កូរ៉េខាងជើងបាញ់សាកល្បងមីស៊ីលខុសគោលដៅ ហោះតម្រង់ចូលទឹកដីរុស្ស៊ី

ប្រភពព័ត៌មានទើបតែបានចុះផ្សាយថា កូរ៉េខាងជើងបានចុចកុងតាក់បំផ្លាញមីស៊ីលរបស់ខ្លួនកម្ទេចចោលភ្លាមៗ ខណៈដែលមីស៊ីលមួយគ្រាប់នោះពេលបាញ់សាកល្បង វាបានហោះគោលដៅដែលបានកំណត់ ដោយវាបានឆ្ពោះទៅកាន់ទឹកដីរុស្ស៊ី ធ្វើឲ្យមានការភ័យបារម្ភ ក្រុមការងារសាកល្បងអាវុធមីស៊ីលកូរ៉េខាងជើង ក៏ចុចកុងតាក់កម្ទេចចោលតែម្តងទៅ ។

កូរ៉េខាងជើងបានបំផ្ទុះបំផ្លាញមីស៊ីលដោយខ្លួនឯង នៅក្នុងការសាកល្បងចុងក្រោយនេះ ដោយឃើញថា មីស៊ីលនោះហោះសម្តៅទៅទឹកដីរុស្ស៊ី ។ ការបាញ់សាកល្បងនោះធ្វើឡើងនៅថ្ងៃទី២៩ ខែមេសា ដែលប្រព័ន្ធផ្សព្វផ្សាយពិភពលោកចាត់ទុកថា ជាការសាកល្បងបរាជ័យ តែការពិតមិនដូច្នោះឡើយ ។

ទីភ្នាក់ងារព័ត៌មាន Seoul Economy Daily បានផ្សាយនៅថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៧ថា កាំជ្រួចមីស៊ីលដែលបានសាកល្បងនាពេលនោះ ជាប្រភេទ KN-17 ហោះហើរបាន ៤៨គីឡូម៉ែត្រ ក៏ត្រូវបានបំផ្ទុះបំផ្លាញ ដោយ ក្រុមអ្នកឯកទេសកូរ៉េខាងជើង ខ្លាចហោះចូលទឹកដីរុស្ស៊ី នាំឲ្យរឿងរ៉ាវកាន់តែធ្ងន់ឡើង ។

នៅពេលនោះដែរ កម្លាំងការពារដែនអាកាសរបស់រុស្ស៊ីនៅក្នុងតំបន់ភាគខាងកើតបានដាក់ក្នុងសភាពអាសន្ន ក្នុងពេលដែលកូរ៉េខាងជើងសាកល្បងមីស៊ីល ។ ទាំងនោះជាសកម្មភាព កម្រកើតឡើង ចំពោះរុស្ស៊ី ដែលមិនស្ថិតនៅក្នុង គោលដៅនៃមីស៊ីលកូរ៉េខាងជើង ។

ទីភ្នាក់ងារព័ត៌មានដដែលបញ្ជាក់ថា «បើមីស៊ីលកូរ៉េខាងជើង ហោះទៅកាន់ដែនសមុទ្រជប៉ុននោះ នឹងមិនបរាជ័យទេ ប៉ុន្តែវាហោះខុសគោលដៅ ទើបសម្រេចកម្ទេចបែបនេះ» ៕

Leave a Reply

Your email address will not be published. Required fields are marked *