ឧទ្ទាមបូកូហារ៉ាមដោះលែងចំណាប់ខ្មាំងសិស្សសាលាជិត១០០នាក់

កាលពីថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៧ ក្មេងស្រីសិស្សសាលាយ៉ាងតិច៨០នាក់ ត្រូវឧទ្ទាមបូកូហារ៉ាម នៃប្រទេសនីហ្សេរីយ៉ាដោះលែងឲ្យវិលត្រឡប់មកជួបជុំគ្រួសារវិញ ។ ក្រុមឧទ្ទាមនេះ កាលពីឆ្នាំ២០១៤​បានចាប់ក្មេងស្រីសិស្សសាលាប្រមាណជាង២០០នាក់ធ្វើជាចំណាប់ខ្មាំង ។

មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលនីហ្សេរីយ៉ា ថ្លែងក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថា ខ្ញុំសូមបញ្ជាក់ថា ពិតជាមានការដោះលែងប្រាកដមែន ។ រដ្ឋាភិបាលនឹងចេញសេចក្តីថ្លែងការណ៍ឆាប់ៗនេះ ។

ប្រភពយោធា ក៏ដូចប្រជាពលរដ្ឋតំបន់ Banki ជាប់ព្រំដែនកាមឺរ៉ុន និយាយថា យ៉ាងតិចក្មេងស្រី៨០នាក់ ត្រូវបាននាំខ្លួនទៅកាន់ទីក្រុងកាលពីរសៀលថ្ងៃ៦ ខែឧសភា ។ ក្មេងស្រីទាំងនោះកំពុងស្ថិតនៅទីតាំងរបស់យោធា និងជិះយន្តហោះទៅកាន់អាកាសយានដ្ឋាន Maiduguri រដ្ឋ Borno នៅថ្ងៃអាទិត្យ ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៤ ក្រុមឧទ្ទាមបូកូហារ៉ាមបានឡោមព័ទ្ធសាលាមធ្យមសិក្សាទីក្រុងដាច់ស្រយាល់ Chibok ហើយបានចាប់សិស្សសាលាប្រមាណ២៧៦នាក់ ខណៈដែលអ្នកខ្លះកំពុងអង្គុយប្រឡងនោះយកទៅធ្វើចំណាបខ្មាំង ។ ជនរងគ្រោះ៥៧នាក់បានរត់រួចខ្លួនភ្លាមៗនោះ ប៉ុន្តែ២១៩នាក់ ត្រូវក្រុមឧទ្ទាមចាប់យកទៅជាមួយរហូតដល់បច្ចុប្បន្ន ៕

Leave a Reply

Your email address will not be published. Required fields are marked *