បទអត្ថាធិប្បាយ÷ការបាត់បង់អាជីវកម្មមួយរយ: និងការបាត់បង់ជីវិតជារៀងរហូត មួយណាសំខាន់ជាង?

ចេញផ្សាយ÷22.07.2021

ភ្នំពេញ÷ខណ:ដែលការរីករាលដាលជំងឺកូវីដ-19 នៅតែមានសន្ទុះខ្លាំង ជាពិសេសមេរោគ បម្លែងខ្លួនថ្មីប្រភេទ Delta
កំពុងរាតត្បាតនៅកម្ពុជាកាន់តែខ្លាំងក្លាធ្វើឲ្យមានកំណើនអ្នកផ្ទុកមេរោគនិងអ្នកស្លាប់កាន់តែច្រើននោះ ក្រសួងសុខាភិបាលកម្ពុជា រឹតតែបារម្ភនិងបានជំរុញឲ្យប្រជាពលរដ្ឋខ្មែរមានការប្រុងប្រយ័ត្នកាន់តែខ្ពស់ និងអនុវត្តវិធានការណ៍ ៣កុំ ៣ការពារ ទាំងអស់គ្នា។
ប៉ុន្តែ អ្វីដែលគួរឲ្យកត់សម្គាល់នោះទោះបីរាជរដ្ឋាភិបាលខិតខំយកចិត្តទុកដាក់និងចាត់វិធានការណ៍យ៉ាងតឹងរ៉ឹងដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកាចសាហាវនេះក៏ដោយ ក៏នៅតែមានបុគ្គលមួយចំនួនហាក់មិនយកចិត្តទុកដាក់និងនៅតែផ្គើនដោយមិនពាក់ម៉ាស រក្សាគម្លាតរួចនាំគ្នាប្រមូលផ្តុំផឹកស៊ីយ៉ាងពពាក់ពពូនមិនខ្វល់ជួបហានិភ័យកើតឡើងឡើយ ។
ជាក់ស្តែង នៅក្នុងរាជធានីភ្នំពេញ
ក្នុងរយ:ពេលប៉ុន្មានថ្ងៃមកនេះនៅតាមភោជនីយដ្ឋាន ជាពិសេសហាងខារ៉ាអូខេមួយចំនួននៅតែលួចបន្តធ្វើអាជីវកម្មនិងបើកក្លឹបកម្សាន្តជួបជុំគ្នាផឹកស៊ី ច្រៀងរាំសប្បាយល្មើសនឹងវិធានក្រសួងសុខាភិបាលនៅឡើយ។
ក្នុងករណីនេះហើយ ទើបលោក ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ក៏បានជំរុញនិងព្រមានដល់លោកអធិការ នៃអធិការដ្ឋាននគរបាលខណ្ឌទាំង១៤ ត្រូវយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នចំពោះបទល្មើសបំពានវិធានបស់ក្រសួងសុខាភិបាល ដែលបង្កឲ្យមានការរីករាលដាលជំងឺកូវីដ-១៩កាន់តែខ្លាំងឡើង។
លោកឧត្តមសេនីយ៍ ស ថេត បានព្រមានដល់លោកអធិការនគរបាលខណ្ឌទាំង១៤ ថា ក្នុងករណីបណ្តែតបណ្តោយឱ្យមានការបើកក្លឹបកម្សាន្តជួបជុំគ្នាផឹកស៊ី ច្រៀងរាំសប្បាយល្មើសវិធានក្រសួងសុខាភិបាលនៅខណ្ឌណា គឺលោកអធិការនៃអធិការដ្ឋាននគរបាលខណ្ឌនោះត្រូវទទួលខុសត្រូវចំពោះមុខជាមួយថ្នាក់លើ ហើយកុំឆ្លើយថា បទល្មើសកើតហើយ មិនដឹងឲ្យសោះ។
យ៉ាងណានៅចំពោះមុខហានិភ័យនេះនារីវ័យ២១ឆ្នាំម្នាក់សុំមិនបញ្ចេញឈ្មោះដែលនាងជាអ្នកបម្រើនៅហាងខារ៉ាអូខេមួយបានត្អូញត្អែរថា “បើតែយ៉ាងនេះខ្ញុំដាច់ពោះស្លាប់ហើយ ខ្ញុំគ្មានប្រាក់ចំណូលទេ ព្រោះបើខ្ញុំទៅចាប់មុខរបរផ្សេង ខ្ញុំគ្មានលទ្ធភាពឡើយ” ។
