ប្រភពព័ត៌មានពីយោធាអុីស្រាអែលបានអះអាងថា ខ្លួនបានបាញ់ទម្លាក់មីស៊ីលប្រឆាំងយន្តហោះចម្បាំងមួយគ្រាប់ក្នុងចំណោមច្រើនគ្រាប់ ដែលត្រូវបានគេបាញ់កាលពីថ្ងៃទី១៧ ខែមីនា សម្តៅមកកាន់បន្ទាយកងទ័ពជើងអាកាសអុីស្រាអែលកំពុងប្រតិបត្តិការនៅក្នុងទឹកដីសុីរី ។
មីស៊ីលសឺរ៉ែនបានបន្លឺសម្លេងឡើងនៅក្នុងមូលដ្ឋានកងទ័ពជើងអាកាសអុីស្រាអែល ស្ថិតនៅតំបន់ Jordan Valley ដែលគ្រប់គ្រងនៅ West Bank ហើយប៉ុន្មាននាទីក្រោយមក ត្រូវគេឮសំឡេងផ្ទុះដ៏ក្តុងក្ឌាំងមួយ ។
សេចក្តីថ្លែងការណ៍របស់យោធាអុីស្រាអែលបញ្ជាក់ថា ខ្លួនបានវាយស្ទាក់មីស៊ីលប្រឆាំងយន្តហោះចម្បាំងមួយគ្រាប់ ។ សំឡេងផ្ទុះនៃការកម្ទេចប្រព័ន្ធមីស៊ីលនោះបានលាន់ឮឡើងនៅមិនឆ្ងាយប៉ុន្មានពីដែនដី ហ្សេរ៉ូសាឡឹម តែប៉ុន្មានម៉ៃពីគ្នាប៉ុណ្ណោះ ។ មិនមានសេចក្តីរាយការណ៍ពីគ្រោះថ្នាក់ដល់អាយុជីវិតទាក់ទងបញ្ហានេះទេ ។
សេចក្តីថ្លែងការណ៍ដដែលនោះបន្តថា ទាំងយប់អធ្រាត្រតែម្តង កងកម្លាំងជើងអាកាសអុីស្រាល មានយន្តហោះចម្បាំងបានប្រតិបត្តិការលើគោលដៅជាច្រើនកន្លែងនៅក្នុងទឹកដីសុីរី ។ បន្ទាប់ពីប្រតិបត្តិការនេះភ្លាម មីស៊ីលប្រឆាំងយន្តហោះចម្បាំងជាច្រើនគ្រាប់ត្រូវគេបាញ់ចេញពីក្នុងទឹកដីសុីរី ហើយពេលនោះ ប្រព័ន្ធមីស៊ីលការពារដែនអាកាសរបស់កងទ័ពការពារជាតិអុីស្រាអែលបានបាញ់ស្ទាក់ចាប់បានមីស៊ីលប្រឆាំងយន្តហោះចម្បាំងមួយគ្រាប់ ហើយនាំយកទៅកម្ទេចចោល ។
កម្លាំងយោធាអុីស្រាអែលបានប្រតិបត្តិការតាមដែនអាកាសច្រើនលើកមកហើយក្នុងគោលដៅប្រឆាំងការពារ មិនឲ្យមានការរត់ពន្ធអាវុធទៅក្រុមហេសបូឡាស៍គាំទ្រដោយប្រទេសអុីរ៉ង់ ហើយដែលកំពុងប្រយុទ្ធជាមួយក្រុមបះបោរស៊ីរី ជួយដល់កងកម្លាំងទាហានរដ្ឋាភិបាលសុីរីរបស់លោកបាសា អាល់អាសាដ ។
ប្រទេសអុីរ៉ង់ ដែលជាសត្រូវសួរពូជរបស់អុីស្រាអែលនោះ បានគាំទ្រដល់ប្រធានាធិបតីស៊ីរី លោកបាសា អាល់អាសាដ ព្រមទាំងអនុញ្ញាតឲ្យក្រុមសកម្មប្រយុទ្ធហេសបូឡាស៍ក្នុងទឹកដីអុីរ៉ង់ ចូលទៅជួយវាយប្រហារដល់កងកម្លាំងរដ្ឋាភិបាលសុីរីថែមទៀតផង ។ អុីស្រាអែលបានព្រួយបារម្ភថា ក្រុមឧទ្ទាមហេសបូឡាស៍ ដែលធ្លាប់ធ្វើសង្គ្រាមជាមួយគ្នាក្នុងឆ្នាំ២០០៦នោះ កំពុងតែឃ្នះឃ្នែងស្វែងរកអាវុធធុនទំនើបៗ ហើយអាចប្រើប្រាស់អាវុធទាំងនោះសម្រាប់វាយប្រហារមកលើអុីស្រាអែលវិញ ។
កាលពីសប្តាហ៍កន្លងមកនេះ នាយករដ្ឋមន្ត្រីអុីស្រាអែល លោក បែនចាមីន ណេតាន់យ៉ាហ៊ូ បានទៅកាន់ទីក្រុងមូស្គូ ជួបជាមួយប្រធានាធិបតីរុស្ស៊ី លោកវ្ល៉ាឌីមៀរ ពូទីន ដើម្បីពិភាក្សាបញ្ហាដែលលោកបានចោទប្រកាន់ថា អុីរ៉ង់បាននិងកំពុងព្យាយាមបង្កើតបន្ទាយយោធាអចិន្ត្រៃយ៍នៅក្នុងទឹកដីសុីរីនោះ ៕


