សម្តេចតេជោ ហ៊ុន សែន បានចោទសួរឯកអគ្គរដ្ឋទូតអាមេរិកប្រចាំ នៅរាជធានីភ្នំពេញថា តើអាមេរិកប្រកាសកាត់ជំនួយ ផ្នែកពន្ធដាដើម្បីបំណងអ្វីទៅ?

ភ្នំពេញ៖ យោងតាមគេហទំព័រ  Fresh News បានឲ្យដឹងថា ថ្លែងចេញពីទីក្រុងមាត់សមុទ្រ ខេត្តព្រះសីហនុ ខណៈបណ្តាញព័ត៌មាន Fresh News កំពុងផ្សាយផ្ទាល់, សម្តេចតេជោ ហ៊ុន សែន បានចោទសួរឯកអគ្គរដ្ឋទូតអាមេរិកប្រចាំ នៅរាជធានីភ្នំពេញថា តើអាមេរិកប្រកាសកាត់ជំនួយ ផ្នែកពន្ធដាដើម្បីបំណងអ្វីទៅ? សម្តេចបានបញ្ជាក់ថា ជំនួយលើវិស័យពន្ធដានេះបានបញ្ចប់តាំងពីឆ្នាំ២០១៦មកម្ល៉េះ តើអ្វីទៅជាបំណងនៃការប្រកាសនេះ?

សម្តេចប្រមុខរាជរដ្ឋាភិបាល បានចោទសួរអាមេរិកថា តើអ្វីទៅជាបំណងនៃការប្រកាសកាត់ផ្តាច់ជំនួយ ដែលមិនមានផ្តល់តាំងពីឆ្នាំ២០១៦មកនោះ? សម្តេចតេជោ ចាត់ទុកការប្រកាសនេះ ជារឿងនយោបាយបំបាក់មុខកម្ពុជា។ សម្តេចនាយករដ្ឋមន្ត្រីបានចាត់ទុកការប្រកាសរបស់អាមេរិករឿងដកជំនួយពន្ធដានេះ ជាគោលដៅជួយប្រោសបក្សប្រឆាំងឲ្យរស់ឡើងវិញ, ប៉ុន្តែត្រូវសម្តេចឆ្លើយតបថា កុំសង្ឃឹមឲ្យសោះ។

ការប្រកាសស្នើឲ្យឯកអគ្គរដ្ឋទូតអាមេរិកបកស្រាយបែបនេះ ធ្វើឡើងនៅក្នុងឱកាសសម្តេចអញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនកម្មករ និយោជិតសរុបប្រមាណ ២១,១៩១នាក់ មកពីរោងចក្រ សហគ្រាសចំនួន៧៧ នៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ នាព្រឹកថ្ងៃទី០៣ ខែមីនា​ ឆ្នាំ២០១៨។

ជាមួយនោះដែរសម្តេចតេជោ ហ៊ុន សែន ហៅឯកអគ្គរដ្ឋទូតអាមេរិកថា ជាទូតភូតកុហក ហើយស្នើសុំឲ្យឯកអគ្គរដ្ឋទូតបំភ្លឺរឿងផ្តាច់ជំនួយអគ្គនាយកដ្ឋានពន្ធដារ ហើយក៏បានប្រាប់ ឯកអគ្គរដ្ឋទូតអាមេរិកនាពេលបច្ចុប្បន្ន កុំធ្វើចរិតដូចឯកអគ្គរដ្ឋទូតអាមេរិកអាណត្តិមុន វិលលៀម ថូត ដែលលើកដៃច្រង៉េងច្រង៉ាងពេលព្រះមហាក្សត្រ យាងបើកសម័យប្រជុំរដ្ឋសភាកាលពីឆ្នាំ២០១៣។

សូមជំរាបថា អគ្គនាយកដ្ឋានពន្ធដារ (GDT) នៃក្រសួង​សេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានសរសេរ​លិខិត​មួយច្បាប់​ជាភាសាអង់គ្លេស ជូនទៅដល់ស្ថានទូត​សហរដ្ឋអាមេរិក ប្រចាំ​នៅរាជធានីភ្នំពេញ ដោយសម្តែងការភ្ញាក់ផ្អើល និងស្រងាក​ចិត្តជាខ្លាំង ជុំវិញ​ការប្រកាសរបស់អាមេរិកផ្អាកជំនួយ​មកកាន់អគ្គនាយកដ្ឋានពន្ធដារកម្ពុជា ដោយសារអគ្គនាយកដ្ឋានពន្ធដារ បានចូលរួមធ្វើឲ្យ លទ្ធិប្រជាធិបតេយ្យដើរថយក្រោយ។

ប៉ុន្តែករណីប្រកាសផ្អាកនេះ ត្រូវបានលោក គង់ វិបុល អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ បានសរសេរលិខិតផ្ញើទៅកាន់ស្ថានទូតអាមេរិកប្រចាំនៅរាជធានីភ្នំពេញ ដោយពន្យល់ថា៖ ការផ្តល់ជំនួយនេះបានបញ្ចប់​តាំងពីខែធ្នូ ឆ្នាំ២០១៦មកម្ល៉េះ (២០០៩-២០១៦) ដែលពេលនោះ អគ្គនាយកដ្ឋានពន្ធដារ បានរៀបចំពីធីបំពាក់គ្រឿងឥស្សរិយយស មេដាយសហមេត្រី ជូនលោក Bob Wenzed ជាប្រធានគម្រោង និងសហសេវិក ហើយលោកឯកអគ្គរដ្ឋទូត William A. Heidt ក៏បានចូលរួមជាធអិបតីក្នុងពេលនោះផងដែរ កាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៦កន្លងទៅ។ ប៉ុន្តែសហរដ្ឋអាមេរិក​បែរជាមកប្រកាស​ចេញនូវ​ការកាត់ផ្តាច់នេះ​ម្តងទៀត​នាពេលថ្មីៗនេះ ដែលបង្ក​ឲ្យមានយល់​ច្រឡំជាសាធារណៈថា អាមេរិក​​នៅតែបានផ្តល់​ជំនួយ​ដល់អគ្គនាយកដ្ឋានពន្ធដារ រហូតមកដល់ពេលបច្ចុប្បន្ន។

នៅក្នុងលិខិតរបស់លោក គង់ វិបុល បានបញ្ជាក់ថា សូមស្ថានទូតអាមេរិកគួររៀនមើលសភាពពីកម្ពុជា និងសូមកុំនិយាយបំភ្លើសនាំឲ្យមានការបកស្រាយខុសរឿង ប៉ះពាល់ដល់ទំនាក់ទំនងរវាងរាជរដ្ឋាភិបាលកម្ពុជា និងសហរដ្ឋអាមេរិក៕ ប្រសើរ

 

Leave a Reply

Your email address will not be published. Required fields are marked *