សង្គ្រាមស៊ីរី៖ ប្រតិកម្មពិភពលោកចំពោះការវាយប្រហារមីស៊ីលរបស់អាមេរិក

មេដឹកនាំជុំវិញពិភពលោកបានប្រតិកម្មចំពោះប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បញ្ជាទាំងយប់ឲ្យវាយប្រហារដោយមីស៊ីលទៅលើទីតាំងបន្ទាយយោធាស៊ីរី ដែលសង្ស័យថា បានបើកការវាយប្រហារដោយប្រើអាវុធជីវសាស្ត្រទៅលើទីតាំងគ្រប់គ្រងដោយក្រុមបះបោរកាលពីដើមសប្តាហ៍កន្លងមក ។

ស៊ីរី៖ ខុទ្ទកាល័យប្រធានាធិបតីបាសា អាល់អាសាដ បានចេញប្រកាសចំអកឡកឡឺយប្រឆាំងអាមេរិកដែលធ្វើសកម្មភាពវាយប្រហារតាមដែនអាកាសនេះ ។ ប្រភពបានបញ្ជាក់ថា អ្វីដែលអាមេរិកបានធ្វើគឺទទេ ប៉ុន្តែភាពល្ងង់ខ្លៅ និងអាកប្បកិរិយាមិនទទួលខុសត្រូវ ដែលជាការបង្ហាញឲ្យឃើញតែប៉ុណ្ណោះអំពីទូរន្ធភាព និងនយោបាយ ហើយនិងយោធាដែលមើលមិនឃើញអំពីការពិតនោះ ។

រុស្ស៊ី៖ លោក Dmitry Peskov អ្នកនាំពាក្យប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន បានហៅការវាយប្រហាររបស់អាមេរិកតាមដែនអាកាសទៅលើបន្ទាយយោធាស៊ីរី Shayrat នោះថា ជាសកម្មភាពឈ្លានពានមួយប្រឆាំងទៅលើរដ្ឋមួយដែលមានដែនអធិបតេយ្យ ហើយក៏ជាសកម្មភាពរំលោភបំពាន់ច្បាប់អន្តរជាតិផងដែរ ក្រោមលេសមួយដែលមិនអាចនឹកស្មានដល់ ។ សេចក្តីថ្លែងការណ៍បន្តថា សកម្មភាពរបស់ទីក្រុងវ៉ាស៊ីនតោនបានធ្វើឲ្យទំនាក់ទំនងអាមេរិក រុស្ស៊ី កាន់តែស្មុគស្មាញបន្តទៀត ខណៈដែលវាបាននិងកំពុងផុយស្រួលស្រាប់ហើយផងនោះ ។ ជាមួយគ្នានេះដែរ វាធ្វើឲ្យមានឧបសគ្គការបង្កើតសម្ពន្ធមិត្តមួយប្រឆាំងភេរវកម្មអន្តរជាតិ ។

ចក្រភពអង់គ្លេស៖ រដ្ឋាភិបាលអង់គ្លេសបានអះអាងថា ខ្លួនគាំទ្រទាំងស្រុងការវាយប្រហារតាមដែនអាកាសនោះ ព្រមទាំងបានទំនាក់ទំនងសហការកៀកដៃគ្នាជាមួយរដ្ឋាភិបាលអាមេរិកថែមទៀតផង ។ លោក Michael Fallon រដ្ឋមន្ត្រីក្រសួងការពារជាតិបានថ្លែងប្រាប់ប៊ីប៊ីស៊ីថា អាមេរិកមានជំនឿជឿជាក់ថា មិនអាចនៅប្រកាន់ខ្ជាប់អំពីវិធីដោះស្រាយបញ្ហាដោយសន្តិភាព និងតាមការទូតជាមួយរបបប្រើប្រាស់អាវុធជីវសាស្ត្រនេះទៀតទេ ហើយដើម្បីនៅពេលអនាគតមិនឲ្យមានវាយប្រហារដោយអាវុធគីមីទៀតនោះ ទើបរដ្ឋាភិបាលអាមេរិកវាយប្រហារនៅពេលនេះ ។ លោកសង្កត់ធ្ងន់ថា អាមេរិកមិនបានប្រកាសសង្គ្រាមជាមួយស៊ីរីឯណា ដូច្នេះអង់គ្លេសមិនចាំបាច់ពាក់ព័ន្ធជាមួយទេ ។

សហភាពអឺរ៉ុប៖ ប្រធានក្រុមប្រឹក្សាភិបាលសហភាពអឺរ៉ុប លោក Doald Tusk បានប្រតិកម្មតាមបណ្តាញសង្គមចំពោះការវាយប្រហារតាមដែនអាកាសជាឯកតោភាគីរបស់អាមេរិក ។ លោកបញ្ជាក់ថា នេះជាការបង្ហាញពីតម្រូវការ ដំណោះស្រាយប្រឆាំងអំពើវាយប្រហារអាវុធជីវសាស្ត្រដ៏ឃោរឃៅ ។ សហភាពអឺរ៉ុបនឹងចូលរួមធ្វើការជាមួយអាមេរិកដើម្បីបញ្ចប់អំពើឃោរឃៅនៅក្នុងប្រទេសស៊ីរី ។

