ភ្នំពេញ: ពិតជាថ្លើមធំមែនដែលលោកផ្កាយ៣ អោក សៀង បានដាក់គ្រឿងចក្រមួយគ្រឿងទៅឈូសកម្ទេចចោលរបាំងជញ្ជាំងថ្មយ៉ាងរឹងមាំ នៅអមសងខាងផ្លូវកៅស៊ូ អមសងខាងស្ពានព្រែកសំរោង ដែលស្ថិតនៅក្នុងទឹកដី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ ដែលជាសមិទ្ធផលអំណោយ ពីប្រទេសចិន ជួយមកប្រទេសកម្ពុជានោះ ថ្មីៗនេះ ទោះបីអាជ្ញាធរសង្កាត់ព្រែកសំរោង និងខណ្ឌច្បារអំពៅ ទៅហាមឃាត់ ច្រើនលើកក៏ដោយក៏មិនព្រមស្ដាប់ឡើយ។
លោកអភិបាលខណ្ឌច្បារអំពៅ បានឱ្យដឹងថា៖ រឿងខាងលើនេះ រដ្ឋបាលខណ្ឌច្បារអំពៅ និងសង្កាត់ព្រែកថ្មីបានទៅហាមឃាត់ចំនួន ២ដងហើយ តែឧកញ៉ាម្នាក់នោះ មិនស្ដាប់ទេ ដោយគាត់ អះអាងថា៖ មានការអនុញ្ញាត ពីក្រសួងសាធារណការ និងដឹកជញ្ជូន ឱ្យគាត់ឈូសចោលរបាំងថ្ម ខាងលើនេះ។
ជាមួយគ្នានេះដែរ លោក លីវ វណ្ណថេង ចៅសង្កាត់ព្រែកថ្មី បានឱ្យដឹងថា “នេះជាសមិទ្ធផលជំនួយពីប្រទេសចិន ក្នុងការស្ថាបនារបាំងថ្ម ការពារផ្លូវនៅអមសងខាងស្ពានព្រែកសំរោងនេះ ត្រូវបានឧកញ៉ាម្នាក់នេះ ដាក់គ្រឿងចក្រ ឈូសបំផ្លាញចោល គឺដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន តែប៉ុណ្ណោះ។ ដូចនេះ សូមថ្នាក់លើ ចុះមកពិនិត្យមើលផង ព្រោះអី មហាជនទូទៅ ពេលឃើញឧកញ៉ា គាត់វាយបំផ្លាញសមិទ្ធផល ដែលជាអំណោយពីប្រទេសចិននេះ គឺពួកគាត់មានការសោកស្ដាយណាស់ ហើយម្យ៉ាងទៀត បើប្រទេសម្ចាស់ជំនួយ គាត់បានឃើញវិញនោះ មិនដឹងជាស្ដាយស្រណោះ យ៉ាងណានោះទេ ចំពោះរឿងនេះ”។
លោកចៅសង្កាត់ព្រែកថ្មី បាននិយាយទៀតថា “នៅពេលឯកឧត្ដម ឧកញ៉ា ខាងលើនេះ គាត់ដាក់គ្រឿងចក្រ ឈូសរបាំងថ្មការពារផ្លូវកៅស៊ូ នៅអមសងខាងស្ពានព្រែកសំរោងនេះ គឺអាជ្ញាធរសង្កាត់ បានចុះទៅហាមឃាត់ ៣ទៅ៤ដងមកហើយ តែលោកឧកញ៉ានោះ គាត់មិនស្ដាប់សោះឡើយ ដោយនិយាយថា ខាងអាជ្ញាធរខណ្ឌច្បារអំពៅ និងមន្ទីរសាធារណការរាជធានីភ្នំពេញ និងក្រសួងសាធារណការ បានចេញលិខិត និងចេញមុខកាងអោយ វ៉ៃរបាំងថ្មនេះចោល ដើម្បីរៀបការ៉ូឡាវិញ”។
លោកចៅសង្កាត់ បន្តទៀតថា “លោកឧកញ៉ានោះ មិនដឹងជាអាងអីនោះទេ មិនត្រឹមវាយបំផ្លាញ របាំងថ្មការពារកៅស៊ូ នៅអមសងខាងស្ពានព្រែកសំរោងប៉ុណ្ណោះទេ ថែមទាំងដាក់គ្រឿងចក្រ កាប់កាយបំផ្លាញផ្លូវកៅស៊ូលេខ១១០ ដាក់លូបង្ហូរទឹក ចូលទន្លេបាសាក់ ថែមទៀតផងដែរ”។
តែនៅថ្ងៃនេះ មិនទាន់មានសកម្មភាព ដាក់គ្រឿងចក្រ ចុះទៅវ៉ៃរបាំងថ្មចោលទៀតនោះទេ តែលោក រស់ សុភ័ក្ត្រ អភិបាលរងខណ្ឌច្បារអំពៅ បាននិយាយប្រាប់ថា ចំពោះករណីឧកញ៉ាខាងលើ វ៉ៃបំផ្លាញរបាំងថ្មនោះ ខាងខណ្ឌចុះទៅហាមឃាត់ហើយ តែមិនទាន់ដឹងថា មានវិធានការ យ៉ាងណានោះទេ ចំពោះរឿងនេះ ព្រោះអីខាងក្រសួង ចេញលិខិតនៅក្នុងរឿងនេះ??។
ចំណែកលោកសំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនក្រុងភ្នំពេញ បាននិយាយថា លោកអត់ដឹងទេ ដោយការងារខាងលើនេះ គ្រប់គ្រងដោយក្រសួងសាធារណការ និងដឹកជញ្ជូន។
ពលរដ្ឋដែលរស់នៅក្នុងតំបន់នោះ ក៏ដូចជា នៅក្រៅតំបន់ស្ពានព្រែកសំរោង បាននិយាយក្នុងន័យតែមួយថា ឧកញ៉ាម្នាក់នោះ កំពុងតែបំផ្លាញទំនាក់ទំនងមិត្តភាព សហប្រតតិបត្តិការ រវាងកម្ពុជា និងចិន តាមរយៈទង្វើ របស់ខ្លួនបែបនេះ។ ពលរដ្ឋ កំពុងរង់ចាំមើលតើថ្នាក់លើចាត់វិធានការ យ៉ាងណា ចំពោះលោកឧកញ៉ា វ៉ៃបំផ្លាញសមិទ្ធផល ដែលជាអំណោយពីប្រទេសចិន ក្នុងការសាងសង់ របាំងថ្មការពារផ្លូវនៅអមសងខាងស្ពានព្រែកសំរោងនេះ។
គេហទំព័រ មិនអាចសុំការបំភ្លឺ ពីលោកឧកញ៉ាខាងលើនេះ បានទេ ពាក់ព័ន្ធនឹងករណីវាយកំទេចរបាំងថ្មធ្វើឲ្យមានប្រតិកម្យ៉ាងធ្ងន់ធ្ងរនេះ៕ អូន ធួក
