កម្ពុជាដាក់របាយការណ៍ជូនគណៈកម្មការអឺរ៉ុប ដោយសង្ឃឹមថា អឺរ៉ុបនឹងពិចារណាលើកិច្ចខិតខំប្រឹងប្រែង ប្រកបដោយសុឆន្ទៈរបស់រាជរដ្ឋាភិបាល

0
137

ភ្នំពេញ៖ យោងតាមគេហទំព័រ ហ្រេសញ៉ូ ចេញផ្សាយនារសៀលថ្ងៃទី ១២ខែធ្នូឆ្នាំ ២០១៩នេះឲ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា បានដាក់របាយការណ៍ជូនគណៈកម្មការអឺរ៉ុបរួចហើយ នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៩នេះ។ ជាមួយនឹងការដាក់របាយការណ៍នេះ រាជរដ្ឋាភិបាលសង្ឃឹមថា គណៈកម្មការអឺរ៉ុបនឹងធ្វើការពិចារណាលើកិច្ចខិតខំប្រឹងប្រែងប្រកបដោយសុឆន្ទៈរបស់រាជរដ្ឋាភិបាល ក្នុងការអនុវត្តរាល់អនុសញ្ញាអន្តរជាតិទាំងអស់ ក្រោមលក្ខខណ្ឌអនុគ្រោះពន្ធ «គ្រប់មុខទំនិញលើកលែងសព្វាវុធ-EBA»។ នេះបើតាមសេចក្តីថ្លែងការណ៍ របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។

សេចក្តីថ្លែងការណ៍បានបញ្ជាក់ថា អនុលោមតាមនីតិវិធីរបស់សហភាពអឺរ៉ុប រាជរដ្ឋាភិបាលកម្ពុជា មានភារកិច្ចប្រគល់ជូនគណៈកម្មការអឺរ៉ុប នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៩ នូវការឆ្លើយតបចុងក្រោយរបស់ខ្លួនចំពោះរបាយការណ៍របស់គណៈកម្មការអឺរ៉ុបអំពីការរកឃើញ និងសន្និដ្ឋានពាក់ព័ន្ធនឹងនីតិវិធីដកប្រព័ន្ធអនុគ្រោះពន្ធជាបណ្តោះអាសន្ន ដែលបានផ្តល់ឲ្យព្រះរាជាណាចក្រកម្ពុជា ក្រោមកម្មវិធី «គ្រប់មុខទំនិញលើកលែងសព្វាវុធ-EBA»។

ក្រសួងការបរទេសបានបន្តទៀតថា៖ សេចក្តីឆ្លើយតបចុងក្រោយនេះ គឺជារបាយការណ៍គ្រប់ជ្រុងជ្រោយអំពីសកម្មភាព និងវិធានការណ៍នានា ដែលរាជរដ្ឋាភិបាល បានអនុវត្តឆ្លើយតបទៅនឹងបញ្ហាទាំងឡាយ ដែលជាការព្រួយបារម្ភរបស់គណៈកម្មការអឺរ៉ុប ជាអាទិ៍រួមមានការគោរពសិទ្ធិក្នុងការចូលរួមនយោបាយ សិទ្ធិដីធ្លី សេរីភាពបញ្ចេញមតិ និងសេរីភាពបង្កើតសមាគមជាដើម។

