ក្រុមរដ្ឋអិស្លាមប្រកាសទទួលស្គាល់ការវាយប្រហារនៅ Champs Elysees សម្លាប់ប៉ូលិស

ជនសង្ស័យជាក្រុមភេរវកម្មម្នាក់បានបាញ់ប្រហារសម្លាប់ប៉ូលិសម្នាក់ និង២នាក់ទៀតរងរបួសកាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៧ នៅទីក្រុងប៉ារីស Champs Elysees ដែលការវាយប្រហារមួយត្រូវក្រុមរដ្ឋអិស្លាមប្រកាសទទួលស្គាល់ មួយថ្ងៃមុនពេលបារាំងចាប់ផ្តើមបោះឆ្នោតប្រធានាធិបតី ។

មនុស្សម្នាបាននាំគ្នារត់រកទីសុវត្ថិភាពកាលពីវេលាម៉ោង៩យប់ ម៉ោងនៅក្នុងតំបន់ ខណៈដែលខ្មាន់កាំភ្លើងម្នាក់បានបើកការបាញ់ប្រហារដោយកាំភ្លើងស្វយប្រវត្តិទៅលើរថយន្តប៉ូលិសមួយគ្រឿងដែលកំពុងស្ថិតនៅលើវិថីមួយដ៏ល្បីល្បាញលំដាប់ពិភពលោកនោះ ។

ប្រភពពីប៉ូលិសបានថ្លែងប្រាប់ទីភ្នាក់ងារព័ត៌មាន AFP ថា បន្ទាប់ពីបាញ់ប្រហារប៉ូលិស និងសហការីបណ្តាលឲ្យរងរបួសហើយនោះ ខ្មាន់កាំភ្លើងត្រូវបានបាញ់សម្លាប់តបតវិញ ខណៈព្យាយាមរត់គេចខ្លួនដោយជើង ។

សេចក្តីថ្លែងការណ៍របស់ក្រុមរដ្ឋអិស្លាម IS ផ្សព្វផ្សាយលើបណ្តាញព័ត៌មាន Amaq បញ្ជាក់ថា អ្នកវាយប្រហារនៅ Chaps Elysees កណ្តាលទីក្រុងប៉ារីសនោះ គឺឈ្មោះ Abu Yussef ជនជាតិប៊ែលហ្ស៊ិក ។

ប្រភពព័ត៌មានមួយបានប្រាប់ AFP ដែរថា ជនវាយប្រហារនេះត្រូវប៉ូលិសប្រឆាំងភេរវកម្មបារាំងកត់សម្គាល់ថា ជាបណ្តាញភេរវកម្មផងដែរ និងបានឆ្មក់ទៅកាន់លំនៅឋានរបស់គេនៅឯជាយក្រុងខាងកើតរដ្ឋធានីប៉ារីស ។

នៅថ្ងៃអាទិត្យនេះ បារាំងចាប់ផ្តើមបោះឆ្នោតជ្រើសរើសប្រធានាធិបតី ហើយស្រាប់តែមានការវាយប្រហារនេះកើតឡើង ធ្វើឲ្យក្រុមអ្នកសង្កេតការព្រួយបារម្ភជាខ្លាំងអំពីបញ្ហាសន្តិសុខ ។ ចាប់តាំងពីឆ្នាំ២០១៥មកទល់ពេលនេះ នៅក្នុងប្រទេសបារាំងមានអំពើវាយប្រហារភេរវកម្មកើតឡើងជាបន្តបន្ទាប់បណ្តាលឲ្យមនុស្សយ៉ាងតិច២៣០នាក់បាត់បង់ជីវិត ៕

Map of central Paris – AFP / AFP / JEAN MICHEL CORNU

Leave a Reply

Your email address will not be published. Required fields are marked *