កូរ៉េខាងជើងជេរអាមេរិកថា «ថោកទាប» ហាមពលរដ្ឋខ្លួនមិនឲ្យចូលកូរ៉េខាងជើង

កូរ៉េខាងជើងបានរិះគន់យ៉ាងខ្លាំងការសម្រេចចិត្តរបស់ទីក្រុងវ៉ាស៊ីនតោនហាមឃាត់ អ្នកកាន់លិខិតឆ្លងដែនអាមេរិក មិនឱ្យមកកាន់ទឹកដីកូរ៉េខាងជើង ហើយបើតាមរយៈប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋកូរ៉េខាងជើង បានបរិយាយកាលពីថ្ងៃសុក្រ ទី៤ ខែសីហាថា នោះជាការប៉ុនប៉ងដ៏”ថោកទាប”មួយ ដែលដាក់កម្រិតដល់មនុស្សគ្រប់រូបបែបនេះ។

ទីភ្នាក់ងារព័ត៌មាន KCNA របស់កូរ៉េខាងជើងបានដកស្រង់សម្តីអ្នកនាំពាក្យ ដែលមិនចេញអត្តសញ្ញាណរបស់ក្រសួងការបរទេសកូរ៉េខាងជើងថ្លែងថា គ្មានហេតុផលទាល់តែសោះ ដែលថា ជនបរទេសមានអារម្មណ៍ថាគំរាមកំហែង ខណៈកូរ៉េខាងជើង និងពលរដ្ឋមកពីជុំវិញពិភពលោកទាំងនោះត្រូវបានលើកទឹកចិត្តឱ្យធ្វើទស្សនកិច្ចមកកាន់កូរ៉េខាងជើង ។

អ្នកនាំពាក្យដដែលបន្តថា “ទ្វាររបស់យើងតែងតែបើកជានិច្ចសម្រាប់ជនជាតិអាមេរិកគ្រប់រូប ដែលមកលេងប្រទេសរបស់យើង ដោយគោលបំណងល្អ ចង់ដឹង ចង់ឃើញ ការពិតរបស់យើង” ។

ក្រសួងការបរទេសអាមេរិកបានប្រកាសកាលពីដើមសប្តាហ៍នេះថា វិធានការហាមឃាត់ខាងលើ ចាប់ផ្តើមមានប្រសិទ្ធភាពពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៧តទៅ ប៉ុន្តែទោះបីយ៉ាងណា អ្នកសារព័ត៌មាន និងបុគ្គលិកមនុស្សធម៌ អាចស្នើសុំករណីលើកលែងបានខ្លះ។

ការហាមឃាត់នេះដែរនឹងធ្វើឱ្យកូរ៉េខាងជើងដាច់ស្រយាលជាប្រទេសតែមួយគត់ ដែលពលរដ្ឋអាមេរិកត្រូវហាមឃាត់ មិនឱ្យធ្វើដំណើរទៅកាន់ទីនោះ។

ការហាមប្រាមខាងលើនេះ វាបានកើតឡើងបន្ទាប់ពីការស្លាប់របស់និស្សិតអាមេរិកម្នាក់ឈ្មោះ Otto Warmbier ដែលត្រូវកាត់ទោសនៅកូរ៉េខាងជើងកាលពីឆ្នាំមុន ឱ្យធ្វើការធ្ងន់រយៈពេល១៥ឆ្នាំ ដោយសារតែព្យាយាមលួចក្រដាស់ផ្សព្វផ្សាយឃោសនានយោបាយរដ្ឋអំណាចកូរ៉េខាងជើងពីសណ្ឋាគារមួយដែលគាត់បានស្នាក់នៅ។

និស្សិត Warmbier ស្ថិតក្នុងភាពសន្លប់បាត់ស្មារតី ពេលត្រូវបានកូរ៉េខាងជើងដោះលែង ដោយសារមូលហេតុមនុស្សធម៌ ។ ការស្លាប់របស់និស្សិតរូបនេះ នៅមិនទាន់មានការបញ្ជាក់ច្បាស់លាស់នោះទេ ។