លោក Jean Claude Juncker ប្រធានគណៈកម្មការអឺរ៉ុបថ្លែងក្នុងរបាយការណ៍ថា អាមេរិកប្រាប់ដំណឹងដល់អឺរ៉ុបថា ការវាយប្រហារនោះដើម្បីកម្រិត និងប្រឆាំងការវាយប្រហារបន្ថែមទៀតដោយអាវុធគីមីនៅពេលអនាគត ។ ការប្រើអាវុធបែបនេះជាដដែលទៀតគឺត្រូវតែមានចម្លើយ ។

ណាតូ៖ លោក Jens Stoltenberg អគ្គលេខាធិការអង្គការណាតុ បានថ្លែងថា រដ្ឋាភិបាលស៊ីរីទទួលលទ្ធផលចំពោះអ្វីដែលខ្លួនបានប្រព្រឹត្ត ។ ការប្រើប្រាស់អាវុធជីវសាស្ត្រណាមួយ ជាទង្វើមិនអាចទទួលយកបាន ។ វាមិនអាចបញ្ចប់ទៅដោយគ្មានចម្លើយ ហើយអ្នកទាំងនោះ នឹងទទួលខុសត្រូវចំពោះសកម្មភាពនេះ ។

អាល្លឺម៉ង់ និងបារាំង៖ អធិការបតីអាល្លឺម៉ង់ លោកស្រី Angela Merkel និងប្រធានាធិបតីបារាំង លោក Francois Hollande ថ្លែងការណ៍រួមគ្នាថា អាល់​អាសាដ ម្នាក់ប៉ុណ្ណោះជាអ្នកទទួលខុសត្រូវ ។ គេបន្តប្រើអាវុធជីវសាស្ត្រម្តងទៀត ហើយឧក្រិដ្ឋកម្មរបស់គាត់(អាសាដ) គឺប្រឆាំងពលរដ្ឋរបស់ខ្លួនឯង (ដែលនេះ)ទាមទារឲ្យមានទណ្ឌកម្មផ្សេងៗ ដូចដែលបារាំង និងអាល្លឺម៉ង់បានស្នើឡើងកាលពីរដូវក្តៅ ឆ្នាំ២០១៣ ក្រោយការសម្លាប់រង្គាលនៅ Ghouta ។

អុីរ៉ង់៖ អ្នកនាំពាក្យក្រសួងការបរទេសអុីរ៉ង់ ត្រូវទីភ្នាក់ងារព័ត៌មាន ISNA ស្រង់សម្តីចុះផ្សាយថា អុីរ៉ង់ថ្កោលទោសខ្លាំងក្លាការវាយប្រហារតាមដែនអាកាសជាលក្ខណៈឯកតោភាគីបែបអាមេរិក… វិធានការបែបនេះធ្វើឲ្យក្រុមភេរវកនៅលើទឹកដីស៊ីរីកាន់តែខ្លាំងក្លាឡើង…ធ្វើឲ្យស្មុគស្មាញស្ថានការនៅក្នុងស៊ីរី និងក្នុងតំបន់ ។

អុីស្រាអែល៖ លោក ណេតាន់ យ៉ាហ៊ូ នាយករដ្ឋមន្ត្រីអុីស្រាអែលថ្លែងថា លោកប្រធានាធិបតីដូណាល់ ត្រាំ បានផ្ញើសារយ៉ាងច្បាស់លាស់នៅពេលនេះថា ការប្រើប្រាស់អាវុធជីវីសាស្ត្រគឺមិនអាចអត់ឱនឲ្យបានឡើយ ។ អុីស្រាអែលគាំទ្រពេញទំហឹងការសម្រេចចិត្តរបស់ប្រធានាធិបតី ត្រាំ និងសង្ឃឹមថា សារទាំងនេះជាការដោះស្រាយចំពោះមុខរបស់ របប អាសាដ ឲ្យភ្ញាក់ដឹងខ្លួន ហើយក៏មិនត្រឹមតែរដ្ឋាភិបាលទីក្រុងដាមាកាសប៉ុណ្ណោះទេ ប៉ុន្តែទីក្រុងតេអេរ៉ង់ ទីក្រុងព្យុងយ៉ាង និងនៅគ្រប់កន្លែងដទៃផ្សេងៗទៀតផងដែរ ។

អារ៉ាប៊ីសាអ៊ូឌីត៖ រដ្ឋាភិបាលអារ៉ាប៊ីសាអ៊ូឌីត បានគាំទ្រពេញទំហឹងសកម្មភាពយោធាអាមេរិកវាយប្រហារតាមដែនអាកាសនោះ ហើយប្រទេសនេះបានកោតសរសើរចំពោះសេចក្តីក្លាហានរបស់ប្រធានាធិបតី ដូណាល់ ត្រាំ ដែលបញ្ជាឲ្យចាត់វិធានការក្តៅបែបនេះ ។

