បារាំងចាប់ផ្តើមបោះឆ្នោតរើសប្រធានាធិបតីថ្មី ក្រោមសន្តិសុខយាមកាមខ្ពស់

0
248

អ្នកបោះឆ្នោតនៅបារាំងចាប់ផ្តើមឆ្ពោះទៅកាន់ស្ថានីយបោះឆ្នោតដើម្បីជ្រើសរើសប្រធានាធិបតីថ្មី ខណៈដែលស្ថិតក្រោមការការពារសន្តិសុខយ៉ាងតឹងរ៉ឹង ក្រោយការបាញ់ប្រហារសម្លាប់ប៉ូលិសក្នុងទីក្រុងប៉ារីសកាលពី៣ថ្ងៃកន្លងមកនោះ ។

កម្លាំងប៉ូលិស៥០.០០០នាក់ និងទាហាន៧.០០០នាក់ត្រូវដាក់ពង្រាយនៅទូទាំងប្រទេសដើម្បីធានាដល់ការបោះឆ្នោតប្រកបដោយសន្តិសុខ សុវត្ថិភាព ។

បេក្ខភាព១១រូប មកពីក្រុមស្តាំនិយមរហូតដល់ឆ្វេងនិយម បានឈរឈ្មោះចូលរួមប្រកួតប្រជែង ហើយការបោះឆ្នោតជុំទី២ នឹងធ្វើឡើងនៅ២សប្តាហ៍ខាងមុខ ។

ស្ថានីយបោះឆ្នោតទូទាំងប្រទេសបារាំងចាប់ផ្តើមបើកទ្វារនៅវេលាម៉ោង៨ព្រឹក ម៉ោងនៅក្នុងតំបន់ ។ ទោះយ៉ាងណា ចំពោះពលរដ្ឋបារាំងនៅក្រៅប្រទេសចាប់ផ្តើមបោះឆ្នោតកាលពីថ្ងៃសៅរ៍ ។ ការបោះឆ្នោតនឹងត្រូវបញ្ចប់នៅវេលាម៉ោង២០ ។

បេក្ខភាព៤រូបត្រូវគេមើលឃើញថា មានសន្ទុះគាំទ្រខ្លាំង អាចជាប់ឆ្នោតក្លាយជាប្រធានាធិបតី ។ បេក្ខភាពទាំង៤រូបនេះមាន លោកFrançois Fillon មកពីគណបក្សអភិរក្ស, មេដឹកនាំស្តាំនិយម Marine Le Pen, មេដឹកនាំកណ្តាលនិយមសេរីភាព Emmanuel Macron និងមេដឹកនាំឆ្វេងនិយម Jean-Luc Mélenchon ។

បេក្ខភាពគ្រប់រូបបានជជែកវែកញែកលើទស្សនៈរៀងៗខ្លួនទាក់ទងបញ្ហាប្រទេសជាតិ ក្នុងនោះដូចបញ្ហាអឺរ៉ុប, ជនអន្តោប្រវេសន៍ សេដ្ឋកិច្ច និងអត្តសញ្ញាណបារាំងជាដើម ។

វិធានការសន្តិសុខបន្ថែមត្រូវបានដាក់ឲ្យអនុវត្តនៅថ្ងៃបោះឆ្នោត ក្រោយពេលឧក្រិដ្ឋជន Karim Cheurfi បាញ់សម្លាប់មន្ត្រីប៉ូលិសនៅពីមុខ Champs Elysees កណ្តាលទីក្រុងប៉ារីស ។ Karim Cheurfi ត្រូវកងកម្លាំងបាញ់សម្លាប់វិញ និងបានរកឃើញកំណត់ហេតុមួយច្បាប់ថាជាបណ្តាញក្រុមភេរវកម្មរដ្ឋអិស្លាមIS នៅជិតសាកសពរបស់គេ ។

ក្នុងអំឡុងពេលឃោសនារកសំឡេងឆ្នោត បញ្ហាសន្តិសុខជាតិត្រូវបានគេលើកយកមកធ្វើជាចំណុចសំខាន់ ។ ប៉ុន្តែបេក្ខភាពដែលឈរឈ្មោះបានចោទប្រកាន់ថា មិនគួរណាលើកយកការវាយប្រហារថ្មីៗដើម្បីចំណេញផ្លូវនយោបាយនោះឡើយ ។

ការប្រកួតប្រជែងបេក្ខភាពមកពីបក្សប្រឆាំងបារាំងត្រូវគេកត់សម្គាល់ថា ទទួលបានសន្ទុះគាំទ្រកើនឡើងយ៉ាងរហ័ស ។ ប៉ុន្តែទោះយ៉ាងណា មិនមានបេក្ខភាពណាម្នាក់អាចទទួលបានសំឡេងគាំទ្រ៥០ភាគរយ ដែលត្រូវការដើម្បីទទួលជ័យជំនះក្នុងការបោះឆ្នោតជុំទី២នោះទេ ។ ការបោះឆ្នោតជុំទី២ គ្រោងធ្វើឡើងនៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៧ ៕

បេក្ខភាពឈានមុខ (ពីឆ្វេងទៅស្តាំ): François Fillon, Benoît Hamon, Marine Le Pen, Emmanuel Macron និង Jean-Luc Mélenchon

LEAVE A REPLY

Please enter your comment!
Please enter your name here