីគូសវាសផ្លូវនយោបាយនៅក្នុងប្រទេសនេះឆ្ពោះទៅរកសន្តិភាពយូរអង្វែង ខណៈដែលពេលនេះមានការរំពឹងថា ការបោះឆ្នោតឆាប់បំផុតគ្រោងធ្វើឡើងនៅឆ្នាំក្រោយនោះ ។
យុទ្ធសាស្ត្រទាំងនេះត្រូវបានក្រុមអ្នករិះគន់មើលឃើញថា ជាសកម្មភាពច្បាប់យកអំណាចរបស់កម្លាំងយោធាថៃ បើទោះបីថា ការរៀបចំបោះឆ្នោតនោះ ខាងណាទទួលជ័យជំនះក៏ដោយ ក៏កម្លាំងយោធានៅតែក្តាប់អំណាចដដែល ។
លោក Weerachon Sukondhapatipak អ្នកនាំពាក្យរដ្ឋាភិបាលយោធាថៃ ថ្លែងថា គោលសំខាន់នៃយុទ្ធសាស្ត្រខាងលើនេះគ្មានអ្វីក្រៅពីធានាដល់បញ្ហាសន្តិសុខ ការប្រកួតប្រជែង ធនធានមនុស្ស សមធម៌សង្គម សេដ្ឋកិច្ចបៃតង និងការកែទម្រង់រដ្ឋបាលសាធារណៈនោះឡើយ ។
សេចក្តីពិស្តារនៃយុទ្ធសាស្ត្រទាំងនេះនៅមិនទាន់សម្រេចជាផ្លូវការនៅឡើយ ហើយការផ្សព្វផ្សាយជាសាធារណៈនឹងធ្វើឡើងនៅពេលដែលវាក្លាយជាច្បាប់ពេញលេញ ។
បន្ទាប់ពីដណ្តើមអំណាច ក្រោយស្ថានការណ៍ចលាចលខាងនយោបាយនៅប្រទេសថៃកាលពីឆ្នាំ២០១៤ ក្នុងព្រឹត្តិការណ៍រដ្ឋប្រហារលើកទី១៩ ក្នុងរយៈពេល៨ទសវត្សរ៍នោះ នាយករដ្ឋមន្ត្រីប្រាយុទ្ធ ចាន់អូចា បានប្រកាសថា កងកម្លាំងយោធានឹងចេញពីការកាន់អំណាចក្នុងរយៈពេល១៨ខែប៉ុណ្ណោះ ។
កាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៧ គណៈរដ្ឋមន្ត្រីនៃរដ្ឋាភិបាលយោធាថៃបានសម្រេចព្រmព្រៀងលើការអនុមតិសេចក្តីព្រាងច្បាប់មួយស្តីអំពីយុទ្ធសាស្ត្ររយៈពេល២០ឆ្នាំនេះ ។
ក្រោយការធ្វើប្រជាមតិកាលពីឆ្នាំ២០១៦កន្លងមក ការរៀបចំបោះឆ្នោតនៅប្រទេសថៃ ត្រូវបានសន្យាថា នឹងរៀបចំឡើងនៅក្នុងឆ្នាំ២០១៧ ។ ប៉ុន្តែការជាប់រវល់រៀបចំបុណ្យព្រះមហាក្សត្រថៃ ភូមិបុល អាប់ឌុលយ៉ាដែត នោះនាំឲ្យមានការពន្យារពេលរៀបចំបោះឆ្នោត តាមការស្នើសុំពីព្រះមហាក្សត្រថ្មីរបស់ថៃ គឺព្រះមហាវេជ្ជរាឡុងកន ហើយការរៀបចំបោះឆ្នោតថ្មីនោះ នឹងធ្វើឡើងនៅមិនហួសពីឆ្នាំ២០១៨ឡើយ ៕