ក្រសួងការបរទេសកម្ពុជា បានបញ្ជាក់ថា «ក្នុងចន្លោះពេលដែលគណៈកម្មការអឺរ៉ុប ចេញសេចក្តីសម្រេចចុងក្រោយរបស់ខ្លួន នៅខែកុម្ភៈ ឆ្នាំ២០២០ ខាងមុខនេះ រាជរដ្ឋាភិបាលសង្ឃឹមថា គណៈកម្មការអឺរ៉ុបនឹងធ្វើការពិចារណាលើកិច្ចខិតខំប្រឹងប្រែងប្រកបដោយសុឆន្ទៈរបស់រាជរដ្ឋាភិបាល ក្នុងការអនុវត្តរាល់អនុសញ្ញាអន្តរជាតិទាំងអស់ ក្រោមលក្ខខណ្ឌអនុគ្រោះពន្ធ “គ្រប់មុខទំនិញលើកលែងសព្វាវុធ-EBA” ដែលអាចផ្តល់ផលប៉ះពាល់សង្គម ដល់កម្មការិនីប្រមាណជិតមួយលាននាក់ និងផលប៉ះពាល់ដោយប្រយោលដល់ក្រុមគ្រួសារសាច់ញាតិ ដែលរស់នៅពឹងផ្អែកលើប្រាក់ឈ្នួលរបស់ពួកគេ រួមទាំងការគោរពនូវគោលការណ៍អធិបតេយ្យភាព និងការមិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងកម្ពុជា»។

សូមបញ្ជាក់ថា សហភាពអឺរ៉ុប បានផ្ញើរបាយការណ៍របស់ខ្លួនមកកាន់រដ្ឋាភិបាលកម្ពុជា កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៩ កន្លងទៅ និងទុករយៈពេល១ខែ ដើម្បីឱ្យភាគីកម្ពុជាធ្វើការឆ្លើយតប។ បន្ទាប់ពីកម្ពុជាឆ្លើយតប សហភាពអឺរ៉ុបនឹងធ្វើសេចក្តីសម្រេចចិត្តមួយនៅខែកុម្ភៈឆ្នាំ២០២០ ថាតើត្រូវដកការអនុគ្រោះពន្ធរបស់កម្ពុជាជាបណ្តោះអាសន្ន ឬ យ៉ាងណា។ សេចក្តីសម្រេចចិត្តនេះ គឺត្រូវធ្វើឡើងដោយសំឡេងភាគច្រើននៅក្នុងចំណោមសមាជិកទាំង ២៧ នៃគណៈកម្មការអឺរ៉ុប។

បើសិនគណៈកម្មការអឺរ៉ុបសម្រេចមិនព្យួរប្រព័ន្ធអនុគ្រោះពន្ធនេះទេ នោះនីតិវិធីត្រូវបិទបញ្ចប់ត្រឹមនេះ។ ផ្ទុយទៅវិញ ប្រសិនបើគណៈកម្មការអឺរ៉ុបសម្រេចព្យួរប្រព័ន្ធអនុគ្រោះពន្ធនេះមែន សេចក្តីសម្រេចនេះក៏នៅមិនទាន់អាចចូលជាធរមានបានភ្លាមៗនោះដែរ ពីព្រោះថា សេចក្តីសម្រេចរបស់គណៈកម្មការអឺរ៉ុបធ្វើឡើងតាមនីតិវិធីប្រតិភូកម្មអំណាច គឺអាចចូលជាធរមានបាន លុះត្រាតែគ្មានការជំទាស់ពីសំណាក់សភា ឬក្រុមប្រឹក្សាអឺរ៉ុប ៕

ប៉ុន្តែ ប្រសិនបើសភាអឺរ៉ុប ឬក្រុមប្រឹក្សាអឺរ៉ុបសម្រេចមិនជំទាស់ ឬមិនអាចរកសំឡេងភាគច្រើនដើម្បីជំទាស់នឹងសេចក្តីសម្រេចរបស់គណៈកម្មការអឺរ៉ុបបានទេ ការព្យួរប្រព័ន្ធអនុគ្រោះពន្ធនឹងត្រូវចូលជាធរមាន៦ខែ រាប់ចាប់ពីថ្ងៃដែលគណៈកម្មការអឺរ៉ុបអនុម័តសេចក្តីសម្រេចព្យួរប្រព័ន្ធអនុគ្រោះពន្ធនេះ៕

ខាងក្រោមនេះ ជាសេចក្តីថ្លែងការណ៍របស់កម្ពុជា៖

LEAVE A REPLY

Please enter your comment!
Please enter your name here