ខេត្តសៀមរាប ៖ ករណីកាប់ឈើគ្រញូងនៅតំបន់អង្គរ នៅតែជាប្ធានបទក្តៅគគុក ខណៈដែលសមត្ថកិច្ចក៏កំពុងស្វែងរកមុខអ្នកដែលជាប់ពាក់ព័ន្ធ និងការកាប់ឈើក្រញូង ដ៏មានតម្លៃនោះនេះមិនឃើញ ដើម្បីចាប់ខ្លួនបញ្ជូនទៅតុលាការ ។
អាជ្ញាធរអប្សរាបានឲ្យដឹងថាដើមគ្រញូង ១ ដើមដែលមានមុខកាត់ជិត ៩ តឹក និងកម្ពស់ជិត ១០ ម៉ែត្រមានទីតាំងស្ថិតក្នុងឧទ្យានជាតិអង្គរខាងកើតវត្តថ្មីដំរីសែនជ័យក្នុងភូមិនគរក្រៅ ឃុំគោកចក ក្រុងសៀមរាបត្រូវបានអាជ្ញាធរអប្សរាកាត់ផ្តួលកាលពីថ្ងៃអាទិត្យក្រោយពេលឈើដ៏កម្រ និងមានតម្លៃបំផុតនេះត្រូវបានជនខិលខូច លួចអារបានមួយភាគ ក្នុងបំណងលួចដឹកចេញ។
មន្ត្រីអាជ្ញាធរអប្សរាបានបញ្ជាក់ថា មូលហេតុដែលត្រូវកាប់ដើមឈើនេះ ព្រោះថា ទី ១ គឺដើម្បីការពារកុំឲ្យវាដួលរលំដែលអាចមានគ្រោះថ្នាក់ដល់អ្នកដំណើរ ឬអ្នកដែលមកជ្រកក្រោមដើមគ្រញូងនេះ និង ទី ២ គឺកាប់យកទៅរក្សាទុកកុំឲ្យជនខិលខូចលួចកាប់បន្តទៀតក្រោយពេលជនខិលខូចទាំងនោះបានលួចកាប់កាលពីថ្ងៃទី ៤ ខែតុលាសល់តែ ២ តឹកប៉ុណ្ណោះ ។
បើទោះជាមានការអះអាងបែបនេះក៏ដោយ មន្ត្រីជំនាញ បានអះអាងថា ឈើនេះ ជនខិលខូចបានអារអស់ប្រមាណ១តឹកប៉ុណ្ណោះ ដូច្នេះអាចរក្សាទុកបាន ប៉ុន្តែមន្ត្រីអាជ្ញាធរអប្សរាបានទៅកាប់រំលំតែម្តង ដែលធ្វើឲ្យមានការសង្ស័យយ៉ាងខ្លាំង ៕ ប្រសើរ
