បំផ្ទុះគ្រាប់បែកក្នុងរថយន្តអត្តឃាតរបស់ក្រុមឧទ្ទាមតាលីបង់នៅជិតបន្ទាយទាហានភាគខាងកើតអាហ្វហ្គានីស្ថាន

ហេតុការណ៍បំផ្ទុះគ្រាប់បែកក្នុងរថយន្តអត្តឃាតបានកើងឡើងនៅជិតបន្ទាយទាហានមួយកន្លែង​ស្ថិតនៅភាគខាងកើតនៃខេត្ត Khost ប្រទេសអាហ្វហ្គានីស្ថាន កាលពីថ្ងៃទី១៧ ខែមីនា បណ្តាលឲ្យស្លាប់ទាហានម្នាក់ និងច្រើននាក់ផ្សេងទៀតរងរបួស មុនពេលដែលកម្លាំងទាហានបានវាយបកទៅលើខ្មាន់កាំភ្លើង៤នាក់នោះ ។

លោក Akbar Zadran អភិបាលស្រុក Sabari បាននិយាយប្រាប់រ៉យទ័រថា ហេតុការណ៍បំផ្ទុះគ្រាប់បែក​កើតឡើងនៅចម្ងាយ៥០ម៉ែត្រប៉ុណ្ណោះពីបន្ទាយទាហាន ។ សំឡេងផ្ទុះបានលាន់ឮជាច្រើនម៉ៃ ធ្វើឲ្យខូចខាត់ហាងលក់ទំនិញច្រើនកន្លែង លំនៅឋានប្រជាពលរដ្ឋ និងសាលារៀន ផងដែរ ។

ខ្មាន់កាំភ្លើង៤នាក់បានវាយប្រហារចូលទៅកាន់មន្ទាយទាហាន ប៉ុន្តែក្រោយការវាយបកវិញរយៈពេលច្រើនម៉ោង ខ្មាន់កាំភ្លើងទាំងនោះត្រូវបានសម្លាប់ ។

ក្រុមឧទ្ទាមតាលីបង់បានប្រកាសទទួលស្គាល់ការវាយប្រហារនេះ ដោយអះអាងថា​ធ្វើឲ្យខាងកម្លាំងសត្រូវខូចខាតយ៉ាងសម្បើម ។ ក្រុមចលនាអិស្លាមជ្រុលនិយមតែងតែបំផ្លើសពីការបាត់បង់ជីវិតដោយសារតែការវាយប្រហាររបស់ពួកគេ ។

រដ្ឋាភិបាលអាហ្វហ្គានីស្ថាន រហូតមកដល់ពេលនេះគ្រប់គ្រងទឹកដីបានត្រឹមតែជាង៦០ភាគរយប៉ុណ្ណោះ ក្រោយពេលដែលកងទ័ពបរទេសដឹកនាំដោយអង្គការណាតូធ្វើប្រតិបត្តិការប្រយុទ្ធប្រឆាំងក្រុមឧទ្ទាម ដែលត្រូវបញ្ចប់កាលពីឆ្នាំ២០១៤នោះ ។

មន្ត្រីសហរដ្ឋអាមេរិក ក៏ដូចអាហ្វហ្គានីស្ថានផងដែរបានព្រមានពីកំណើននៃការវាយប្រហារនៅក្នុងឆ្នាំ២០១៧នេះ ដោយសារតែក្រុមឧទ្ទាមតាលីបង់កំពុងស្វះស្វែងរកការពង្រីកទឹកដីគ្រប់គ្រងរបស់ខ្លួន ។

ក្រោយបណ្តេញចេញអំណាចក្នុងឆ្នាំ២០០១ ក្រុមឧទ្ទាមតាលីបង់មានមហិច្ឆតាបណ្តេញកងទ័ពបរទេស និងកម្ចាស់រដ្ឋាភិបាលដែលគាំពារដោយសហរដ្ឋអាមេរិកពីដឹកអាហ្វហ្គានីស្ថាន ។

កាលពីដើមខែមីនា ឆ្នាំ២០១៧ មន្ត្រីយោធាជាន់ខ្ពស់អាមេរិកមួយរូបឈ្មោះ Joseph Votel បានស្នើឲ្យបញ្ជូនទាហានបន្ថែមទៀតទៅកាន់អាហ្វហ្គានីស្ថានដើម្បីចូលរួមធ្វើប្រតិបត្តិការប្រឆាំងក្រុមឧទ្ទាម ខណៈដែលបច្ចុប្បន្ន ទាហានអាមេរិកប្រមាណ៨៤០០នាក់ឈរជើងនៅទីនោះស្រាប់ហើយ ៕

Leave a Reply

Your email address will not be published. Required fields are marked *