ភ្នំពេញៈ ប្រទេសទាំងពីរ កម្ពុជា និងសាធារណៈរដ្ឋសង្គមនិយមវៀតណាម បានប្រារព្ធខួបអនុវស្សារីយ៍លើកទី៥០ឆ្នាំរួមគ្នា នៃចំណងទំនាក់ទំនងការទូតទ្វេភាគី (ថ្ងៃទី២៤ មិថុនា ឆ្នាំ១៩៦៧ – ថ្ងៃទី២៤ មិថុនា ឆ្នាំ២០១៧)។
លោក ថាច់ យ៉ី ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម ប្រចាំកម្ពុជា ថ្លែងក្នុងពិធីអបអរសារទខួប៥០ឆ្នាំ នៃចំណងការទូត នាយប់ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៧ នៅសណ្ឋាគសូហ្វីតែលភ្នំពេញ ថាខួប៥០ឆ្នាំនៃទំនាក់ទំនងការទូតកម្ពុជា-វៀតណាម ផ្អែកលើមូលដ្ឋានទំនាក់ទំនងសាមគ្គីភាព មិត្តភាព ដែលមានស្រាប់ ហើយក្នុងគោលបំណងជំរុញទំនាក់ទំនងរវាងប្រទេសទំាងពីរ កាន់តែរីកចម្រើនទៅមុខ ដើម្បីផលប្រយោជន៍របស់ប្រជាជននៃប្រទេសទេសទំាងពីរ ថ្ងៃ២៤ ខែមិថុនា ឆ្នាំ១៩៦៧។
លោកអគ្គរដ្ឋទូត ក៏បានឲ្យដឹងក្នុងសារលិខិតរបស់លោក ហូ ជីមិញ ដែលជាអ្នកមគ្គុទេសដ៏គួរជាទីគោរពរបស់ប្រជាជនវៀតណាម បានផ្ញើជូនប្រមុខរដ្ឋសម្តេច ព្រះនរោត្តម សីហនុ បានសង្កត់ធ្ងន់ថា “នេះ គឺជាការបញ្ជាក់យ៉ាងឧត្តុងឧត្តមនៃចំណងមិត្តភាពដ៏សិ្នទ្ធស្នាល និងយុទ្ធសាមគ្គីភាព ហើយក៏ជាព្រឹត្តិការណ៍នៃប្រវត្តិសាស្ត្រក្នុងទំនាក់ទំនងរវាងវៀតណាម-កម្ពុជា និងជាកត្តាវិជ្ជាមាន ក្នុងការរក្សាសន្តិភាពក្នុងតំបន់អាស៊ីអាគ្នេយ៍”។
លោកបន្ថែមថា រយៈពេល៥០ឆ្នាំកន្លងមក យើងពិតជាមានការសម្បាយរីករាយ និងមោទនភាពខ្លាំងណាស់ពីការអភិវឌ្ឍន៍នូវទំនាក់ទំនងសាមគ្គីភាព មិត្តភាពកិច្ចសហប្រតិបត្តិការ និងការជួយគ្នាទៅវិញទៅមក រវាងប្រជាជាតិជិតខាងទំាងពីរ វៀតណាម-កម្ពុជា។
សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា បានមានប្រសាសន៍ថា ប្រជាជនកម្ពុជា និងវៀតណាម មានទំនាក់ទំនងនឹងគ្នាជាយូរលង់ណាស់មកហើយ តាំងពីមុនពេលបង្កើតទំនាក់ទំនងការទូតនៅក្នុងឆ្នាំ១៩៦៧ម្ល៉េះ។
សម្តេចបានបញ្ជាក់ថា “ប្រទេសយើងទំាងពីរ មានខ្សែព្រំដែនរួមយ៉ាងវែង ហើយបានប្រើប្រាស់ប្រភពទឹក និងអាស្រ័យផលពីទន្លេមេង្គដូចគ្នា។ ការប្រាស្រ័យទាក់ទងទៅវិញទៅមករវាងប្រជាជនទំាងពីរ លើគ្រប់វិស័យ ជាពិសេសនៅតាមបណ្តាយព្រំដែនមានការរីកចម្រើនគួរឲ្យកត់សម្គាល់។ ទំនាក់ទំនងមិត្តភាពជាប្រពៃណីរវាងប្រទេសទំាងពីរ ត្រូវបានពូនជ្រុំឡើងថែមទៀត ដោយស្នាព្រហស្នរបស់ព្រះករុណា ព្រះបាទសម្តេច ព្រះនរោតត្តម សីហនុ និងអតីតថ្នាក់ដឹកនាំបក្ស និងរដ្ឋាភិបាលវៀតណាម ហើយបន្តស្ថិតស្ថេរ និងចាក់ឫសក្នុងទឹកចិត្តនៃប្រជាជនគ្រប់រូប ប្រកបដោយមនោសញ្ចេតនាយ៉ាងជ្រាលជ្រៅបំផុត”។
សម្តេចបានសង្កត់ធ្ងន់ថា “ខ្ញុំបានកត់សម្គាល់ដោយការពេញចិត្តចំពោះការរីកចម្រើននៃចំណងសាមគ្គីភាព មិត្តភាពជាប្រពៃណីរវាងប្រទេស និងប្រជាជនយើងទំាងពីរ ដូចដែលស្តែងឲ្យឃើញតាមរយៈការផ្លាស់ប្តូរទស្សនកិច្ចរវាងថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ជាញឹកញាប់ និងការកើនឡើងនៃកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ ហើយបន្តរួមគ្នាជំរុញឲ្យកាន់តែស៊ីជម្រៅ ស្របតាមពាក្យស្លោក «ភាពជាអ្នកជិតខាងល្អ បងប្អូនល្អ មិត្តភាពជាប្រៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ»”។
សម្តេចបន្តថា ក្នុងនាមជាសមាជិកនៃគ្រួសារអាស៊ានដូចគ្នា ជាមួយនឹងទស្សនៈវិស័យ និងបំណងប្រាថ្នាករួម យើងតែងធ្វើការយ៉ាងជិតស្និទ្ធជាមួយគ្នា សំដៅរួមចំណែកដល់សន្តិភាព ស្ថេរភាព និងវិបុលភាព រួមទាំងក្នុងតំបន់ និងសកលលោក.
ជាមួយគ្នានោះដែរ សម្តេច សាយ ឈុំ ក៏បានថ្លែងថា ក្នុងខណៈដែលទំនាក់ទំនងនយោបាយត្រូវបានលើកម្ពស់យ៉ាងសកម្ម ទំនាក់ទំនងសេដ្ឋកិច្ច វិនិយោគ និងពាណិជ្ជកម្មរវាងកម្ពុជា និងវៀតណាម ក៏បានកើនឡើងគួរឲ្យកត់សម្គាល់។ ជាក់ស្តែង ឆ្នាំ២០១៦កន្លងមក ទំហំពាណិជ្ជកម្មប្រទេសទាំងពីរ សម្រេចបានជិត៣ពាន់លានដុល្លារអាមេរិក ហើយក៏មាននិន្នាការកើនឡើងកាន់តែខ្ពស់ទៀត ដោយថ្នាក់ដឹកនាំបានប្តេជ្ញាជំរុញពាណិជ្ជកម្មទ្វេភាគីឲ្យកើនឡើងដល់៥០០០លានដុល្លារនាឆ្នាំខាងមុខ និងរឹតចំណងសាមគ្គីភាពកាន់តែខ្លាំងក្លាថែមទៀត ៕ ប្រសើរ
