ភេរវកម្មនៅស្ថានីយរថភ្លើងក្រោមដីប្រទេសរុស្ស៊ី ស្លាប់១១នាក់ និងរាប់សិបនាក់រងរបួស

ទីភ្នាក់ងារព័ត៌មានរុស្ស៊ី Interfax News បានដកស្រង់សម្តីមន្ត្រីជាន់ខ្ពស់រុស្ស៊ីផ្សព្វផ្សាយថា មនុស្សយ៉ាងតិច១១នាក់បានបាត់បង់ជីវិត និងរាប់សិបនាក់ផ្សេងទៀតរងរបួស នៅក្នុងការវាយប្រហារគ្រាប់បែកសង្ស័យជាករណីភេរវកម្មស្ថិតនៅស្ថានីយរថភ្លើងក្រោមដី ទីក្រុង St Petersburg ទីក្រុងធំបំផុតលំដាប់ទី២របស់រុស្ស៊ីកាលពីវេលាម៉ោង២និង៤០នាទីរសៀល ម៉ោងនៅក្នុងតំបន់ ថ្ងៃទី៣ ខែមេសា ។

អាជ្ញាធរប្រទេសនេះបានបិទស្ថានីយរថភ្លើងក្រោមដីដែលរងការវាយប្រហារអស់រយៈពេលជាច្រើនម៉ោង និងបានដោះគ្រាប់បែកទី២ដែលបម្រុងផ្ទុះនោះផងដែរ ។ សមត្ថកិច្ចរុស្ស៊ីបានចាត់ទុកថា នេះជាទង្វើភេរវកម្ម ។​

មិនទាន់មានក្រុមណាមួយប្រកាសទទួលស្គាល់ថា ជាទង្វើរបស់ខ្លួននៅឡើយទេ ។ ប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់បានរាយការណ៍ថា ជនវាយប្រហារគ្រាប់បែកអត្តឃាតម្នាក់ គឺជាអ្នកធ្វើឡើង ។

សូមបញ្ជាក់ថា កាលពីពេលថ្មីៗកន្លងទៅនេះ ក្រុមរដ្ឋអិស្លាម IS បានប្រកាសអំពាវនាវឲ្យសមាជិករបស់ខ្លួនវាយប្រហាររុស្ស៊ី ដើម្បីជាការសងសឹកប្រទេសនេះដែលប្រតិបត្តិការយោធាប្រឆាំងក្រុមឧទ្ទាមនៅក្នុងប្រទេសស៊ីរី ៕

 

Leave a Reply

Your email address will not be published. Required fields are marked *