កូរ៉េខាងជើងសាកល្បងម៉ាស៊ីនបាញ់រ៉ុក្កែតកម្រិតខ្ពស់

ប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងជើងបានសរសេរថា យោធារបស់កូរ៉េខាងជើងបានសាកល្បងម៉ាស៊ីនបាញ់រ៉ុក្កែតកម្រិតខ្ពស់ថ្មីមួយ ដែលមេដឹកនាំគីម ជុងអ៊ុន ប្រកាសថា ជាការចាប់កំណើតថ្មីនៃឧស្សាហកម្មរ៉ុក្កែតរកូរ៉េខាងជើង ។ នេះបើតាមការផ្សព្វផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន KCNA ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៧ ហើយត្រូវបានទីភ្នាក់ងារព័ត៌មានប៊ីប៊ីស៊ីដកស្រង់មកចុះផ្សាយបន្ត ។

ប្រភពបន្តថា លោកគីម ជុងអ៊ុនបានថ្លែងថា ម៉ាស៊ីនបាញ់រ៉ុក្កែតកម្រិតខ្លាំងនេះ នឹងជួយឲ្យកូរ៉េខាងជើងសម្រេចបាននូវសមត្ថភាពបាញ់បង្ហោះផ្កាយរណបក្នុងលំដាប់ថ្នាក់ពិភពលោក ។

ការសាកល្បង ឬការអភិវឌ្ឍន៍ម៉ាស៊ីនបាញ់រ៉ុក្កែតកម្រិតខ្ពស់របស់កូរ៉េខាងជើងនាពេលនេះ មិនត្រូវបានបញ្ជាក់ប្រាប់ពីទីតាំងឲ្យច្បាស់លាស់នោះឡើយ ។ ករណីនេះបានកើតឡើងស្របពេលដែលរដ្ឋមន្ត្រីការបរទេសអាមេរិក Rex Tillerson កំពុងបំពេញទស្សនកិច្ចនៅប្រទេសចិនដែលជាសម្ពន្ធមិត្តសំខាន់របស់ទីក្រុងព្យុងយ៉ាង ។

ទីភ្នាក់ងារព័ត៌មាន KCNA របស់កូរ៉េខាងជើងបានរាយការណ៍ថា លោកគឹម ជុងអ៊ុនបានត្រួតពិនិត្យដោយផ្ទាល់ការសាកល្បងម៉ាស៊ីនបាញ់រ៉ុក្កែតកម្រិតខ្ពស់នាពេលនេះ ហើយលោកបានថ្លែងថា ក្នុងពេលដ៏ឆាប់ខាងមុខ ពិភពលោកនឹងឃើញសមិទ្ធផលរបស់កូរ៉េខាងជើងដែលសម្រេចបាននាពេលនេះជាក់ជាពុំខាន ។ នេះជានិមិត្តរូបនៃកំណើតឧស្សាហកម្មរ៉ុក្កែតរបស់កូរ៉េខាងជើង ។

ដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសអាមេរិកមកកាន់តំបន់អាស៊ីខាងកើតបានគ្របដណ្តប់ដោយបញ្ហាផ្សេងៗទាក់ទងថាមពលអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង ។

អំឡុងពេលស្ថិតនៅកូរ៉េខាងត្បូងកាលពីថ្ងៃ១៧ ខែមីនា លោក Tillerson បានសង្កត់ធ្ងន់ថា ការឆ្លើយតបដោយកម្លាំងយោធាអាចជាជម្រើស ប្រសិនបើកូរ៉េខាងជើងគំរាមកំហែងមកលើកម្លាំងយោធាអាមេរិក និងកូរ៉េខាងត្បូងនោះ ។

អាមេរិក និងចិនបានសន្យាសហការជាមួយគ្នា ធ្វើយ៉ាងណាឲ្យកូរ៉េខាងជើងបោះបង់ចោលកម្មវិធីអាវុធនុយក្លេអ៊ែរ ទោះក្នុងវិធីណាក៏ដោយ ហើយរដ្ឋមន្ត្រីការបរទេសប្រទេសទាំងពីរបានជួបពិភាក្សាគ្នាកាលពីថ្ងៃទី១៨ ខែមីនា ។

កូរ៉េខាងជើងបានបាញ់សាកល្បងអាវុធនុយក្លែអ៊ែរ៥លើករួចមកហើយ ក្នុងនោះក៏មានការបាញ់សាកល្បងមីស៊ីលរាប់ភ្លេចផងដែរ ។ ក្រុមអ្នកជំនាញ និងមន្ត្រីរដ្ឋាភិបាលមានជំនឿថា កូរ៉េខាងជើងកំពុងអភិវឌ្ឍន៍ក្បាលគ្រាប់មីស៊ីលដែលអាចបាញ់ទៅដល់ទឹកដីអាមេរិក ។

មេដឹកនាំគីម ជុងអ៊ុន បានថ្លែងថា ប្រទេសរបស់លោក ជិតនឹងបាញ់សាកល្បងមីស៊ីលអន្តរទ្វីបហើយ ៕

Leave a Reply

Your email address will not be published. Required fields are marked *