ស្អែកនេះមានសម្ពោធពហុកីឡដ្ឋានជាតិមរតកតេជោក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចតេជោ និងលោក វ៉ាង យី រដ្ឋមន្ត្រីការបរទេសចិន

ចេញផ្សាយ÷11.09.2021

ភ្នំពេញ÷ ​សម្តេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រីកម្ពុជា និងលោកវ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រី ការបរទេសនៃសាធារណរដ្ឋប្រជាមានិតចិនដែលអញ្ជើញមកបំពេញទស្សនកិច្ច្ច២ថ្ងៃ(១២-១៣ កញ្ញា ២០២១)នឹងអញ្ជើញធ្វើជាអធិបតីក្នុងពិធីប្រគល់-ទទួលជាផ្លូវការនូវពហុកីឡដ្ឋានជាតិមរតកតេជោ ដែលនឹងក្លាយជាទីតាំងសំខាន់សម្រាប់ រៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ នៅឆ្នាំ២០២៣ ដែលកម្ពុជានឹងត្រូវធ្វើជាម្ចាស់ផ្ទះ។ ក្នុងឆ្នាំ២០២៣នោះ សម្តេចពិជ័យសេនា ទៀ​ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ ឆ្នាំ២០២៣ (CAMSOC) និងលោកថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងជាអនុប្រធាន CAMSOC ក៏នឹងមានវត្តមានផងដែរ ។
ក្នុងដំណើរទស្សនកិច្ចធ្វើឡើងតបតាមការអញ្ជើញរបស់ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ​​នៃព្រះរាជាណាចក្រក​ម្ពុជានេះលោកវ៉ាង យី នឹងអញ្ជើញចូលជួបសម្តែងការគួរសមចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង មានអាហារពេលព្រឹកជាមួយ លោកឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង។ ជាមួយនេះក៏មានជំនួបទ្វេភាគីជាមួយនិងលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ដើម្បីពិភាក្សាលើទិដ្ឋភាពផ្សេងៗនៃកិច្ចសហប្រតិបត្តិការទ្វេភាគី រួមមាន ការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ពាណិជ្ជកម្មនិងការវិនិយោគ ការអប់រំ សន្តិសុខនិងការពារជាតិ ព្រមទាំងបញ្ហាតំបន់ និងអន្តរជាតិដែលជាប្រយោជន៍ និងកង្វល់រួម ផងដែរ។
ជាមួយនេះសម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោកវ៉ាង យី ក៏នឹងអញ្ជើញធ្វើជាសាក្សី និងអធិបតី ក្នុងពិធីចុះហត្ថលេខាលើឯកសារទ្វេភាគីដ៏សំខាន់មួយចំនួនផងដែរ។
​មន្រ្តីការទូតកម្ពុជានិយាយថាដំណើរទស្សនកិច្ចផ្លូវការរបស់ លោកវ៉ាង យី មកកាន់កម្ពុជាលើកនេះ នឹងបន្តពង្រឹងបន្ថែមទៀតនូវមិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការនៃភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ រវាងប្រទេសទាំងពីរ ៕
ប្រសើរ

Leave a Reply

Your email address will not be published. Required fields are marked *