ប្រធានាធិបតី ត្រាំ សាទរ Erdogan ឈ្នះការធ្វើប្រជាមតិ

0
208

សេតវិមានកាលពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៧ បានអះអាងថា ប្រធានាធិបតី ដូណាល់ ត្រាំ បានទូរស័ព្ទទៅកាន់សមភាគី Recep Tayyip Erdogan កាលពីថ្ងៃទី១៧ ខែមេសា ថ្លែងអបអរសាទរចំពោះលទ្ធផលជាប់ឆ្នោតការធ្វើប្រជាមតិ ដែលធ្វើឲ្យរូបលោកនៅតែបន្តដឹកនាំប្រទេសទួរគីជាដដែលទៀតនោះ ។

កាលពីថ្ងៃអាទិត្យ កន្លងមកថ្មីនេះ ប្រទេសទួរគីបានរៀបចំការធ្វើប្រជាមតិ ហើយបើតាមលទ្ធផលការបោះឆ្នោតនេះ ត្រូវប្រព័ន្ធផ្សព្វផ្សាយទួរគីលើកយកមកចុះផ្សាយថា លោក Erdogan គឺជាអ្នកទទួលបានសំឡេងគាំទ្រជាង៥១ភាគរយ ។

ទីភ្នាក់ងារព័ត៌មានគ្រប់គ្រងដោយរដ្ឋាភិបាលទួរគី Anadolu បានផ្សាយថា យប់នេះ(ថ្ងៃចន្ទ ម៉ោងនៅក្នុងតំបន់) លោកប្រធានាធិបតី ដូណាល់ ត្រាំ បានទូរស័ព្ទមក និងបានអបអរសាទរចំពោះលទ្ធផលការធ្វើប្រជាមតិ ។ នេះបើតាមប្រភពព័ត៌មានពីមន្ត្រីខុទ្ទកាល័យប្រធានាធិបតីទួរគី ។

ការថ្លែងអបអរសាទរនាពេលនេះរបស់លោក ត្រាំ ធ្វើឲ្យមានការផ្ទុយស្រឡះពីមេដឹកនាំសហភាពអឺរ៉ុបដែលថា លោក Erdogan ឈ្នះសំឡេងគាំទ្រតិចតួចប៉ុណ្ណោះ រីឯក្រុមសង្កេតការណ៍សិទ្ធិមនុស្សវិញបានសម្តែងឡើងមិនខុសគ្នាពីសហគមន៍ផងដែរទេ ។

សេចក្តីថ្លែងការណ៍សេតវិមាននិយាយថា ក្រៅពីនិយាយអំពីរឿងបោះឆ្នោតនៅទួរគី មេដឹកនាំទាំងពីរបានពិភាក្សាផងដែរបញ្ហាផ្សេងៗបន្ថែមទៀត ។ ជាពិសេសសកម្មភាពរបស់អាមេរិកទៅលើរបបដឹកនាំស៊ីរីរបស់លោកបាសា អាល់អាសាដ ដែលប្រើប្រាស់អាវុធជីវសាស្ត្រកាលពីថ្ងៃទី៤ ខែមេសា នៅក្នុងការវាយប្រហារនោះជាដើម ។

មេដឹកនាំអាមេរិក ដូណាល់ ត្រាំ បានអរគុណប្រធានាធិបតីទួរគី Erdogan ដែលគាំទ្រសកម្មភាពរបស់អាមេរិកទៅលើរបបស៊ីរី ព្រមទាំងគាំទ្រថា លោកអាល់ អាសាដ ជាអ្នកទទួលខុសត្រូវចំពោះការប្រើអាវុធជីវសាស្ត្រនោះ ។

ជាមួយគ្នានេះ ត្រាំ និងមេដឹកនាំទួរគី ក៏ព្រមព្រៀងគ្នាលើយុទ្ធនាការប្រឆាំងក្រុមរដ្ឋអិស្លាម IS ក៏ដូចកិច្ចសហប្រតិបត្តិការប្រឆាំងក្រមទាំងឡាយដែលប្រើប្រាស់ភេរវករដើម្បីសម្រេចមហិច្ឆតារបស់ពួកគេនោះផងដែរ ៕ សុរ្ម័ន

LEAVE A REPLY

Please enter your comment!
Please enter your name here