ចាប់ខ្លួនមេដឹកនាំប្រឆាំងនៅវេណេហ្ស៊ុយអេឡា

ក្រុមសាច់ញាតិបានអះអាងកាលពីថ្ងៃអង្គារថា មន្រ្តីសន្តិសុខវេណេហ្ស៊ុយអេឡា បានចាប់ខ្លួនមេដឹកនាំប្រឆាំងពីររូបដល់ក្នុងផ្ទះ អំឡុងពេលឆ្មក់ចូលនាវេលាយប់អធ្រាត្រ បន្ទាប់ពីពួកគាត់បានជំរុញឱ្យមានបាតុកម្មប្រឆាំងតវ៉ាលើស្ថាប័នអំណាចនីតិបញ្ញត្តិថ្មី ដែលប្រកាសយ៉ាងឱឡារឹកថា កើតឡើងមិនស្របតាមលទ្ធិប្រជាធិបតេយ្យ។

មេដឹកនាំប្រឆាំង លោក Leopoldo Lopez និងលោក Antonio Ledezma ត្រូវឃុំខ្លួននៅក្នុងផ្ទះ ដែលកាលពីអតីតកាល ពួកគាត់ជាអ្នកដឹកនាំបាតុករធ្វើបាតុកម្មតាមផ្លូវនានាដើម្បីប្រឆាំងនឹងលោកប្រធានាធិបតី នីកូឡា ម៉ាឌូរ៉ូ ក្នុងឆ្នាំ២០១៤ ហើយក្រោយមកត្រូវចោទប្រកាន់ពីបទធ្វើរដ្ឋប្រហារប៉ុនប៉ងទម្លាក់រដ្ឋាភិបាលនោះ ។

Lilian Tintori ភរិយារបស់លោក Lopez បានបង្ហោះសារនៅលើបណ្តាញសង្គម Twitter ថា «វេលាម៉ោង០០និង២៧នាទីរំលងអធ្រាត្រ, ភ្លាមៗ ក្រុមផ្តាច់ការបានចាប់ខ្លួន Leopoldo នៅក្នុងផ្ទះរបស់ខ្ញុំ» ។

អ្នកស្រីបានបង្ហោះលីញវីដេអូមួយបង្ហាញឲ្យឃើញថា លោក Lopez ត្រូវកម្លាំងសន្តិសុខគ្រាកចូលក្នុងរថយន្ត ដែលមានឈ្មោះថា Sebin ឬភ្នាក់ងារស៊ើបការណ៍វេណេហ្ស៊ុយអេឡា។

ទាក់ទងបញ្ហានេះ ក្រសួងព័ត៌មានវេណេហ្ស៊ុយអេឡាមិនបានឆ្លើយតបភ្លាមៗចំពោះអ៊ីមែលរបស់កាសែតរ៉យទ័រ ដែលបានផ្ញើទៅសាកសួរព័ត៌មាននោះទេ។

លោក Lopez និង Ledezma អតីតជាអភិបាលក្រុង Caracas និងជាអ្នករិះគន់ដែលមិនសំចៃមាត់ទៅលើរបបដឹកនាំរបស់លោក Maduro ។

ពួកគាត់អំពាវនាវឱ្យពលរដ្ឋវេណេហ្ស៊ុយអេឡា ចូលរួមបាតុកម្មប្រឆាំងការបោះឆ្នោតសភាកាលពីថ្ងៃអាទិត្យ ដើម្បីជំនួសសភាដែលគ្រប់គ្រងដោយបក្សប្រឆាំង ហើយដែលតុលាការកំពូលកូនជឹងលោក ម៉ាឌូរ៉ូ បានដកហូតសិទ្ធិអំណាចរបស់គេអស់ទៅហើយនោះ ។

យ៉ាងហោចណាស់មនុស្ស១០នាក់បានស្លាប់ក្នុងអំពើចលាចលពេលបោះឆ្នោត ។ បក្សប្រឆាំងបានធ្វើពហិការមិនចូលរួមការបោះឆ្នោត ស្របពេលដែលពិភពលោក ក៏បានរិះគន់គណបក្សកាន់អំណាចវេណេហ្ស៊ុយអេឡាថា បានរំលោភបំពានលើសេរីភាពប្រជាធិបតេយ្យដែរ។

លោក Freddy Guevara អ្នកតាក់តែងច្បាប់មកពីគណបក្សឆន្ទៈប្រជាប្រិយ (PWP)របស់លោក Lopez បានសរសេរថា “ពួកគេបានចាប់ពង្រត់ @ leopoldolopez ពីព្រោះគាត់មិនទម្លាក់ចោលនូវសម្ពាធ និងការសន្យាមិនពិតរបស់របបមួយនេះឡើយ” ។

នាង Vanessa Ledezma អះអាងថា នាងសុំឲ្យលោក Maduro ទទួលខុសត្រូវអ្វីដែលបានកើតឡើងចំពោះឪពុករបស់នាង។ នាងសរសេរនៅលើ Twitter ថា «ក្រុម Sebin (ភ្នាក់ងារស៊ើបការណ៍សម្ងាត់)​​ ទើបតែនាំខ្លួនគាត់» ដោយមានបង្ហោះវីដេអូ ក្រុម Sebin ចាប់គ្រាក លោក Ledezma ស្ថិតក្នុងសម្លៀកបំពាក់បែប pyjamasផងដែរ។

លោកLedezma ត្រូវឃុំខ្លួននៅក្នុងផ្ទះកាលពីឆ្នាំ២០១៥ បន្ទាប់ពីជាប់ពន្ធនាគារ ក្រោមបទចោទប្រកាន់ដឹកនាំរដ្ឋប្រហារប្រឆាំងលោក Maduro ។

រីឯលោក Lopez ត្រូវជាប់ឃុំនៅក្នុងផ្ទះដែរ កាលពីខែកក្កដា ឆ្នាំ២០១៧ ក្រោយការជាប់ពន្ធនាគាររយៈពេល៣ឆ្នាំ ដោយសារដឹកនាំបាតុកម្មប្រឆាំងរដ្ឋាភិបាលនៅឆ្នាំ ២០១៤ ។ ការដោះលែងរូបលោក ត្រូវគេចាត់ទុកថា ជាផ្នែកមួយរីកចម្រើនដ៏សំខាន់ពីការជាប់គាំងនយោបាយប្រទេសវេណេហ្ស៊ុយអេឡា ។

មេធាវីរបស់លោក Lopez គឺលោក Juan Gutierrez បានសរសេរនៅលើបណ្តាញសង្គម Twitter ថា “មិនមានយុត្តាធិការផ្លូវច្បាប់ក្នុងការដកហូតវិធានការឃាត់ខ្លួននោះទេ” ៕ សុរ្ម័ន

Leave a Reply

Your email address will not be published. Required fields are marked *