រដ្ឋបាលរាជធានី នឹងរៀបចំធ្វើពិធីទទួលយកស្ពាន លី យ៉ុងផាត់នៅថ្ងៃ១៦តុលានេះ

ភ្នំពេញៈ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្នុងកិច្ចសម្ភាសន៍ជា​មួយអ្នកយក​ព័ត៌មាន កាលពីរសៀលថ្ងៃទី១១តុលាឆ្នាំ២០១៧ ក្រោយបញ្ចប់កម្មវិធីផ្សព្វផ្សាយសេចក្តី​ប្រកាស​តំបន់វិនិច្ឆ័យប្រជាពលរដ្ឋស្ថិតក្នុងសហគមន៍វិមានទ្រង់ ស្ថិតក្នុងសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ ជាមួយប្រជាពលរដ្ឋជាង៤០០នាក់ បានមានប្រសាសន៍ថា   នៅថ្ងៃទី១៦ តុលាឆ្នាំ២០១៧ ខាងមុខនេះ រដ្ឋបាលរាជធានី នឹងរៀបចំធ្វើពិធីទទួលយកស្ពានលីយ៉ុងផាត់ ពីក្រុមហ៊ុនLYP Group របស់លោកឧកញ៉ា លី យ៉ុងផាត់ មកគ្រប់គ្រងជាសម្បត្តិ​រាជធានី​ភ្នំពេញ ដើម្បីដាក់ឲ្យប្រជាលរដ្ឋបានធ្វើដំណើរដោយមិនយកប្រាក់រហូតតទៅ។

លោក អភិបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ស្ពាននេះដោយអនុវត្តតាមប្រសាសន៍ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នឹងត្រូវដាក់ឲ្យប្រចាពលរដ្ឋធ្វើដំណើរ ដោយមិនយកប្រាក់នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៧នេះតទៅ ។ ជាមយយនេះដែរ នៅថ្ងៃទី១៦តុលារដ្ឋបាលរាជធានីនឹងរៀបចំពិធីទទួលយកស្ពាននេះ មកគ្រប់គ្រង​ជាសម្បត្តិរាជធានីភ្នំពេញ ដើម្បីដាក់ឲ្យប្រជាលរដ្ឋបានធ្វើដំណើរដោយមិនយក​ប្រាក់ជារៀងរហូត។នេះជាការគិតគូរខ្ពស់មួយរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដោយសម្តេចតែងតែគិតគូរជានិច្ចពីសុខទុក្ខ និងការលំបាករបស់ប្រជាពលរដ្ឋដើម្បីកាត់បន្ថយភាពក្រីក្រជូនប្រជាពលរដ្ឋ មានន័យថា មានផ្លូវ មានស្ពាន គឺមានក្តីសង្ឃឹម ។

លោក ឃួង ស្រេង បន្តថាការសម្រេចរបស់ប្រមុខនៃរាជរដ្ឋាភិបាលនេះ គឺជាការគិតគូរ និងលើកកម្ពស់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋទូទាំងប្រទេស ដូចជាការលុបចោល​បង់ថ្លៃឆ្លងកាត់ផ្លូវជាតិលេខ៤ និងផ្លូវលេខ២០០៤ ឬផ្លូវម៉ៃដា កាលពីពេលកន្លងមកជាដើម។

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី៥ ខែ តុលានេះបានផ្ដល់កាដូដ៏ធំមួយជូនដល់ជនរួមជាតិទូទាំងប្រទេសដោយ ប្រកាសទិញស្ពាន និងផ្លូវលីយ៉ុងផាត់ ព្រែកព្នៅ មកគ្រប់គ្រងជាសម្បត្តិរដ្ឋវិញ ហើយអនុញ្ញាតឲ្យប្រជាពលរដ្ឋ​ឆ្លងកាត់ដោយមិនបាច់បង់ថ្លៃជារៀងរហូត ៕ ប្រសើរ

Leave a Reply

Your email address will not be published. Required fields are marked *