កាសែត KCNA មិនបានបរិយាយដល់ឈ្មោះ និស្សិត Warmbier កាលពីថ្ងៃសុក្រទេ ប៉ុន្តែបានបញ្ជាក់ថា កូរ៉េខាងជើងបានដាក់ទណ្ឌកម្មដល់ប្រជាជនអាមេរិកមួយចំនួន ដែលបានធ្វើសកម្មភាពប្រឆាំងមកលើរបបដឹកនាំកូរ៉េខាងជើង។

បច្ចុប្បន្ននេះ កូរ៉េខាងជើងកំពុងឃុំខ្លួនគ្រូបង្រៀន និងជាសាសនទូតជនជាតិកូរ៉េកាត់អាមេរិក២នាក់, គ្រូគង្វាលសញ្ជាតិកាណាដាម្នាក់ និងជនជាតិកូរ៉េខាងត្បូង៣នាក់ ដែលកំពុងបំពេញកិច្ចការផ្សព្វផ្សាយសាសនា។

អ្នកនាំពាក្យកូរ៉េខាងជើងដដែលបញ្ជាក់ថា ប្រទេសក្នុងលោក គ្មានប្រទេសណាមួយអនុញ្ញាតឲ្យជនបរទេសប្រព្រឹត្តបទឧក្រិដ្ឋរួចខ្លួនឡើយ។ ការកាត់ទោសពីបទឧក្រិដ្ឋតាមច្បាប់នោះជាសិទ្ធិជឿជាក់របស់យើងក្នុងនាមជារដ្ឋមានអធិបតេយ្យ។

កាសែតកូរ៉េខាងជើងបានបរិយាយថា បម្រាមនេះឆ្លុះបញ្ចាំងពីទស្សនៈរបស់ទីក្រុងវ៉ាស៊ីនតោនមកលើទីក្រុងព្យុងយ៉ាងថា ជាសត្រូវពិតៗ ហើយថា រដ្ឋការរបស់លោកប្រធានាធិបតី Donald Trump គួរតែបោះបង់ចោលគោលនយោបាយប្រឆាំងកូរ៉េខាងជើងនោះចេញទៅ។

លោក Joe Wilson អ្នកតំណាងរាស្ត្រមកពីគណបក្សសាធារណរដ្ឋអាមេរិក ដែលបានណែនាំច្បាប់ហាមឃាត់ជនជាតិអាមេរិក មិនឱ្យធ្វើដំណើរទៅកាន់ប្រទេសកូរ៉េខាងជើងនោះបានថ្លែងថា ជនជាតិអាមេរិករាប់រយនាក់ ស្ថិតក្នុងចំណោមភ្ញៀវទេសចរលោកខាងលិចប្រហែលពី៤ពាន់នាក់ទៅ៥ពាន់នាក់ ដែលធ្វើទស្សនកិច្ចនៅកូរ៉េខាងជើងរៀងរាល់ឆ្នាំ។

ក្រៅពីគំរាមកំហែងទៅលើការឃុំឃាំង កូរ៉េខាងជើងនៅគំរាមកំហែងបង្កើនសកម្មភាពអាវុធនុយក្លេអ៊ែរ និងកាំជ្រួចមីស៊ីល ដែលប្រហែលជាការប្រឈមផ្នែកសន្តិសុខដ៏ខ្លាំងក្លាបំផុតរបស់លោកដូណាល់ ត្រាំហើយ។

កូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលឆ្លងទ្វីបកាលពីខែមុន ដែលក្រុមអ្នកជំនាញជឿថា មានរយៈចម្ងាយឆ្ងាយ អាចបាញ់ដល់ទឹកដី អាឡាស្កា និងហាវ៉ៃ និងប្រហែលជាទៅដល់តំបន់ប៉ាស៊ីហ្វិកភាគពាយ័ព្យអាមេរិកទៀតផង ៕ សុមេធ

Leave a Reply

Your email address will not be published. Required fields are marked *