បំផ្ទុះគ្រាប់បែកក្នុងរថយន្តអត្តឃាតជិតស្ថានទូតអាមេរិកទីក្រុងកាប៊ូលស្លាប់៨នាក់

មន្ត្រីអាហ្វហ្គានីស្ថានបានប្រកាសថា មនុស្ស៨នាក់បានស្លាប់ និង២៥នាក់ផ្សេងទៀតរងរបួស បន្ទាប់ពីហេតុការណ៍វាយប្រហារដោយបំផ្ទុះគ្រាប់បែកក្នុងរថយន្តអត្តឃាត ស្ថិតនៅជិតស្ថានទូតអាមេរិកប្រចាំនៅទីក្រុងកាប៊ូល ប្រទេសអាហ្វហ្គានីស្ថាន ។

លោក Najib Danish អ្នកនាំពាក្យក្រសួងមហាផ្ទៃអាហ្វហ្គានីស្ថានថ្លែងថា ការវាយប្រហារបានកើតឡើងនៅវេលាម៉ោង៧និង៥៥នាទីព្រឹក ម៉ោងនៅក្នុងតំបន់ ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៧ ក្នុងសង្កាត់លេខ៩របស់ប៉ូលិសក្រុងកាប៊ូល ជិតស្ថានទូតអាមេរិក និងតុលាការកំពូល ។

ព័ត៌មានលម្អិតមិនទាន់ត្រូវបានលាតត្រដាងនៅឡើយទេ ប៉ុន្តែបើតាមអ្នកនាំពាក្យក្រសួងមហាផ្ទៃថា ជនរងគ្រោះសុទ្ធតែជនស៊ីវិលអាហ្វហ្គានីស្ថាន មិនមានកម្លាំងកងទ័ពនោះទេ ។

កម្លាំងសម្ពន្ធមិត្តឈរជើងនៅអាហ្វហ្គានីស្ថានប្រកាសថា កម្លាំងរបស់ខ្លួន៣នាក់បានរងរបួស តែមិនគំរាមកំហែងដល់អាយុជីវិតទេ ។

ទីភ្នាក់ងារព័ត៌មាន Amaq រាយការណ៍ថា ក្រុមរដ្ឋអិស្លាម IS ជាអ្នកទទួលខុសត្រូវការវាយប្រហារខាងលើនេះ ដែលថា គោលដៃវាយប្រហារសម្តៅកងកម្លាំងទាហានអាមេរិក ។ ការប្រកាសនេះ បានបង្ហាញរូបថតជនវាយប្រហារគ្រាប់បែកអត្តឃាតនោះផងដែរ ៕

Leave a Reply

Your email address will not be published. Required fields are marked *