ចំណែកម្ចាស់ហាងវិញប្រាប់ថា រាល់ខែគាត់ចំណាយថ្លៃជួលហាង បុគ្គលិក ទឹក ភ្លើង អស់ច្រើន ណាស់ដោយមិនទាន់គិតចំណាយផ្សេងៗនៅឡើយ។ ចុះបើពេលនេះត្រូវបិទអាជីវកម្មទៀត តើឲ្យគាត់សង្ឃឹមអី?
នេះគ្រាន់តែជាផលវិបាកតូចមួយក្នុងចំណោមផលវិបាកផ្សេងៗជាច្រើនរយពាន់ទៀតរបស់ប្រជាពលរដ្ឋកម្ពុជាដោយសារវិបត្តិជំងឺកូវីដ-19។
មានសំណួរជាច្រើនចោទសួរថា តើការអត់មុខរបរធ្វើ ឬបាត់បង់អាជីវកម្មមួយរយ:និងការបាត់បង់ជីវិត នរណាសំខាន់ជាង?ចម្លើយច្បាស់ជាយល់ថា ការបាត់បង់អាយុជីវិតសំខាន់ជាង។
ដូច្នេះបើយល់ថាអាយុជីវិតសំខាន់ជាង ទាំងអស់គ្នាគួរស្វែងយល់ថា បច្ចុប្បន្ន អង្គការសុខភាពពិភពលោក (WHO) កំពុងចាត់ទុក វីរវីរុសបំប្លែងខ្លួនថ្មីឈ្មោះ Delta ដែលមានប្រភពមកពីប្រទេសឥណ្ឌា ជាវីរុសដ៏កាចសាហាវ និងឆ្លងរីករាលដាលបានឆាប់រហ័សបំផុត។អ្នកជំងឺដែលឆ្លងវីរុសមួយនេះ គឺមានអាការខុសប្លែកពីការឆ្លងវីរុសដើមនៃកូវីដ១៩ ដោយអ្នកឆ្លងវីរុស Delta ខ្លះមានអាការស្រដៀងនឹងផ្ដាសាយ ឬជួនកាលគ្មានរោគសញ្ញា ដែលជាហេតុធ្វើឱ្យមានភាពងាយស្រួលក្នុងការចម្លងទៅអ្នកដទៃទៀត ព្រោះអ្នកជំងឺពុំដឹងខ្លួនថាឆ្លងកូវីដ-១៩នោះទេ។
បើតាមការប្រកាសរបស់អង្គការសុខភាពពិភពលោក WHO បានឱ្យដឹងថា  ទោះបីអ្នកចាក់វ៉ាក់សាំងបង្ការជំងឺឆ្លងកូវីដ១៩​ ហើយក៏ដោយក៏នៅតែអាចឆ្លងកូវីដ១៩ បម្លែងខ្លួនថ្មីប្រភេទ Delta បានដដែល។ បន្ថែមពីនេះទៀតអ្នកឆ្លងវីរុសនេះភាគច្រើន គឺមិនមានអាការឬរោគសញ្ញាអ្វីឡើយ។
ជាមួយគ្នានេះដែរ​ ស្របពេលដែលអ្នកឆ្លងកូវីដ១៩ បំប្លែងខ្លួនថ្មី Delta មានអាការស្រដៀងនឹងជំងឺផ្ដាសាយ ឬជួនកាលមិនបញ្ចេញរោគសញ្ញាដូច្នេះ ធ្វើឱ្យអ្នកជំងឺមិនដឹងថាខ្លួនឆ្លង ហើយមានឱកាសច្រើនក្នុងការចម្លងទៅកាន់សមាជិកគ្រួសារ និងអ្នកដទៃទៀតផងដែរ។ យ៉ាងណាមិញ សម្រាប់អ្នកនៅវ័យក្មេងមានកម្លាំងពេញ និងបានចាក់វ៉ាក់សាំងរួចរាល់មិនសូវជាប្រឈមនឹងហានិភ័យខ្ពស់ប៉ុន្មាននោះទេ ប៉ុន្ដែក្រុមមនុស្សដែលគេព្រួយបារម្ភៈបំផុតនោះ គឺក្មេងដែលមិនទាន់ទទួលបានការចាក់វ៉ាក់សាំង និងក្រុមមនុស្សចាក់ឬអ្នកមានជំងឺរ៉ាំរៃ៉ដែលមិនអាចចាក់វ៉ាក់សាំងបាន ពោលគឺពួកគាត់ ត្រូវប្រឈមនឹងហានិភ័យខ្ពស់ បើឆ្លងវីរុសកូវីដ១៩បំប្លែងខ្លួនថ្មីនេះ៕
កម្ពុជាខ្ញុំ

Leave a Reply

Your email address will not be published. Required fields are marked *