ទួរគី៖ រដ្ឋាភិបាលទួរគីអះអាងថា ការវាយប្រហាររបស់អាមេរិកតាមដែនអាកាសនេះ គឺមានចំណុចវិជ្ជមានច្រើនជាង ។ ទួរគីអាចនឹងគាំទ្រពេញទំហឹងជំហានដែលធានាដល់គណនេយ្យភាពសម្រាប់របបដឹកនាំនៅសុីរី ។ ជាមួយគ្នានេះដែរ អ្នកនាំពាក្យរបស់ប្រធានាធិបតីទួរគី លោក Recap Tayyip Erdogan អំពាវនាវបង្កើតតំបន់គ្មានការហោះហើរ តំបន់មានសុវត្ថិភាពនៅក្នុងទឹកដីស៊ីរីផងដែរ ។

ប្រទេសចិន៖ ក្នុងបទសង្ខេបព័ត៌មានជាប្រចាំនោះ លោកស្រី Hua Chunying អ្នកនាំពាក្យក្រសួងការបរទេសចិនបានថ្លែងថា អ្វីដែលប្រញាប់ជាងគេនៅពេលនេះ គឺបញ្ចៀសកុំឲ្យស្ថានការតានតឹងខ្លាំងឡើង ។ យើងប្រឆាំងរាល់ការប្រើអាវុធជីវសាស្ត្ររបស់ប្រទេសណាមួយ របស់អង្គការ ឬបុគ្គលណាមួយគ្រប់កាលៈទេសៈទាំងអស់ ទោះក្នុងហេតុផលណាមួយដោយ ។

ប្រទេសជប៉ុន៖ រដ្ឋាភិបាលជប៉ុនបញ្ជាក់ថា ខ្លួនគាំទ្រការប្តេជ្ញាចិត្តរដ្ឋាភិបាលអាមេរិកប្រឆាំងការរាលដាល និងប្រើប្រាស់អាវុធជីវសាស្ត្រ ។ នាយករដ្ឋមន្ត្រី Shinzo Abe ថ្លែងថា យើងយល់ច្បាស់ថា អាមេរិកវាយប្រហារពេលនេះគឺដើម្បីការពារកុំឲ្យពេលអនាគតមានការប្រើអាវុធជីវសាស្ត្របន្តទៀត ។ លោកវាយតម្លៃខ្ពស់ការប្តេជ្ញាដ៏អង់អាចរបស់ប្រធានាធិបតីអាមេរិកដើម្បីរក្សាសណ្តាប់ធ្នាប់អន្តរជាតិ សន្តិភាព និងសន្តិសុខជាមួយសម្ពន្ធមិត្តទាំងឡាយ និងពិភពលោក ។

អូស្ត្រាលី៖ នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Malcolm Turnbull ថ្លែងគាំទ្រអាមេរិកវាយប្រហារទីតាំងបន្ទាយយោធាស៊ីរីនោះ ហើយថា នុះជាសារខ្លាំងក្លាមួយដល់របបអាល់អាសាដ ។

អុីតាលី៖ រដ្ឋាភិបាលអុីតាលីគាំទ្រអាមេរិកផងដែរ ដោយលោកនាយករដ្ឋមន្ត្រី Paolo Gentiloni ថ្លែងថា ជាការឆ្លើយតបដ៏ស័ក្តិសមចំពោះឧក្រិដ្ឋកម្មសង្គ្រាម ដែលរបបស៊ីរីជាអ្នកទទួលខុសត្រូវនោះ ។ លោកសង្ឃឹមដែរថា ការវាយប្រហារនេះនឹងជំរុញឲ្យបានលឿនការពិភាក្សារកដំណោះស្រាយនយោបាយបញ្ចប់វិបត្តិនៅស៊ីរី ។

បូឡូញ៖ រដ្ឋាភិបាលបូឡូញគាំទ្រអាមេរិកក្នុងប្រតិបត្តិការយោធាខាងលើ ។ លោក Andrzej Duda ប្រធានាធិបតីបូឡូញ ថ្លែងថា ពិភពលោកមិនព្រងើយកន្តើយចំពោះសកម្មភាពព្រៃផ្សៃដែលពួកគេមមៃចង់ធ្វើនោះទៀតទេ ។

សូមបញ្ជាក់ថា នាវាចម្បាំងអាមេរិកដែលឈរជើងនៅលើសមុទ្រមេឌីទែរ៉ាណា បានបាញមីស៊ីលប្រភេទ Tomahawk សរុប៥៩ដើមទៅលើគោលដៅបន្ទាយយោធាមួយរបស់ស៊ីរី ដែលសង្ស័យថា បានបើកការវាយប្រហារដោយប្រើអាវុធជីវសាស្ត្រទៅលើក្រុមបះបោរបណ្តាលឲ្យស្លាប់ជនស្លូតត្រង់ ក្នុងនោះមានកុមារ និងស្ត្រីនោះ ៕ សុរ្ម័ន

Leave a Reply

Your email address will not be published. Required fields are marked *