ចិនដាក់នាវាផ្ទុកយន្តហោះចុះទឹកថែម១គ្រឿងទៀត ខណៈកម្តៅនៅឧបទ្វីបកូរ៉េកំពុងពុះកញ្ជ្រោលខ្លាំង

កាសែតប៊ីប៊ីស៊ីបានផ្សាយកាលពីថ្ងៃទី២៦ ខែមេសាថា ប្រទេសចិនបានដាក់នាវាផ្ទុកយន្តហោះថ្មីថែមមួយគ្រឿងទៀតឲ្យចុះទឹក ដើម្បីពង្រឹងសមត្ថភាពកម្លាំងយោធារបស់ខ្លួន ស្របពេលដែនស្ថានការណ៍តានតឹងនៅឧបទ្វីបកូរ៉េកំពុងពុះកញ្ជ្រោលខ្លាំងឡើងនោះ ។

កាលពីមុន ចិនបានដាក់ឲ្យចុះទឹកនូវនាវាផ្ទុកយន្តហោះមួយគ្រឿងឈ្មោះថា Liaoning ។ ប៉ុន្តែពេលនេះ ចិនបានបន្ថែមនាវាផ្ទុកយន្តមួយគ្រឿងដែលផលិតឡើងដោយខ្លួនឯង ។

ទីភ្នាក់ងារព័ត៌មានចិនបានផ្សាយថា នាវាផ្ទុកយន្តហោះដែលមិនទាន់មានឈ្មោះ ត្រូវគេរុញពីលើគោកឲ្យចុះទឹកហើយ ស្ថិតនៅកំពុងផែ Dalian ។ ដំបូងឡើយ មានសេចក្តីរាយការណ៍ថា នាវាផ្ទុកយន្តហោះនេះ អាចប្រតិបត្តិការបានក្នុងអំឡុងឆ្នាំ២០២០ ។

ការដាក់ចុះនាវាផ្ទុកយន្តហោះរបស់ចិនពេលនេះផងដែរ ស្របនឹងស្ថានការណ៍រវាងអាមេរិក នឹងកូរ៉េខាងជើងកំពុងពុះកញ្ជ្រោលតានតឹងខ្លាំងឡើងក្នុងសង្គ្រាមវោហាសាស្ត្រ ។ ជាពិសេសអំឡុងប៉ុន្មានថ្ងៃចុងក្រោយនេះ ។

ពីមុន ចិនមានតែយន្តហោះផ្ទុកយន្តហោះ១គ្រឿងប៉ុណ្ណោះឈ្មោះថា Liaoning ដែលទិញពីប្រទេសអ៊ុយក្រែន ហើយនាំយកមកជួសជុលកែកុនប្រើប្រាស់ឡើងវិញ ។

សហរដ្ឋអាមេរិកបានដាក់ពង្រាយនាវាចម្បាំង និងនាវាមុជទឹកនៅឧបទ្វីបកូរ៉េ បង្កឲ្យមានការខឹងសម្បារពីសំណាក់រដ្ឋឯកោកូរ៉េខាងជើងយ៉ាងខ្លាំង ។ ករណីនេះ ប្រទេសចិនបានអំពាវនាវឲ្យមានការអត់ធ្មត់ ។

នាវាផ្ទុកយន្តហោះរបស់ចិនមួយនេះ បានបំពាក់ឲ្យឧបករណ៍ទំនើបជាងនាវាផ្ទុកយន្តហោះ Liaoning ដែលធ្វើឡើងកាលពីជាង២៥ឆ្នាំកន្លងមកនោះ ៕

Leave a Reply

Your email address will not be published. Required fields are marked *