ព្រឹកនេះសម្ដេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៣២ នៅសិង្ហបុរី

 
ភ្នំពេញៈ នៅព្រឹកថ្ងៃសុក្រ ទី២៧ ខែមេសា ឆ្នាំ២០១៨នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជបានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ចាកចេញពីកម្ពុជាហើយ ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៣២ ដែលនឹង​ប្រព្រឹត្តទៅនៅប្រទេសសិង្ហបុរី ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៨នេះ ។

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានឲ្យដឹងថា វត្តមានរបស់សម្តេចតេជោ ហ៊ុន សែន នៅប្រទេសសិង្ហបុរីលើកនេះ គឺធ្វើឡើងតបតាមការអញ្ជើញរបស់ លោក លី សៀន ឡុង (Lee Hsien Loong) នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋសិង្ហបុរី និងជាប្រធានកិច្ចប្រជុំកំពូលអាស៊ាន លើកទី៣២ ។

ឥស្សរជនកម្ពុជា ដែលនឹងអមដំណើរសម្តេចតេជោ រួមមាន លោក ទេសរដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ, លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និង លោក ហង់ ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងសមាជិកដទៃទៀត នៃរាជរដ្ឋាភិបាលកម្ពុជា ។

កិច្ចប្រជុំកំពូលអាស៊ានលើកទី៣២ ក្រោមប្រធានបទ «ភាពរឹងមាំ និងនវានុវត្តន៍របស់អាស៊ាន» នឹងឆ្លុះបញ្ចាំងនូវអភិក្រមដ៏សំខាន់ ដែលអាស៊ានប្រកាន់យក ដើម្បីរក្សាសារៈសំខាន់របស់ខ្លួន ក្នុងនាមជាអង្គការតំបន់ដែលទទួលបានការជឿទុកចិត្ត នៅក្នុងការថែរក្សា និងលើកកម្ពស់សន្តិភាព ស្ថិរភាព និងវិបុលភាព ។

នៅក្នុងឱកាសដ៏សំខាន់នេះដែរ ថ្នាក់ដឹកនាំនឹងធ្វើការពិភាក្សា និងផ្លាស់ប្តូរទស្សនៈ ស្តីពីការកសាងភាពរឹងមាំ និងនវានុវត្តន៍របស់អាស៊ាន ការបង្កើតបណ្តាញទីក្រុងឆ្លាតអាស៊ាន កិច្ចសហប្រតិបត្តិការសន្តិសុខតាមប្រព័ន្ធអ៊ីនធឺណែត ទំនាក់ទំនងក្រៅតំបន់អាស៊ាន និងទិសដៅអនាគត ព្រមទាំងបញ្ហានៅក្នុងតំបន់ និងអន្តរជាតិ ដែលជាផលប្រយោជន៍រួម ។

នៅចុងបញ្ចប់នៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៣២ ឯកសារសំខាន់ៗមួយចំនួន នឹងត្រូវបាន ចេញផ្សាយអនុម័ត និងកត់សម្គាល់។ ក្រៅពីកិច្ចប្រជុំកំពូលអាស៊ានលើកទី៣២ សម្តេចតេជោនាយករដ្ឋមន្រ្តី នឹងជួបពិភាក្សាការងារទ្វេភាគីជាមួយ ថ្នាក់ដឹកនាំរបស់ប្រទេសអាស៊ានមួយចំនួនផងដែរ ។

ក្រសួងការបរទេស បានប្រកាសទៀតថា ដើម្បីត្រៀមរៀបចំកិច្ចប្រជុំកំពូលអាស៊ាន លើកទី៣២នេះ លោក ទេសរដ្ឋមន្រ្តី ប្រាក់ សុខុន នឹងអញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន កិច្ចប្រជុំលើកទី១៧ របស់ក្រុមប្រឹក្សាសហគមន៍នយោបាយ-សន្តិសុខអាស៊ាន និងកិច្ចប្រជុំលើកទី២១ របស់ក្រុមប្រឹក្សាសម្របសម្រួលអាស៊ានផងដែរ៕ ប្រសើរ

Leave a Reply

Your email address will not be published. Required fields are marked *