ខណៈដែលស្ថានការណ៍តានតឹងខ្លាំងឡើងនៅឧបទ្វីបកូរ៉េ ដោយខ្លាចថា កូរ៉េខាងជើងអាចបាញ់សាកល្បងមីស៊ីល ឬអាវុធនុយក្លេអ៊ែរទៀតនោះ យោធាអាមេរិកបានចាប់ផ្តើមដាក់ពង្រាយប្រព័ន្ធមីស៊ីលការពារដ៏ទំនើប(THAAD) នៅក្នុងទឹកដីកូរ៉េខាងត្បូង ។ នេះបើតាមការផ្សព្វផ្សាយរបស់ទីភ្នាក់ងារព័ត៌មានប៊ីប៊ីស៊ីកាលពីថ្ងៃទី២៦ ខែមេសា ។
ប្រភពបញ្ជាក់ថា ការពង្រាយប្រព័ន្ធមីស៊ីលខាងលើនេះគឺដើម្បីទប់ទល់រាល់ការគំរាមកំហែងពីសំណាក់កូរ៉េខាងជើងដោយអាវុធមីស៊ីល ឬអាវុធបរមាណូជាដើមនោះមិនឲ្យធ្លាក់ចូលមកក្នុងទឹកដីកូរ៉េខាងត្បូងបានឡើយ ។
នៅពេលដែលរថយន្តបានដឹកប្រព័ន្ធមីស៊ីលទំនើបខាងលើនេះទៅដល់ទីតាំងដែលត្រូវដាក់ពង្រាយហើយនោះ ពលរដ្ឋកូរ៉េខាងត្បូងក្នុងតំបន់រាប់រយនាក់នាំគ្នាធ្វើបាតុកម្មប្រឆាំង ការដាក់មីស៊ីលប្រភេទនេះនៅក្នុងទឹកដីកូរ៉េខាងត្បូង ។
ទាក់ទងបញ្ហានេះផងដែរ ប្រទេសចិនបានអះអាងថា ការពង្រាយប្រព័ន្ធមីស៊ីល THAAD ខាងលើនេះ នាំឲ្យតំបន់ទាំងមូលអសន្តិសុខ ។
សហរដ្ឋអាមេរិក កាលពីប៉ុន្មានថ្ងៃកន្លងមកនេះ បានបញ្ជូននាវាចម្បាំង និងនាវាមុជទឹកមកកាន់ឧបទ្វីបកូរ៉េ ដោយភ័យព្រួយថា កូរ៉េខាងជើងមានគម្រោងបាញ់សាកល្បងមីស៊ីល និងអាវុធនុយក្លេអ៊ែរ ។
ក្រសួងការពារជាតិកូរ៉េខាងត្បូងថ្លែងការណ៍ថា កូរ៉េខាងត្បូង និងអាមេរិកបានសម្រេចព្រមព្រៀងដាក់ប្រព័ន្ធមីស៊ីលការពារ THAAD ដើម្បីឆ្លើយតបអាវុធធុនទំនើបណាមួយរបស់កូរ៉េខាងជើងដែលបាញ់ចូលមកទឹកដីកូរ៉េខាងត្បូង ។
កិច្ចព្រមព្រៀងនេះ ធ្វើឡើងកាលពីឆ្នាំ២០១៦ ក្រោមរដ្ឋបាលលោកប្រធានាធិបតី បារ៉ាក់ អូបាម៉ា ៕

