លោក សមរង្ស៊ី លាលែងពីតំណែង តែគណបក្សប្រជាជនថា គ្មានអ្វីគួរឲ្យភ្ញាក់ផ្អើលទេ

ភ្នំពេញៈលោក សម រង្ស៊ី បានប្រកាស​លាលែង​ពី​តំណែង​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​និង​សមាជិកភាព​របស់​គណ​បក្សប្រឆាំង​ដ៏​ធំ​នៅ​កម្ពុជា កាលពី​ល្ងាច​ថ្ងៃទី​១១​កុម្ភៈ ដោយសារ​មូលហេតុ​ផ្ទាល់ខ្លួន​។ ប៉ុន្តែ​អ្នកវិភាគ​បាន​លើកឡើងថា គម្រោង​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្តីពី​គណបក្សនយោបាយ​ដែល​ហាមឃាត់​អ្នក​ជាប់ទោស​មិន​ឲ្យ​ធ្វើជា​ប្រធាន ឬ អនុប្រធាន​គណបក្ស គឺជា​ដំណើរ​ឆ្ពោះទៅរក​ការរំលាយ​គណ​​បក្សប្រឆាំង​របស់លោក សម រង្ស៊ី ខណៈដែល​ប្រធាន​គណបក្សប្រឆាំង​រូបនេះ កំពុង​រង​បណ្តឹង​ជាច្រើន​ករណី​នៅឯ​តុលាការ ដូច្នេះ​យូរ​និង​​ឆាប់​លោក​គង់តែ​អស់តំណែង​ប្រធាន​បក្ស​ដដែល​។​

​គួរ​ជំរាបជូន​ដែរ​ថា ភ្លាមៗ​ក្រោយពី​លិខិត​លាលែង​របស់លោក សម រង្ស៊ី ត្រូវបាន​ផ្សព្វផ្សាយ​កាលពី​ថ្ងៃ​ម្សិលមិញ ក៏មាន​លេចចេញ​លិខិត​របស់លោក សម រង្ស៊ី មួយទៀត ដែល​បាន​ជំរាបជូន​លោក កឹម សុខា ឲ្យ​តែងតាំង​លោកស្រី ជូ​ឡុង ស៊ូ​ម៉ូ​រ៉ា ភរិយា​របស់លោក ធ្វើជា​ប្រធាន​គណបក្ស​ថ្មី​ជំនួស​លោក សម រង្ស៊ី​។ ក៏ប៉ុន្តែ​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ បាន​អះអាងថា វា​ជា​លិខិត​ក្លែងក្លាយ​។​

​នៅ​រសៀល​ម្សិលមិញនេះ​មាន​កិច្ចប្រជុំ​ពិសេស​មួយ​ជាមួយ គណៈកម្មាធិការ​អចិន្ត្រៃយ៍ និង​គណៈកម្មាធិការ​នា​យក​របស់​គណបក្ស​ស​ង្គ្រោះ​ជាតិ និង​​បន្ទាប់​ពិ​ប្រជុំ​លោក​លោក យឹម សុវណ្ណ មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ បានលើកឡើង​នៅក្នុង​សន្និសីទកាសែត​ថា លោក កឹម សុខា នឹង​នៅ​បន្ត​ធ្វើជា​ប្រធានស្តីទី គណបក្ស​សង្គ្រោះ​ជាតិ​ជា​បន្ត​រហូតដល់​មាន​សមាជ​ថ្មី​ដើម្បី​ជ្រើសរើស​ប្រធាន​គណបក្ស​។

យ៉ាងណា លោក​សុខ ឥសាន មន្ត្រី​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ប្រាប់​វិទ្យុ​បារាំង​ផ្សាយ​ជា​ភាសា​ខ្មែរ​នៅថ្ងៃនេះ​ដែរ​ថា​”​ខ្ញុំ​ដូចជា​គ្មាន​ការភ្ញាក់ផ្អើល​អី​ទេ ពីព្រោះ​វា​ជា​រឿង​ផ្ទៃក្នុង​របស់គាត់ ជា​រឿង​ផ្ទាល់ខ្លួន​របស់គាត់​។​ជម្រាលភ្នំ​វា​ចុះទៅ​ហើយ បើ​គាត់​មិន​​លោត​ក៏​វា​ចុះ​ដែរ អ៊ីចឹង​គង់តែ​ចុះ​ដដែល​គាត់​លោត​មុន​ទៅ​ដើម្បីអោយ​អ្នកមើល​ពី​ក្រៅ​មក​ឃើញថា​គាត់​ហាក់ដូចជា​ក្លាហាន ក៏ប៉ុន្តែ​​ទោះជា​ក្លាហាន​មិន​ក្លាហាន​ក៏ដោយ អាស្រ័យ​លើ​ទោសកំហុស​របស់គាត់​ដែលមាន​សាលក្រម​ស្ថាពរ​របស់​តុលាការ​ហើយ គឺ​មិនអាច​នៅ​​ទេ គ្រាន់តែ​ឆាប់​ឬ​យូរ​តែប៉ុណ្ណោះ​”​។​

​លោក​សុខ ឥសាន បាន​បន្តថា​”​ខ្ញុំ​យល់ថា​ទោះជា​គាត់​នៅ​ក៏ដោយ មិន​នៅ​ក៏ដោយ ក៏​សភាពការណ៍​នយោបាយ​នៅ​ដដែល​ទេ​។​ការប្រកួត​​ប្រជែង​ឆ្ពោះទៅរក​ការបោះឆ្នោត​ក្រុមប្រឹក្សាឃុំ​សង្កាត់​នា​ខែ​៦​ឆ្នាំ​២០១៧​នេះ គ្រប់​គណបក្សនយោបាយ​ទាំងអស់​ដែលមាន​វត្ត​មាននៅ​​កម្ពុជា​ហើយ​ដែលមាន​លទ្ធភាព​ដាក់​ប្រកួតប្រជែង​ក្នុងការ​បោះឆ្នោត​នេះ​នៅតែ​ធ្វើ​សកម្មភាព​ធម្មតា​ស្របទៅតាម​កម្មវិធី​ការងារ​របស់​​គណបក្ស​នីមួយៗ​ហើយ​នៅក្នុង​ក្របខណ្ឌ​គោលការណ៍​ក៏ដូចជា​នីតិវិធី​គ​.​ជ​.​ប​ ​តែប៉ុណ្ណោះ​”​៕ ប្រសើរ

Leave a Reply

Your email address will not be published. Required fields are marked *