កូរ៉េខាងជើងនៅបន្តស្ងៀមស្ងាត់ ខណៈនាវាមុជទឹកអាមេរិកចូលដល់កំពង់ផែកូរ៉េខាងត្បូង

កាលពីថ្ងៃទី២៥​ ខែមេសា ឆ្នាំ២០១៧ នាវាមុជទឹកដើរដោយថាមពលបរមាណូរបសអាមេរិកបានចូលដល់កំពង់ផែរបស់ប្រទេសកូរ៉េខាងត្បូង ដើម្បីជាការបង្ហាញកម្លាំងឥទ្ធិពលយោធា ខណៈដែលកូរ៉េខាងជើងប្រារព្ធខួបថ្ងៃបង្កើតកងកម្លាំងរបស់ខ្លួន ហើយដែលគេចង្ងល់ថា ប្រទេសនេះអាចបាញ់សាកល្បងមីស៊ីល និងអាវុធនុយក្លេអ៊ែរ ផ្ទុយពីការចង់បានរបស់អាមេរិក និងប្រទេសចិន ។

យោធាអាមេរិកប្រចាំនៅកូរ៉េខាងត្បូងបានប្រកាសថា នាវាមុជទឹកអាមេរិក USS Michigan បានចូលដល់កំពង់ផែ ក្រោយពេលអ្នកជំនាញបញ្ហានុយក្លេអ៊ែរ៣ប្រទេស គឺអាមេរិក ជប៉ុន និងកូរ៉េខាងត្បូងបានពិភាក្សានៅទីក្រុងតូក្យូ ប្រទេសជប៉ុន ដើម្បីឆ្លើយតបទាន់ពេលវេលាការរឹងទទឹងរបស់កូរ៉េខាងជើង មិនព្រមបោះបង់ចោលកម្មវិធីអាវុធនុយក្លេអ៊ែរនោះ ។

នាវាមុជទឹក USS Michingan មានសមត្ថភាពបាញ់កាំជ្រួចមីស៊ីលប្លាលស្ទិក និងកាំជ្រួចមីស៊ីល Tomahawk ដែលប្រភេទមីស៊ីលធុនទំនើបបំផុត ។

កាលពីថ្ងៃចន្ទ ប្រធានាធិបតីអាមេរិក លោកដូណាល់ ត្រាំ បានអំពាវនាវអង្គការសហប្រជាជាតិដាក់ទណ្ឌកម្មខ្លាំងថែមទៀតទៅលើកូរ៉េខាងជើង ដោយថ្លែងថា ទីក្រុងព្យុងយ៉ាងជាការគំរាមកំហែងដល់ពិភពលោក ហើយបញ្ហាត្រូវបានដោះស្រាយនៅទឹកចុងក្រោយបំផុត ។

នៅឯសេតវិមាន ខណៈជួបជាមួយឯកអគ្គរដ្ឋទូតនៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិទាំង១៥ប្រទេស ក្នុងនោះ មានចិន រុស្ស៊ីផងដែរនោះ លោកប្រធានាធិបតី ត្រាំ ថ្លែងថា ទង្វើរបស់កូរ៉េខាងជើង ពិតជាមិនអាចទទួលយកបានឡើយ ។ អង្គការសហប្រជាជាតិត្រូវតែអនុវត្តដាក់ទណ្ឌកម្មខ្លាំងទៀតលើកូរ៉េខាងជើងក្នុងកម្មវិធីនុយក្លេអ៊ែរ និងកាំជ្រួចមីស៊ីល ។

យោធាកូរ៉េខាងត្បូង និងអាមេរិកភ័យបុកពោះថា កូរ៉េខាងជើងនឹងបាញ់សាកល្បងនុយក្លេអ៊ែរគ្រាប់ទី៦មិនខាន ដែលកាលពេលកន្លងមក គេតែងតែធ្វើរបៀបនេះក្នុងអំឡុងឱកាសប្រារព្ធខួបថ្ងៃបង្កើតកងកម្លាំងប្រដាប់អាវុធកូរ៉េខាងជើង ។

មន្ត្រីទីក្រុងប៉េកាំងវិញ បានអំពាវនាវឲ្យអាមេរិក និងកូរ៉េខាងជើង មេត្តាកុំបំពង់ពាក្យសម្តីអរិយភាពដាក់គ្នាទៅវិញទៅមកធ្វើអីទៀត ហើយរកដំណោះស្រាយគ្នាដោយសន្តិវិធីវិញទៅ ។

ក្នុងពេលសន្ទនាតាមទូរស័ព្ទជាមួយដូណាល់ ត្រាំ កាលពីថ្ងៃចន្ទ មេដឹកនាំចិន ស៊ី ជីនពីង អំពាវនាវឲ្យមានការអត់ធ្មត់ ខណៈដែលនាវាចម្បាំងរបស់ប្រទេសជប៉ុន២គ្រឿងធ្វើសមយុទ្ធជាមួយនាវាផ្ទុកយន្តហោះចម្បាំងអាមេរិក USS Carl Vinson ដែលកំពុងដឹកយន្តហោះចម្បាំងឆ្ពោះគោលដៅទៅកាន់ឧបទ្វីបកូរ៉េនោះ ។ កូរ៉េខាងជើងនិយាយថា ទង្វើនេះជាសកម្មភាពប្រកបដោយគ្រោះថ្នាក់បំផុត ហើយអ្នកដែលមានផែនការបង្កសង្គ្រាមនុយក្លេអ៊ែរដើម្បីឈ្លានពាននោះ គឺទទួលបានការឆ្លើយតបដ៏ស័ក្តិសមបំផុត ៕

Leave a Reply

Your email address will not be published. Required fields are marked *