ភ្នំពេញៈអភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង ក្នុងឱកាសដែលលោកអញ្ជើញបើកបវេសនកាលឆ្នាំសិក្សា២០១៧-២០១៨ និងចែករង្វាន់សិស្សពូកែថ្នាក់អន្តរជាតិ និងថ្នាក់រាជធានីភ្នំពេញសម្រាប់ឆ្នាំសិក្សា២០១៦-២០១៧ ដែលបានធ្វើឡើងនៅវិទ្យាល័យសម្តេច ហ៊ុន សែន ភ្នំពេញថ្មី ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ កាលពីព្រឹកថ្ងៃទី២៨ តុលានេះ បានប្រាប់អ្នកកាសែតថា អាជ្ញាធររាជធានីភ្នំពេញ គ្រោងនឹងបិទទ្វារក្លឹបកម្សាន្តទាំងអស់នៅពេលថ្ងៃ ដោយសារវាជាដើមចមធ្វើឲ្យសិស្សានុសិស្សមួយចំនួនគេចសាលារៀន នាំគ្នាចូលក្លឹបធ្វើឲ្យខូចអនាគតសិស្សានុសិស្ស ដែលជាទំពាំងស្នងឬស្សីរបស់ប្រទេសជាតិ ។
លោកអភិបាលរាជធានីមានប្រសាសន៍ថា ក្លឹបទាំងអស់នៅក្រុងភ្នំពេញនឹងតម្រូវមិនឲ្យបើកនៅពេលថ្ងៃទេ ព្រោះអាចឲ្យក្មួយៗជាសិស្សានុសិស្សមួយចំនួនគេចសាលាចូលក្លឹបធ្វើឲ្យខូចអនាគត។ នេះជាការគិតគូរដ៏វែងឆ្ងាយមួយរបស់ថ្នាក់ដឹកនាំរបស់យើង ដែល ធ្វើយ៉ាងណាជំរុញឲ្យសិស្សប្រឹងប្រែងសិក្សារៀនសូត្រមិនគេចសាលារៀន ព្រោះកន្លងមកមានសិស្សមួយចំនួនបាននាំគ្នាចូលក្លឹបពេលថ្ងៃ តែយើងមិនដឹងថា ពួកគេចូលក្លឹបនេះចំម៉ោងលីប ឬពួកគេគេចសាលានោះទេ។ ក្នុងនាមអាជ្ញាធរដែនដីដែលជាអាណាព្យាបាលប្រជាពលរដ្ឋ ក៏ដូចជារាជរដ្ឋាភិបាលបានគិតគូរច្រើនណាស់ចំពោះវិស័យអប់រំនេះ ដូច្នេះហើយទើបយើងមានវិធានការគ្រប់បែបយ៉ាងធ្វើយ៉ាងណាឲ្យសិស្សដែលជាទំពាំងស្នងឫស្សីនេះក្លាយជាឫស្សីពិតប្រាកដ ហើយឫស្សីនោះជាឫស្សីដែលរឹងមាំសម្រាប់ស្នងប្រទេសជាតិ ៕ ប្រសើរ