សម្តេចតេជោ៖គេកាត់ EBA ក៏មិនលៀនអណ្តាតដែរ

0
125
ភ្នំពេញៈថ្លែងក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតនៃសាកលវិទ្យាល័យធនធានមនុស្ស នាព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩ សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន យ៉ាងដូច្នេះថា៖«មានអ្នកខ្លះថា អូ! តិចទៀតលៀនអណ្តាតហើយ ឲ្យតែគេកាត់ EBA ចាំតែលានអណ្តាតតើ»។

សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បន្តថា បើទោះបីជាសហភាពអឺរ៉ុប ដក EBA ក៏ដោយ ក៏រដ្ឋាភិបាលកម្ពុជា នៅតែមានលទ្ធភាពបើកបៀវត្សជូនមន្រ្តីរាជការដែរ។ សម្តេច បន្ថែមថា បៀវត្ស សម្រាប់បើកជូនមន្រ្តីរាជការ គឺបានមកពីការសន្សំពីប្រភពចំណូលផ្សេងៗ មិនមែនបានមកពី EBA នោះទេ។ សម្តេច ក៏បានរម្លឹកផងដែរ អំពីសមត្ថភាពរបស់រដ្ឋាភិបាលកម្ពុជា ដែលបច្ចុប្បន្ន អាចបើកបៀវត្សជូនមន្រ្តីរាជការពីរដងក្នុងមួយខែ។

លើសពីនេះ ប្រមុខរដ្ឋាភិបាល បានលើកឡើងពីការទទួលបានចំណូលលើសពីផែនការ។ ប្រមុខរដ្ឋភិបាល អះអាងថា ១០ខែក្នុងឆ្នាំ២០១៩នេះ គយ រកបានចំណូលលើសពីផែនប្រមាណពី៧០០ទៅ៨០០លានដុល្លារ ហើយពន្ធដារ រកបានចំណូលលើសពីផែនការប្រមាណពី៤០០ទៅ៥០០លានដុល្លារ។

យ៉ាងណាក៏ដោយ មេដឹកនាំកម្ពុជា នៅតែរក្សាគោលការណ៍ដដែល គឺមិនយកសហគមន៍អន្តរជាតិ ធ្វើជាសត្រូវនោះទេ។ ទន្ទឹមនេះ មេដឹកនាំកម្ពុជា ក៏ប្រកាសពីឯករាជ្យរបស់ខ្លួនឯងដែរថា មិនត្រូវឲ្យកម្ពុជាស្ថិតនៅក្រោមការបង្គាប់បញ្ជារបស់បរទេសណាឡើយ។ មេដឹកនាំកម្ពុជា នៅតែនិយាយថា កម្ពុជា មិនយកឯករាជ្យនិងអធិបតេយ្យ ទៅដោះដូរជាមួយជំនួយឬការអនុគ្រោះណាមួយជាដាច់ខាត។

សហភាពអឺរ៉ុប ទើបនឹងចេញរបាយការណ៍បឋមស្តីពីនីតិវិធីនៃការដកឬមិនដក EBA ហើយបានផ្ញើមកកាន់រដ្ឋាភិបាលកម្ពុជា កាលពីថ្ងៃី១២ ខែវិច្ឆិកា ឆ្នាំ២០១៩ ដោយទុករយៈពេល១ខែ ឲ្យរដ្ឋាភិបាលកម្ពុជា ប្រតិកម្មនឹងរបាយការណ៍នោះ។ ជាមួយគ្នានេះ សហភាពអឺរ៉ុប បានរម្លឹកថា នៅអំឡុងខែកុម្ភៈ ឆ្នាំ២០២០ សហភាពអឺរ៉ុប នឹងចេញរបាយការណ៍ចុងក្រោយ ហើយក៏នឹងធ្វើសេចក្តីសម្រេចចុងក្រោយផងដែរថា ដក EBA ពីកម្ពុជា ឬបន្តរក្សាទុក ៕ ប្រសើរ

LEAVE A REPLY

Please enter your comment!
Please enter your name here