ភ្នំពេញៈ លោក សួន សេរីរដ្ឋា ប្រធានគណបក្ស បក្សអំណាចខ្មែរ ត្រូវនគរបាលក្រសួងមហាផ្ទៃ ចាប់ខ្លួនកាកពីរសៀល ថ្ងៃទី ១៣ សីហាម្សិលមិញនេះ នៅខណ្ឌព្រែកព្នៅ គ្រាដែលរុបលោកវិលត្រឡប់មកពីខេត្ត ចូលរាជធានីវិញ។ លោក សួន សេរីរដ្ឋា ត្រូវចាប់ខ្លួនបន្ទាប់ពី រូបលោកបានបង្ហោះកាលពីថ្ងៃសៅរ៍ម្សិលមិញថា “សាមកុក របស់លោក ហ៊ុន សែន កំពុងបែកកុក! សេនាប្រមុខ ដាក់បញ្ជាឲ្យកងទ័ពត្រៀមប្រយុទ្ធ ដាក់ឱសានវាទឲ្យសត្រូវ… តែឱនក្បាលចូលបន្ទាយសត្រូវដើម្បីសុំចរចា!”។
ហ្វេសប៊ុកដដែល បានសរសេរខ្លឹមសារផ្សាយទៀតថា “ពេលសង្គ្រាមកើតឡើងជាមួយនឹងប្រទេសលាវនោះ លទ្ធផលវាហ្នឹងមិនខុសពីសង្គ្រាមដែលកើតឡើងជាមួយនឹងប្រទេសសៀមទេ ! គឺ កូនខ្មែរ កងទ័ពជាតិ នឹងស្លាប់ក្នុងសមរភូមិយ៉ាងវេទនា… ហើយមេទ័ពចោរ នឹងឡើងបុណ្យសក្តិ ប្រមូលបានលុយកាក់ សប្បាយជាមួយស្រីញីយ៉ាងគគ្រឹកគគ្រេង!។ តែទោះបីយ៉ាងណា និងទោះបីជាយើងដឹងថា វាជាសង្គ្រាមដើម្បីដំឡើងមុខដំឡើងឋានៈ បំពាក់ខ្លួនឥស្សរៈចោរ បន្លំឲ្យក្លាយទៅជាឥស្សរៈជនបំភាន់យើងក៏ដោយ… ក៏សូមពលរដ្ឋខ្មែរ យុវជនខ្មែរ ត្រូវរួមសាមគ្គីគ្នាលើកទឹកទឹកចិត្ត និងជួយគ្រប់យ៉ាងដែលអាចជួយបានដល់កងទ័ពជាតិរបស់យើង ដែលតែងយកទ្រូងទៅពាំងគ្រាប់រំសេវ ដើម្បីបុព្វហេតុការពារទឹកដីពិតប្រាកដ”។
ការបង្ហោះខ្លឹមសារខាងលើនេះ កងកម្លាំងប្រដាប់អាវុធជាច្រើននាក់ បានប្រតិកម្មនឹងសម្ដីរបស់លោក សួន សេរីរដ្ឋា មេបក្សអំណាចខ្មែរ ដោយពួកគេបានចាត់ទុកថា លោក សួន សេរីរដ្ឋា កំពុងជាន់ឈ្លីកងទ័ពខ្មែរទាំងអស់។ ការប្រតិកម្មដោយជំហរបែបនេះ បន្ទាប់ពីលោក សួន សេរីរដ្ឋា បានរិះគន់ធ្ងន់ៗ ទៅលើនាយករដ្ឋមន្រ្តីកម្ពុជា តាមបណ្តាញសង្គមហ្វេសប៊ុក រហូតដល់មានការចាប់ឃាត់ខ្លួនរូបលោក។
អ្នកនាំពាក្យក្រសួងការពារជាតិ ឧត្តមសេនីយឯក ឈុំ សុជាតិ ថ្លែងប្រាប់អង្គភាពសារព័ត៌មាន CAM POST នៅល្ងាចថ្ងៃអាទិត្យ ទី១៣ ខែសីហានេះថា កងទ័ពទាំងមូល បានប្រតិកម្មចំពោះលោក សួន សេរីរដ្ឋា។
បើតាមលោកផ្កាយ៣ ឈុំ សុជាតិ ៖ “វាមិនមែនឈាមខ្មែរទេ អាហ្នឹងឈាមឈ្លើងហ្មង …..មើលងាយកងទ័ព គេពលីជីវិត ដើម្បីការពារជាតិ ការពារសមរភូមិ….. វាមើលងាយ…. មើលងាយ ប៉ុណ្ណឹង”។
លោក ឈុំ សុជាតិ ប្រាប់ទៀតថា “ខ្ញុំគាំទ្រកងទ័ពទាំងអស់ ដែលនៅសមរភូមិមុខថ្កោលទោសយ៉ាងធ្ងន់ធ្ងរចំពោះបុគ្គល សួន សេរីរដ្ឋា ដែលប្រមាថកាបទានចំពោះកងទ័ព និងមេទ័ពទាំងអស់ ដែលនៅព្រំដែន”។ លោកចាត់ទុកថា អំពើដែលលោក សួន សេរីរដ្ឋា ធ្វើមិនអាចអត់ឱនឲ្យបានឡើយ ដោយសារតែគាត់មើលងាយកងទ័ព ដល់ថ្នាក់ដឹកនាំកងទ័ពរបស់ក្រសួងការពារជាតិ និងមើលងាយរដ្ឋាភិបាល ៕ ប្រសើរ