ភ្នំពេញ ៖ ជនសង្ស័យ២នាក់ អង្គុយលក់គ្រឿងញៀននៅលើតូប ហាក់បីដូចជាអង្គុយលក់ត្រី សាច់ គ្មានខ្លាចញញើត អ្វីទាំងអស់ តាមផ្លូវក្នុងភូមិ ទីបំផុតកម្លាំងអន្តរាគមន៍ខណ្ឌពោធិសែនជ័យ ល្បាតប្រទះជួប ក្របួចបាន២នាក់ កាលពីវេលាម៉ោង២និង៥០នាទីរសៀល ថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្ថិតនៅក្នុងភូមិថ្មគោល១ សង្កាត់ចោមចៅ២ ខណ្ឌពោធិសែនជ័យ។
ជនសង្ស័យ ជាមុខសញ្ញាជួញដូរថ្នាំញៀនទាំង២នាក់ ឃាត់ខ្លួនបាន ទី១ ឈ្មោះ ផាត ចំរើន ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅ កន្លែងកើតហេតុ ដកហូតបានថ្នាំញៀន១០កញ្ចប់ ។ ទី២ ឈ្មោះ ម៉េត សំបូរ ភេទប្រុស ៣៨ឆ្នាំ មុខរបរ ចាក់មេក្រូ មានទីលំនៅ ក្បែរកន្លែងកើតហេតុ ដកហូតបានថ្នាំញៀន៦កញ្ចប់ ។
តាមប្រភពព័ត៌មានពីកម្លាំងនគរបាលបានឲ្យដឹងថា ក្រោមបញ្ជារបស់លោក វរសេនីយ៍ឯក យឹម សារ៉ាន់ អធិការខណ្ឌពោធិ៍សែនជ័យ ជម្រុញឲ្យកម្លាំង បណ្តាលជំនាញ ពាក់ព័ន្ធក្នុងខណ្ឌយកចិត្តទុកដាក់ បង្កានិងបង្ក្រាបរាល់បទល្មើស ក្នុងមូលដ្ឋាន ដើម្បីធានាសុវត្តិភាព សន្តិសុខជូនប្រជាពលរដ្ឋ ទើបកម្លាំងអន្តរាគមន៍ខណ្ឌ ចុះល្បាតក្នុងមូលដ្ឋាន ប្រទះឃើញជនសង្ស័យ នៅអង្គុយដាក់លក់ថ្នាំញៀនលើតូប ដូចអង្គុយលក់ត្រី បង្ក្រាបចាប់ខ្លួនបាន២នាក់ ដកហូតថ្នាំសរុបចំនួន១៦កញ្ចប់ និងសម្ភារៈមួយចំនួនទៀត ។
ជនសង្ស័យទាំង២នាក់ ក្រោយពីឃាត់ខ្លួនបាន នាំទៅសាកសួរនៅផ្នែកជំនាញអធិការដ្ឋានខណ្ឌ ដើម្បីកសាងសំណុំរឿង តាមនីតិវិធី ៕៩៨សែនជ័យ