



ភ្នំពេញ៖ ក្រុមចោរចំនួន៣នាក់ បានធ្វើសកម្មភាពមកគៀរនិងធាក់ផ្តួលម៉ូតូ របស់អ្នកគ្រូបង្រៀនម្នាក់បានសម្រេចហើយជិះរត់ តែរត់មិនរួចពីអន្ទាក់របស់សមត្ថកិច្ចនិងប្រជាពលរដ្ធដេញស្ទាក់ចាប់បាន២នាក់ វាយឡើងទ្រោមខ្លួន ហេតុការណ៍នេះបានបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៨និង២០នាទីព្រឹក ថ្ងៃទី០៨ ខែវិចិ្ឆកា ឆ្នាំ២០១៧ ដែលស្ថិតនៅត្រង់ចំណុចផ្លូវលំ ភូមិថ្នល់បន្ទាយ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ ។
ជនសង្ស័យទាំង២នាក់ខាងលើទី១-ឈ្មោះ ជួន ធី ហៅម៉ាប់ ភេទប្រុស អាយុ ៥០ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិម្រេះពេន ឃុំម្រេះពេន ស្រុកសំរោង ខេត្តតាកែវ និងទី២-ឈ្មោះ គឹម ទីននីន ហៅទីន ភេទប្រុស អាយុ ៣០ឆ្នាំ មុខរបរ មិនពិតប្រាកដ (ទើបតែចេញពីពន្ធធាគាររយៈពេល១ខែពីបទ ឆក់កាបូប) ស្នាក់នៅម្តុំលូ៥ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។ ចំណែកឯស្ត្រីរងគ្រោះមានឈ្មោះ ផាន់ ចន្តា អាយុ ៣២ឆ្នាំ មុខរបរ គ្រូបង្រៀន ស្នាក់នៅភូមដើមច័ន្ទ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ ។
បើតាមសម្ដីរបស់ជនរងគ្រោះបានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះបានឌុបកូនក្មួយប្រុស២នាក់អាយុ ៤ឆ្នាំដោយចេញពីផ្ទះ ក្នុងគោលបំណងជូនកូនក្មួយទៅរៀន ហើយចែកសៀវភៅអោយសិស្សនៅវិទ្យាល័យ បឹងព្រៃ បន្ទប់ពីចែកសៀវភៅអោយសិស្សរួច រូបគាត់បានជិះម៉ូតូម្នាក់ឯងចេញពីសាលាខាងលើ ដើម្បីទៅបង្រៀនសិស្សនៅសាលាព្រះយេស៊ូវមួយកន្លែងទៀត ខណៈដែលជិះបានចម្ងាយប្រហែល ១០០ម៉ែត្រពីសាលា ស្រាប់តែមានជនសង្ស័យចំនួន ៣នាក់បានម៉ូតូ មួយគ្រឿងមិនចាំម៉ាកតាមក្រោយ។ហើយមកដល់ចំណុចកើតហេតុពួកគេបានជិះគៀរម៉ូតូរបស់ស្ត្រីរងគ្រោះបណ្តាលអោយដួល ហើយបក្ខពួកជនសង្ស័យម្នាក់ដែលជិះខាងក្រោយបានស្ទុះលាតចុះពីលើម៉ូតូពួកគេ ហើយទៅលើកម៉ូតូជនរងគ្រោះ ដើម្បីលើកជិះ ហើយជនរងគ្រោះបានស្រែកឆោឡោអោយគេជួយភ្លាមៗនោះ ជនសង្ស័យដែលលើកម៉ូតូជនរងគ្រោះនោះ បានវាយទៅចំមុខស្ត្រីរងគ្រោះមួយដៃបណ្តាលអោយដួល រួចហើយក៏បានគំរាមទៅស្ត្រីរងគ្រោះខាងលើ និងប្រាប់ទៅបក្ខពួកថា អោយយកកាំភ្លើងមកបាញ់ ហើយពេលនោះ ជនរងគ្រោះក៏លែងស្រែកឆោឡោ ខ្លាចពួកវាបាញ់សម្លាញ់ រួចមកជនសង្ស័យទាំង ៣នាក់បាននាំគ្នាយកម៉ូតូជនរងគ្រោះជិះគេចខ្លួនបាត់ ។
ក្រោយទទួលបានពាក្យបណ្តឹងពីជនរងគ្រោះ សមត្ថកិច្ចខណ្ឌព្រែកព្នៅ បានសហការជាមួយសមត្ថកិច្ចប៉ុស្តិ៍ពន្សាំង ធ្វើការដេញតាមជនសង្ស័យទាំង ៣នាក់នោះភ្លាមៗ រហូតមកដល់ចំណុចមុខផ្សារព្រែកព្នៅ ទើបកម្លាំងសមត្ថិច្ចឃាត់ខ្លួនបានជនសង្ស័យ២នាក់ និងដកហូតបានម៉ូតូជនរងគ្រោះមក ចំណែកឯបក្ខពួកគេម្នាក់ទៀតបានរត់គេចខ្លួនបាត់។
បច្ចុប្បន្នជនសង្ស័យទាំង សមត្ថកិច្ចខណ្ឌព្រែកព្នៅបានធ្វើឯកសារប្រគល់ម៉ូតូទៅអោយជនរងគ្រោះវិញ។ ចំណែក២នាក់ខាងលើ ត្រូវបានសមត្ថកិច្ចឃុំខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅ ដើម្បីកសាងសំណុំរឿងចាត់ការបន្តតាមនីតិវិធីច្បាប់ ៕បញ្ញា